ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ប្រធាន អនុប្រធាន និង អគ្គព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍​តំបន់ ត្រូវបានតែងតាំង​និង​រៀបចំឡើង​
21, Feb 2020 , 10:19 pm        
រូបភាព
លោក ម៉ុង មុនីចរិយា ស្ថិតក្នុងសម្លៀកបំពាក់ចៅក្រម (រូបពីទំព័រហ្វេសប៊ុកនៃសាលាដំបូងខេត្តព្រៃវែង) និង លោក សម ប៊ុនថុន (រូបពីគណនីហ្វេសប៊ុក Bunthonn Sam)
លោក ម៉ុង មុនីចរិយា ស្ថិតក្នុងសម្លៀកបំពាក់ចៅក្រម (រូបពីទំព័រហ្វេសប៊ុកនៃសាលាដំបូងខេត្តព្រៃវែង) និង លោក សម ប៊ុនថុន (រូបពីគណនីហ្វេសប៊ុក Bunthonn Sam)
ដោយ: ថ្មីៗ
​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ព្រះមហាក្សត្រ ទ្រង់​ចេញ​ព្រះរាជក្រឹត្យ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រាស់បង្គាប់​តែងតាំង​ប្រធាន​និង​អនុប្រធាន​នៃ​សាលាឧទ្ធរណ៍​តំបន់​ទាំង​៣ គឺ ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ ដែល​ទើបនឹង​បង្កើតឡើង​។ 


 
​លោក ម៉ុង មុនី​ចរិយា ដែល​បច្ចុប្បន្ន ជា​ប្រធាន​សាលាដំបូង​ខេត្តព្រៃវែង នឹង​ទៅធ្វើជា​ប្រធាន​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ដោយមាន​លោក វ៉េង ប៊ុនធឿន ជា​អនុប្រធាន​។ 
 
​នៅ​សាលាឧទ្ធរណ៍​បាត់ដំបង គឺ​លោក សម ប៊ុន​ថុ​ន ជា​ប្រធាន ហើយ​លោក ធូ មណី ជា​អនុប្រធាន​។ លោក សម ប៊ុន​ថុ​ន ធ្លាប់ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ 
 
​រីឯ សាលាឧទ្ធរណ៍ព្រះសីហនុ មាន​លោក ប៉ាក ច័ន្ទ​សំបូរ ជា​អនុប្រធាន​។ ក្នុង​ព្រះរាជក្រឹត្យ ពុំទាន់​ឃើញ​មាន​តែងតាំង​ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ​នោះទេ​។​
 
​ដោយ​ផ្នែក​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ដដែល ព្រះមហាក្សត្រ ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​មួយទៀត តែងតាំង​អគ្គព្រះរាជអាជ្ញា អគ្គ​ព្រះរាជអាជ្ញារង និង ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ទាំង​៣​នេះ​។  
 
​លោក ហួត វុទ្ធី ជា​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ដោយមាន​លោក តន់ សីហ​តេជ ជា​អគ្គ​ព្រះរាជអាជ្ញារង ហើយ​លោក កុល បុ​ន និង លោក ស្រី ម៉ា​កនី ជា​ព្រះរាជអាជ្ញា​។​
 
​លោក សរ យស​ថាវរៈ ជា​អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ព្រះសីហនុ អមដោយ​លោក យូ ទិ​ត្យ​វឌ្ឍនៈ ជា​អគ្គ​ព្រះរាជអាជ្ញារង រួមទាំង​ព្រះរាជអាជ្ញា​៣​រូប គឺ លោក ខៀវ ផល្លា លោក ផាន់ សុភ័ក្ត្រ និង លោក ស៊ឺ វណ្ណ​នី​។​
 
​ចំពោះ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង​វិញ មានតែ​ព្រះរាជអាជ្ញា​៣​រូប​សិន​ប៉ុណ្ណោះ គឺ លោក រៀម ចន្ទ​ម្នី លោក ហេង លុយ និង លោក ហ៊ឹង ប៊ុនថន ដោយ​អគ្គព្រះរាជអាជ្ញា និង អគ្គ​ព្រះរាជ​រង នៅ​មិនទាន់​ឃើញ​តែងតាំង​ក្នុង​ព្រះរាជក្រឹត្យ​ឡើយ​។  
 
​ដោយឡែក ចៅក្រម ក្រឡាបញ្ជី និង មន្ត្រី​តាម​ផ្នែក​ផ្សេងៗ​ទៀត នៃ​សាលាឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ទាំង​៣​នេះ ក៏​មិនទាន់​ឃើញ​មានការ​តែងតាំង​និង​រៀបចំ​ដែរ​។ 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​យ៉ាងខ្លី​ថា​៖«​ប្រហែលជា​មិនទាន់​អាច​តែងតាំង​ម្តង​ទាំងអស់​បាន​»​។ 
 
​លុះត្រាតែ​ដល់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ ទើប​សាលាឧទ្ធរណ៍​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​តំបន់​ទាំង​៣​នេះ ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​។ នេះ​បើតាម​ព្រះរាជ្យក្រឹត្យ ដែល​ចេញ​កាលពី​ខែសីហា ឆ្នាំ​២០១៩៕ 
 

Tag:
 សាលាឧទ្ធរណ៍​តំបន់
© រក្សាសិទ្ធិដោយ thmeythmey.com