ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ប្រាសាទបន្ទាយទ័ព នៅខេត្តបន្ទាយមានជ័យ ដែលគេមិនសូវស្គាល់
× បន្ទាយមានជ័យ៖ ប្រាសាទបន្ទាយទ័ព ស្ថិតក្នុងភូមិថ្នល់ដាច់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណ ១៣គីឡូម៉ែត្រពីប្រាសាទបន្ទាយឆ្មារ។ បើតាមលោក គិត សុគួន ប្រាសាទបន្ទាយទ័ពនេះ មិនសូវមានភ្ញៀវទេសចរស្គាល់ និងមកទស្សនានោះទេ ព្រោះភ្ញៀវទេសចរភាគច្រើន ទៅទស្សនាតែប្រាសាទបន្ទាយឆ្មារដែលនៅជិតនោះប៉ុណ្ណោះ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក គិត សុគួន មគ្គុទេសក៍ទេសចរណ៍នៃសហគមន៍ទេសចរណ៍បន្ទាយឆ្មារដូចតទៅ៖
ក្នុងបរិវេណប្រាសាទបន្ទាយទ័ព ហាក់មិនសូវមានភ្ញៀវទេសចរមកទស្សនាឡើយ។ ប្រាសាទបន្ទាយទ័ព កសាងដោយប្រើប្រាស់ថ្មមានក្បាច់ចម្លាក់ស្រាប់ ជាថ្មរបស់ប្រាសាទចាស់ណាមួយនៅក្បែរនោះ និងមានប្រាង្គធំៗ ខ្ពស់ៗមានកម្ពស់ប្រហែល៣៥ម៉ែត្រ។ ប្រាសាទនេះ មានប្រាងចំនួន៥ ប្រាង្គធំនៅកណ្ដាល រីឯប្រាង្គតូចបួនផ្សេងទៀតនៅចំទិសទាំងបួន មាននាទីជាខ្លោងទ្វារ ហើយភ្ជាប់មកប្រាង្គកណ្ដាលដោយរោងទង។
មគ្គុទេសក៍ទេសចរនៃសហគមន៍ទេសចរណ៍បន្ទាយឆ្មារ លោក គិត សុគួន បញ្ជាក់ថា៖ «ខ្ញុំគិតថាប្រាសាទបន្ទាយទ័ពនេះ មានសារសំខាន់ គឺអាចស្វែងយល់អំពីរចនាប័ទ្មនៃប្រាសាទរបស់ព្រះបាទជ័យវរ្ម័នទី៧។ ការខុសប្លែកពីប្រាសាទមួយទៅប្រាសាទមួយ និងបន្សល់ទុកពិដានឈើដែលសល់ពីបុរាណខ្ទង់៨០០ឆ្នាំ»។
បើតាមលោក គិត សុគួន ប្រាសាទបន្ទាយទ័ព ត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧ សម្រាប់ជាទីសក្កាបូជា។ ប្រាសាទបន្ទាយទ័ពនេះ ត្រូវបានបាក់បែក ដោយសារកត្តាធម្មជាតិ និងមិនសូវមានអ្នកថែទាំ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គិត សុគួន បន្តថា៖ «បច្ចុប្បន្ន ប្រាសាទបន្ទាយទ័ព មានប៉ូលិសបេតិកភណ្ឌប្រចាំប្រាសាទ នៅយាម ដើម្បីជួយពិនិត្យ និងការពារនៅក្នុងបរិវេណប្រាសាទ»៕
Tag:
ប្រាសាទបន្ទាយទ័ព
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com