បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ សម្តេចឪ​ស្ថិតនៅក្នុង​ក្រអៅបេះដូង​របស់​ពលរ​ដ្ឋ​ខ្មែរ​ជានិច្ច
15, Oct 2013 , 11:47 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣នេះ ជា​ថ្ងៃ​គម្រប់​ខួប​មួយឆ្នាំ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតនកោដ្ឋ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​ព្រះ​បរម​រូប និង​ព្រះ​បរម​បដិមា​ព្រះ​បរម​រតន​កោដ្ឋ សួនច្បារ​ខាង កើត​វិមានឯករាជ្យ។ ទោះបី​ព្រះអង្គ​សម្តេចឪ បាន​ឃ្លាតឆ្ងាយ​ពី កូន ចៅ អស់​រយៈពេល៣៦៥ថ្ងៃ​ទៅហើយ​ក្តី ក៏​កូន ចៅ នៅតែ​ចងចាំ​នូវ​រាល់​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​គ្មាន​ថ្ងែ​បំភ្លេច​បានឡើយ។


នៅថ្ងៃនេះ អ្នក​ដែល​មិនបាន​ចូលរួម​ដល់ទី​តាំង​ព្រះ​រាជពិធី ក៏បាន​ចូលរួម​សម្តែង​ការគោរព​ដល់ ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ពី​ចម្ងាយ និង​តាមរយៈ​បណ្តាញ​សង្គម​មួយចំនួន​ផងដែរ។

ចំរៀង​មួយ​បទ​ដែល​សម្តេចឪ បាន​បន្សល់ទុក​ឲ្យ​កូនចៅ​ជា​លើកចុងក្រោយ ក្រោយ​ចំណងជើង ថា«លា​ហើយ​កម្ពុជា» ដ៏​ពិ​រោះ​រណ្តំ​ចិត្ត និង​ពោ​ពេញ​ទៅដោយ​អត្ថន័យ បាន​ឆ្លា​ក់ជាប់​ក្នុង​ក្រអៅបេះដូង របស់​កូន​ខ្មែរ​គ្រប់រូប​គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ។

លោក ចំរើន បាន​សម្តែង​អារម្មណ៍​ថា៖«ខ្ញុំ​នៅតែ​នឹក​ស្រណោះ​ដល់​ព្រះអង្គ នៅតែ​ចូលចិត្ត​ស្តាប់​បទ ចំរៀង​របស់​ព្រះអង្គ (លា​ហើយ​កម្ពុជា)»។

រក្សាទុក​បទ​ចំរៀង​របស់​ព្រះអង្គ នៅជាប់​ក្នុង​ទូរស័ព្ទ ហើយក៏​តែង​ចាក់​ស្តាប់​ជា​ញឹកញាប់​ផងដែរ​នោះ លោក ចាន់ សម្បត្តិ វ័យ២៥ឆ្នាំ បាន​សម្តែង​ការ​នឹករ​ឮ​កថា៖«ខ្ញុំ​តែង​មើលរូប​របស់​ព្រះអង្គ​នៅក្នុង ទូរស័ព្ទ​ខ្ញុំ។ បទ​ចំរៀង​របស់​ព្រះអង្គ​ពិ​រោះ មាន​អត្ថន័យ​ណាស់»។

បុរស​វ័យ៣២ឆ្នាំ ជា​ទន្តពេទ្យ រៀបរាប់ថា៖«ខ្ញុំ​រក្សា​រូបភាព​របស់​ព្រះអង្គ​ទុកជា​អនុ​ស្សវ​រី​ច្រើនណាស់។ ព្រះអង្គ​ជាម​ហា​វិ​រក្ស​ត្រ​របស់​ខ្មែរ ព្រះ​អង្គជា​ម្លប់​ដ៏​ត្រជាក់»។

យុវជន លន់ វិ​បុត្រ ជា​និស្សិត​ឆ្នាំ​ទី៣ ឲ្យ​ដឹង​ដែរ​ថា៖«ពេល​នឹក​គាត់ម្តងៗចង់តែ​យំ។ ខ្ញុំ​មិន​ភ្លេច​បទ (លា​ហើយ​កម្ពុជា) ឡើយ ពេល​ស្តាប់ម្តងៗចង់តែ​យំ...»។

លោក ឃួន វិ​រៈ ម្នាក់ទៀត ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ បាន​សម្តែង​ទឹកចិត្ត​ថា៖«ខ្ញុំ​តែង​នឹក  តែង​រំ ឮ​ក​ដល់​ស្នាដៃ ដល់​ស្នាមញញឹម​របស់​ព្រះអង្គ»។ ចំណែកឯ កញ្ញា រស្មី ជា​គ្រូពេទ្យ បាន​ឲ្យ​ដឹង​ដែរ​ថា៖«បទ​លា​ហើយ​កម្ពុជា ខ្ញុំ​ច្រៀង​ឡើង​ចាំ​ទៅ ហើយ...»។

គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​មួយចំនួន​ក៏បាន​សម្តែង​ក្តី​នឹករឭក​ដល់​ព្រះអង្គ​សម្តេចឪ តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ផងដែរ។ ដោយ​អ្នក​មួយចំនួន​បាន ប្តូរ​រូបភាព​នៅលើ​គណនី​យ​របស់ខ្លួន ដាក់​រូប​ព្រះអង្គ សម្តេចឪ។ ចំណែកឯ​អ្នក​មួយចំនួនទៀត ក៏បាន​សរសេរ​ជា​សារ​រំលែក​ទុក្ខ រំ​ឮ​ក​គុណ និង​ពាក្យពេចន៍ ជាច្រើន​ទៀត​បង្ហោះ​លើ​គេហទំព័រ​នេះ​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com