បទយកការណ៍ / បទសម្ភាសន៍
ជាតិ
លោកយាយ កែវ ថន រម្លឹក​អនុស្សា​វរីយ៍​នៅក្នុង​កងនារីក្លាហានរ​បស់​សម្ដេចឪ
15, Oct 2013 , 11:53 am        
រូបភាព
ដោយ:
ភ្នំពេញ៖ «សម្ដេចឪ ទ្រង់​ជា​ស្ដេច​មួយអង្គ​ដែល​បាន​សាង​នូវ​អនុស្សា​វរីយ៍ជាច្រើន​រាប់មិនអស់​ជាមួយ​ប្រជារាស្ត្រ។ ខ្ញុំ​បាន​ស្គាល់​រាជធានី​ភ្នំពេញ បាន​ស្គាល់​ព្រះបរមរាជវាំង ក៏​ដោយសារ​ព្រះអង្គ​ដែរ។ អ្វីដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​នោះ គឺ​ការ​ចូលធ្វើ​កងនារីក្លាហាន កាលពី​អំឡុង​ឆ្នាំ១៩៤៧ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​បារាំង​ជាមួយ​ព្រះអង្គ»។ នេះ​គឺជា​ការ​ថ្លែង​របស់​អតីត​កងនារីក្លាហាន​ម្នាក់ ដែល​បាន​ចូលខ្លួន​ធ្វើ​កងជីវពល​របស់​ស​ម្ដេច​ឪ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​បារាំង។


មាន​ស្រុកកំណើត​នៅ ភូមិ​ថ្ម​គរ ភូមិ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្ដាល លោកយាយ កែវ ថន បាន​មានប្រសាសន៍ប្រាប់​គេហទំព័រថ្មីៗថា៖« ក្នុងអំឡុង​ឆ្នាំ១៩៤៧ ស្រុក​ល្វាឯម​របស់ខ្ញុំ ត្រូវបាន​គេ ជ្រើសរើស​មនុស្ស១២នាក់​ជានារីៗ ឲ្យ​ហាត់​ដើម្បី​ចូលធ្វើ​កងជីវពល។ ដោយ​ស្រលាញ់​សម្ដេចឪ និង​ដោយ​មានការ​ជម្រុញ​ពី​ម៉ែ និង​ពុក​ផង​នោះ ខ្ញុំ​និង​បងស្រី​ខ្ញុំ​ម្នាក់ទៀត បានសម្រេច​ចិត្ត​សុំចូល​ហាត់​ជាមួយ​គេ»។

ចាប់ផ្ដើម​ការហ្វឹកហាត់
«ខ្ញុំ​ចូល​ហាត់​កាល​មាន​អាយុ១៤ ទៅ១៥ឆ្នាំ ។ ខ្ញុំ​ដឹង! កាលនោះ​សម្ដេច​លោក បានដាក់​ផែនការ​ថា ឲ្យ​យុវជន យុវនារី​តាម​ភូមិ​ស្រុក​ចូលធ្វើ​កង​ជី​ពល​នារីក្លាហាន ដើម្បី​ចូលរួម​ដេញ​បារាំង និង​ជប៉ុន​ជាមួយ​ព្រះអង្គ និង​ទាមទារ​ឯករាជ្យ»។ គាត់​មានប្រសាសន៍​ដោយ​ភ្នែក​សំឡឹង​ទៅ​ឆ្ងាយ។ គាត់​បន្តថា៖« កាលនោះ​យើង​ហាត់​ជាមួយ​កាំភ្លើង​ឈើ ដែល​ប៉ូលីស​ស្រុក​គេ​ធ្វើ​ឲ្យ។ ស្រីៗត្រូវបាន​គេ​ត​ម្រូ​ង​ឲ្យ​ស្លៀក​សម្ព​ត់​អាស៊ី​ប​ស្វា​រ៉េ​ពណ៌​ខ្លឹម​ខ្នុរ ជាមួយ​អាវ​ស»។

ការហ្វឹកហាត់​ត្រូវបាន​ពង្រឹង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចាប់តាំងពី​ឆ្នាំ១៩៤៧ រហូតដល់​ឆ្នាំ១៩៥៣ ។ លោកយាយ កែវ ថន បាន​អះអាង នៅក្នុង​អំឡុងពេល​ហ្វឹកហាត់​ជាង៦ឆ្នាំ​នោះ កងនារីក្លាហាន មិនដែល​ត្រូវបាន​គេ​យក​ឲ្យ​ទៅធ្វើ​សង្គ្រាម ឬ​តទល់​ជាមួយ​បារាំង ឬ​ជប៉ុន​ម្ដងណា​ឡើយ។

ស្ត្រី​វ័យ៨១ឆ្នាំ​រូបនេះ​រំលឹក​ឲ្យ​ដឹងថា៖« យើង​មិនដែល​ស្គាល់​សង្គ្រាម ឬ​ការបាញ់បោះ​នោះទេ ព្រោះ​យើង​ហាត់​តែ​ជាមួយ​កាំភ្លើង​ឈើ។ បើតាម​ខ្ញុំ​គិត ការហាត់​របស់​យើង​នេះ មិន​មែ​ដើម្បី​ធ្វើសង្គ្រាម ឬ​ច្បាំង​ជាមួយ​បារាំង​នោះទេ ប៉ុន្តែ​សម្ដេចឪ​លោក​ចង់​ឲ្យ​បារាំង​ឃើញតែ​ម្ដងថា ខ្មែរ​ចង់បាន​ឯករាជ្យ ខ្មែរ​មានតែ​កាំភ្លើង​ឈើ​តែប៉ុណ្ណោះ»។

ធ្វើដំណើរ​ទៅ​ហែរ​ក្បួន​នៅ​ភ្នំពេញ ដើម្បី​អបអរ​ថ្ងៃ​ឯករាជ្យ
ឆ្នាំ១៩៥៣ ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ជា​ស្ថាពរ​ពី​អាណាព្យាបាល​បារាំង។ ដើម្បី​សម្ដែង​ការអបអរសាទរ​នោះ សម្ដេចព្រះ​នរោត្តម សីហនុ បានរៀបចំ​នូវ​ព្រះរាជ​ពិធី​មួយ​ដ៏​ធំ​នៅមុខ​ព្រះបរមរាជវាំង។ ក្រុម​កងជីវពល​នារីក្លាហាន ដែល​ហ្វឹកហាត់​ជាង៦ឆ្នាំ​នោះ ត្រូវបាន​ចាត់​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ ដោយ​តម្រូវ​ឲ្យ​ដើរ​ជា​ក្បួន​នៅមុខ​ព្រះរាជវាំង។ កងនារីក្លាហាន​ប្រចាំ​ស្រុក​ល្វាឯម​ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នោះ​ផងដែរ។

សម្រាប់​កង​ជី​ពល​នារីក្លាហាន​ស្រុក​ល្វាឯម លោកយាយ កែវ ថន ថ្លែង​ឲ្យ​ដឹងថា៖« យើង​ត្រូវបាន​គេ​ដឹក​ទៅ​សម្រាក​នៅ​ភ្នំពេញ​មួយថ្ងៃ​មុន​ព្រះ​រាជពិធី​ចាប់ផ្ដើម។ ក្រុម​ស្រុក​ល្វាឯម​បាន​ទៅ​សម្រាក​នៅ​ម្ដុំ​ផ្សារ ស៊ី​ញ៉ែ​ក ផ្ទះ​ម្ដាយ​របស់​ប្រពន្ធ​លោក​ខៀវ កា​ញា​រី​ទ្ធិ។ ម៉ោង១២យប់ យើង​ត្រូវបាន​គេ​ត​ម្រូ​ង​ឲ្យ​ចេញទៅ​ហាត់សាកល្បង​ទាំង​មេឃ​ធ្លាក់ភ្លៀង» ។

លោកយាយ​បន្តថា៖« ហាត់​តាំងពី​ម៉ោង១២យប់​រហូត​ព្រឹក​ព្រលឹម តាំងពី​ទទឹក​ខ្លួន​រហូតដល់​ស្ងួត​សម្លៀកបំពាក់។ ម៉ោង៥ទៀបភ្លឺ ក្រុម​កងនារីក្លាហាន​ទាំងអស់​ត្រូវបាន​គេ​ហៅ​ឲ្យ​ទៅ​ជួបជុំគ្នា​នៅក្បែរ​វត្តភ្នំ ដើម្បី​រៀប​ក្បួន។ ក្រុម​ស្រុក​ល្វាឯម ត្រូវបាន​គេ​ចាត់​ឲ្យ​ដើរ​នៅមុខ​គេ​បង្អស់ ។ បងស្រី​ខ្ញុំ ត្រូវបាន​គេ​ចាត់​ឲ្យ​ដើរ​នៅ​កណ្ដាល ជាមួយ​នារី​ម្នាក់ទៀត​ដោយ​កាន់​ទង់ជាតិ​ធំ​នៅមុខ​គេ។ ខ្ញុំ​ដើរ​ជួរ​ទី​ពីរ ផ្នែក​ខាងស្ដាំ​ង»។

ក្ដីរំភើប​កើតឡើង​ពេល​ឃើញ​សម្ដេចឪ​ជា​លើកទីមួយ

បន្ទាប់ពី​ក្បួន​ត្រូវ​បានរៀបចំ​រួចជាស្រេច​ហើយ​នោះ សំឡេង​កញ្ចែរ​បាន​លាន់លឺ​ឡើង។ ភ្លេង​ត្រែ​ត្រូវបាន​ប្រគុំ​ឡើង ដើម្បី​ឲ្យ​កង​នារី និង​កង​ផ្សេងទៀត​ស្ដាប់ និង​ដើរ​តាម​ចង្វាក់។ ក្បួន​ត្រូវបាន​ដង្ហែរ​ចេញពី​វត្តភ្នំ​ទៅកាន់​ផ្លូវ​ម្ដុំ​វិមានឯករាជ្យ​បច្ចុប្បន្ន រហូត​ទៅដល់​មុខ​វាំង។ នោះ​បើតាម​ការអះអាង​របស់​លោក យាយ កែវ ថន។

គាត់​បន្តថា៖«គ្រាន់តែ​ក្បួន​របស់​យើង​បាន​ឈានដល់​មុខ​វាំង​ភ្លាម សំឡេង​ស្រែក​ជ័យ​យោ ត្រូវបាន​គេ​ស្រែក​ឡើង។ ខ្ញុំ​បាន​ក្រឡេក​ភ្នែក ទៅលើ​វេទិកា​ដើម្បី​ចង់ឃើញ​សម្ដេចឪ។ ចោល​ភ្នែក​ទៅ​ឃើញ​មុខ​សម្ដេចឪ យើង​អរ​ស្ទើ​ស្រក់​ទឹកភ្នែក។ យើង​ដើរ​ត្រូវ​គ្នា​បានល្អ ហើយ​ភ្នែក​សំឡឹងមើល​សម្ដេចឪ​រហូត។ កាលនោះ​យើង​ឃើញ​លោក ស៊ូ​កា​ណូ លោក​ហ្សា​ល​ដឺ​ហ្គោល និង​លោក​ជូន អេ​ន​ឡាយ ឈរ​ក្បែរ​សម្ដេចឪ»៕







© រក្សាសិទ្ធិដោយ thmeythmey.com