ករណីឆ្លងជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់ជាង៨៣០០០នាក់ករណី ហើយរាលដល់៥១ប្រទេស។ នេះបើគិតតាមតុល្យការចុងក្រោយត្រឹមព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ។ អ្នកស្លាប់៤៤នាក់ទៀតនៅចិន ធ្វើឲ្យចំនួនសរុបឡើងដល់២៨៥៨នាក់។
ចិនរកឃើញ៣៣៥ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនសរុបឡើងដល់ខ្ទង់៨០០០០នាក់ ដែលក្នុងនោះ៩៣នាក់នៅហុងកុង ៣២នាក់នៅតៃវ៉ាន់ និង១០នាក់នៅម៉ាកាវ។ អ្នកស្លាប់នៅចិន មានដល់២៧៩១នាក់។
កូរ៉េខាងត្បូង ក្លាយជាប្រទេសរាលដាលជាងគេលំដាប់ទីពីរ ដោយមានចំនួន២០២២នាក់ ក្នុងនោះស្លាប់១៣នាក់។ នៅជប៉ុន ករណីនៅនាវា Diamond Princess មាន៧០៥ករណី និងស្លាប់៤នាក់ រីឯនៅទឹកដីជប៉ុនទាំងមូល មាន២១៤ករណី និងស្លាប់៤នាក់ដូចគ្នា។
អ៊ីតាលី មានដល់៦៥៥ករណី ក្នុងនោះស្លាប់១៧នាក់ ខណៈអ៊ីរ៉ង់ មាន២៤៥ករណី ដោយស្លាប់២៦នាក់។ បារាំងរក្សាចំនួនស្លាប់២នាក់ និងហ្វីលីពីន ១នាក់។
សិង្ហបុរី ជាប្រទេសដែលមានករណីឆ្លងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមាន៩៦ករណី ដោយនាំមុខ សហរដ្ឋអាមេរិក (៦០ករណី), អាល្លឺម៉ង់ (៤៨ករណី), កូវ៉ែត (៤៣ករណី), ថៃ (៤០ករណី), បារាំង (៣៨ករណី), បារ៉ែន (៣៣ករណី)។
ប្រទេសដែលមានករណីឆ្លងចន្លោះពីជាង២០ករណី ចុះមកជាង១០ករណី មាន អេស្ប៉ាញ អូស្ត្រាលី ម៉ាឡេស៊ី អេមីរ៉ាតអារ៉ាប់រួម ចក្រភពអង់គ្លេស វៀតណាម និងកាដាណា។ រីឯប្រទេសដែលឆ្លងក្រោម១០ករណី មាន អ៊ីរ៉ាក់ ស៊ុយអែត អូម៉ង់ ស្វីស អូទ្រីស ន័រវេស ក្រូអាស៊ី ក្រិក អ៊ីស្រាអែល លីបង់ ហ្វីលីពីន ឥណ្ឌា ប៉ាគីស្ថាន ហ្វាំងឡង់ រុស្ស៊ី។
ប្រទេសដែលមានតែមួយករណីរួមមាន អាហ្វហ្គានីស្ថាន អាល់ហ្សេរី ប្រេស៊ីល ដាណឺម៉ាក អេស្តូនី ហ្សកហ្ស៊ី លីទុយអានី ហូឡង់ នីហ្សេរីយ៉ា ម៉ាសេដ្វានខាងជើង រូម៉ានី សាំងម៉ារ៉ាំង បែលហ្ស៊ិក កម្ពុជា អេហ្សីប ណេប៉ាល់ និងស្រីលង្កា។
ជាមួយគ្នា អ្នកជំងឺជាង៣៦០០នាក់ បានសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដោយនៅចិន មានប្រមាណ៨០០០នាក់ អ៊ីតាលី មានជិត៦០នាក់ កូរ៉េខាងត្បូងជិត២០នាក់។ ប្រទេសដែលមានតែមួយករណីដូចជា បែលហ្ស៊ិក កម្ពុជា អេហ្ស៊ីប ណេប៉ាល់ និងស្រីលង្កា រកមិនទាន់ឃើញករណីថ្មីឡើយ៕