COVID-19
អន្តរជាតិ
ប្រធានាធិបតី រដ្ឋមន្ត្រី នៅ​សិង្ហ​បុរី មិន​យក​បៀវត្ស​១​ខែ ដើម្បី​រួមទុក្ខ​ជាមួយ​អ្នករងគ្រោះ COVID-19
28, Feb 2020 , 3:32 pm        
រូបភាព
រដ្ឋមន្រ្តីនានាក្នុងរដ្ឋាភិបាលដិង្ហបុរី។ រូបភាព Today Online
រដ្ឋមន្រ្តីនានាក្នុងរដ្ឋាភិបាលដិង្ហបុរី។ រូបភាព Today Online
​នៅ​សិង្ហ​បុរី រដ្ឋមន្ត្រី​ទាំងអស់ និង​មន្ត្រី​កាន់តំណែង​នយោបាយ នឹងមិន​យកប្រាក់​ខែ​របស់​ពួកគេ​មួយខែ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក ហេង ស្វី​គៀត ក្រោយ​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​។ លើសពីនោះ សមាជិកសភា​ទាំងអស់ ក៏​នឹងមិន​យកប្រាក់​ឧបត្ថម្ភ​មួយខែ​ផងដែរ​។

 
​ថ្លែង​ក្រោយ​កិច្ចប្រជុំសភា​ដើម្បី​ដេញដោល​ថវិកា​ចំណាយ​ឆ្នាំ​២០២០ លោក ហេង ស្វី​គៀត និយាយថា ការមិន​យកប្រាក់​ខែ​មួយខែ​នេះ ជាការ​នឹង​រួមចំណែក​របស់​ថ្នាក់ដឹកនាំ​នយោបាយ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​សិង្ហ​បុរី​។ លោក​បន្ថែមថា រដ្ឋាភិបាល​មាន​សមត្ថភាព​ចាត់វិធានការ​ភ្លាមៗ​ប្រឆាំង​ការ​រាតត្បាត COVID-19 ក៏​ព្រោះតែ​មានការ​គាំទ្រ​ពី​ប្រជាជន​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។​
 
​លោក ហេង ដែលជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​នោះ បាន​លើកឡើងថា បណ្ដា​រដ្ឋមន្ត្រី​ទាំងអស់ នឹងមិន​យកប្រាក់​របស់ខ្លួន​មួយខែ ឯ​មន្ត្រី​រដ្ឋ​ជាន់ខ្ពស់ នឹងមិន​យកប្រាក់​ខែ​កន្លះ​ខែ​ផងដែរ​។ លោក​បន្ថែមថា ប្រធានាធិបតី Halimah Yacob វិញ ក៏​ស្ម័គ្រចិត្ត​មិន​យក​ប្រាក់ខែ​មួយខែ ស្រប​ពេលដែល​សមាជិក​សភា​វិញ មិន​យកប្រាក់​ឧបត្ថម្ភ​មួយខែ​។   
 
​យោងតាម​សៀវភៅ​ស​របស់​រដ្ឋាភិបាល​ឆ្នាំ​២០១២ រដ្ឋមន្ត្រី​សិង្ហ​បុរី ទទួល​ប្រាក់ខែ​ប្រមាណ​៧៨៦០០០​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយ​មិន​រាប់បញ្ចូល​ប្រាក់​បំណាច់​ផ្សេងៗ​។ ដូចនេះ ការមិន​យកប្រាក់​ខែ​មួយខែ​របស់​ពួកគេ នឹង​កាត់បន្ថយ​ប្រាក់ខែ​សរុប​មួយឆ្នាំ​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​។ ចំណែក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ត្រូវបាន​ចាត់ទុក ជា​មុខតំណែង​ដែល​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ជាងគេ គឺ​ប្រមាណ​១,៦​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយឆ្នាំ​។ 
 
​ដោយឡែក​បុគ្គលិក​ដែល​នៅ​ជួរមុខ​ក្នុង​ប្រតិបត្តិការ​ទប់ទល់ COVID-19 ដូចជា​បុគ្គលិក​ពេទ្យ​ជាដើម នឹង​ទទួលបាន​ការលើកទឹកចិត្ត​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហេង ជា​អនាគត​នាយករដ្ឋមន្ត្រី​របស់​សិ​ង្ហ​បុរី​។ 
 
​កាលពី​ថ្ងៃទី ១៨ ខែកុម្ភៈ លោក ហេង ប្រកាស​កញ្ចប់​ថវិកា​ជាង​១,១៤៨​ពាន់​លាន​ដុល្លារ (Care and Support Package) ដោយ​គោលដៅ​នៃ​កញ្ចប់​ថវិកា​នេះ គឺ​ដើម្បី​ជួយ​ប្រជាជន​សិង្ហ​បុរី​ជាមួយ​ការចំណាយ​ពួកគេ អំឡុង​ពេលដែល​មិន​ច្បាស់លាស់​ដែល​កើតចេញពី​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​តែម្ដង​។​
 
​សិង្ហ​បុរី ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ជិត​មួយរយ​ករណី​ហើយ ប៉ុន្តែ​ការព្យាបាល​សះស្បើយ​ច្រើន​ដូចគ្នា​ដែរ​។ ចំណាត់ការ​របស់​សិង្ហ​បុរី ទទួលបាន​ការសរសើ​រ​មិន​ដាច់​ពី​មាត់​ពី​សំណាក់​អង្គការ​សុខភាព​ពិភពលោក​៕

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com