បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ ពណ៌​សក់​បង្កើន​មន្ត​ស្នេហ៍ តែ​វា​ក៏​ប្រឈម​នឹង​ការរិះគន់​ផងដែរ
16, Oct 2013 , 8:48 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​សម័យ​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា យុវវ័យ​ភាគច្រើន​ចូលចិត្ត​លាប​ពណ៌​សក់ប្លែកៗ គ្រប់​ពណ៌​ចម្រុះ។ សក់​ពណ៌​ក្រហម លឿង ប្រផេះ និង​ពណ៌​ទង់ដែង គឺមាន​ការពេញនិយម​បំផុត។ ទោះបី​ជាការ​លាប​សក់ព​ណ៌​នេះ មានការ​ពេញនិយម​ខ្លាំ​ង​ក៏ពិតមែន ប៉ុន្តែ​ទង្វើ​នេះ​ក៏​ទទួលរង​នូវ​ការ​រិៈ​គន់​ផងដែរ។


ការលេង​ម៉ូត​សក់ និង​ដូរ​ពណ៌​សក់​ញឹកញាប់ ត្រូវបាន​យុវវ័យ​សម័យថ្មី​ទទួលស្គាល់ថា អាចជួយ​លើក សម្រស់ និង​អាចជួយ​បង្កើន​មន្ត​ស្នេហ៍​ដល់​ពួកគេ។ មិនថាតែ​ពេល​ចូលរួម​ពិធីជប់លៀង អា​ពា​ហ៍ ពិពាហ៍ ឬ​ខួបកំណើត​នោះទេ សូម្បីតែ​ពេល​ធម្មតា​ក៏​ពួកគេ​មិន​ទុក​ឲ្យ​សក់​នៅ​ទំនេរ​នោះដែរ។

«ការ​លាប​ពណ៌​សក់ និង​លេង​ម៉ូត​សក់​ជា​រឿង​ធម្មតា គ្មាន​អ្នកណា​ទុក​សក់​ឲ្យ​នៅ​ពណ៌​ខ្មៅ​ធម្មជាតិ ទៀតឡើយ។ ទុក​សក់​ពណ៌​ខ្មៅ​មើលទៅ​បុរាណ​ណាស់»។ នេះ​ជាការ​លើកឡើង​របស់​យុវវ័យ​សម័យថ្មី។ កញ្ញា ហាក់ ធារ៉ា នាង​ជា​អ្នក​ចូលចិត្ត​លាប​ពណ៌​សក់​តាំងពីក្មេង។ ម្យ៉ាងវិញទៀត​ដោយ​ឃើញ​គំរូ ពី​តារា​បរទេស​ផង​នោះ បាន​ជម្រុញ​ឲ្យ​រូបនាង​កាន់តែ​ចង់​ថែមទៀត។

យុវតី​សម្បុរ​ស រាង​តូច​ច្រឡឹង សក់ទង់ដែង​រូបនេះ​រៀបរាប់ថា៖«ឃើញ​ពណ៌​សក់ប្លែកៗស្អាត ធ្វើ​ឲ្យ​ខ្ញុំ ចង់​លាប​ដែរ។ ភាគច្រើនស្រីៗសម័យ​ឥឡូវ​គេ​ចូលចិត្ត​ដូរ​ម៉ូត​សក់​តាម​តារា​កូរ៉េ»។ កញ្ញា ធារ៉ា បន្តទៀត ថា៖«មិត្ត​ភ័ក្តិ​តែង​ចំអន់​ថា មុខ​មិនសូវ​ស្អាត តែ​បាន​សក់​យោង»។

កញ្ញា សុជាតា ជា​អ្នក​ចូលចិត្ត​ដូរ​ពណ៌​សក់​ញឹកញាប់​ផងដែរ​នោះ បាន​ប្រាប់​ផងដែរ​ថា វា​ប្លែក ឡូយ ទាន់សម័យ ជាពិសេស​នោះ​វា​អាចជួយ​លើក​សម្រស់​យើង​បាន​មួយកម្រិត​ទៀតផង ។
យុវតី​សក់​ក្រហម​រូបនេះ បាន​និយាយ​ឲ្យ​ដឹងថា៖«មុខ​ខ្ញុំ​សម​នឹង​សក់​ពណ៌​ក្រហម មើលទៅ​ស៊ិ​ច​ស៊ី បើ​ទុក​សក់​ពណ៌ ខ្មៅ​គឺ​មិន​សម​ទេ...»។ កញ្ញា​មុខ​រាង​មូល​រូបនេះ បន្ថែមថា៖«ខ្ញុំ​មិន​ឲ្យ​សក់​ដុះ​ខ្មៅ​ទាន់​ឡើយ ខ្ញុំ​ត្រូវ​ប្រញាប់ លាប​សារជាថ្មី»។

ងាក​មក​អ្នក​ប្រកប​អាជីវកម្ម​មួយចំនួន​វិញ ពួកគេ​ក៏​ហាក់​មិនអាច​ចោល​បាន នូវ​ការដូរ​ពណ៌​សក់​ញឹក ញាប់​ផងដែរ ព្រោះ​ម៉ូត​សក់​របស់​ពួកគេ​នេះហើយ​ជា​ឆ្នាំងបាយ​របស់​ពួកគេ។

ជាជាង​កាត់សក់​នៅ​ម្តុំ​ទួល​ទំពូង យុវជន គុជ បូរី ចូលចិត្ត​លេង​ពណ៌​សក់ និង​ម៉ូត​សក់ប្លែកៗជាប្រចាំ។ ក្នុងចំណោម​ជាងកាត់សក់​ជាច្រើន បូរី ក៏​ជា​អ្នកមាន​ប្រជាប្រិយភាព​ម្នាក់​ដែរ​ក្នុង​ស្រទាប់​យុវវ័យ។ រូបគេ ចូលចិត្ត​ដូរ​ពណ៌​សក់​ណា​ដែល​មើលទៅ​ប្លែក​ពី​អ្នកដទៃ។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​ទាក់ទាញ​ម៉ូយ ម្យ៉ាង វិញទៀត វា​ក៏​ជួយ​លើក​សម្រស់​ពី​ធម្មជាតិ ឲ្យ​កាន់តែ​ទាន់សម័យ​ថែមទៀត​ផង។

យុវជន​សក់​ពណ៌​ក្រហម​រូបនេះ ឲ្យ​ដឹងថា៖«ខ្ញុំ​ចូលចិត្ត​សក់​ពណ៌​ក្រហម លឿង និង​ពណ៌​ស្វាយ។ មើលទៅ​ឆើត​បន្តិច​មែន ប៉ុន្តែ​ស្អាត។ រយៈពេល​កន្លះ​ខែ​ខ្ញុំ​ដូរ​ពណ៌​សក់​ម្តង»។ បូរី អះអាង​ទៀតថា៖ «ភ្ញៀវ​មួយចំនួន​ចូលចិត្ត​លាប​ពណ៌​តាម​ខ្ញុំ។ ថ្ងៃ​ខ្លះ​មាន​ភ្ញៀ​ចូលមក​ដូរ​ពណ៌​សក់​ពី១០ ទៅ២០ នាក់​ក៏ មាន។

ម៉ូត​សក់​ច្រូង​ផ្កាថ្កូវ ដៃ​ម្ខាង​កាន់​ក្រាស់ ដៃ​ម្ខាង​កាន់​កន្ត្រៃ ខណៈ​កំពុង​កាត់សក់​ឲ្យ​ភ្ញៀវ​យ៉ាង​ញាប់ដៃ លោក ស៊ី ណា​រ៉ា ជា​មេជាង​កាត់សក់ នៅ​ហាង​មួយកន្លែង​ម្តុំ​ទួលស្លែង បាន​លើកឡើងថា៖«ភ្ញៀវ​របស់ ខ្ញុំ​មួយចំនួន គេ​កុម្ម៉ង់​តាម​ម៉ូត​សក់​ខ្ញុំ គេ​ស​សើ​រថា​ស្អាត។ ភ្ញៀវ​ជាច្រើន​នាក់​ទៀត របស់​កូនជាង​ខ្ញុំ​ក៏​អ៊ី ចឹ​ង​ដែរ»។

ទោះបី​ការ​លាប​ពណ៌​សក់ និង​ដូរ​ម៉ូត​សក់ប្លែកៗ កំពុងមាន​ការពេញនិយម​ខ្លាំង ពី​សំណាក់​យុវវ័យ​មួយ ចំនួន​ក៏ដោយ ប៉ុន្តែ​ក៏មានចាស់ៗជំនាន់​មុន​មួយចំនួន បាន​សម្តែង​ការមិន​ពេញចិត្ត​ផងដែរ។

អ្នកស្រី ឡុង សុខឃ​ន អាយុ៦៦ឆ្នាំ​បាន​សំដែង​ការមិន​ពេញចិត្ត​ថា ការ​លាប​ពណ៌​សក់ និង​ម៉ូត សក់ប្លែកៗបែបនេះ មើលទៅ​ហាក់បីដូចជា​មិន​សម​នឹង​ភ្នែកចាស់ៗឡើយ។ ម្យ៉ាងវិញទៀត​ដោយនៅ ជំនាន់​មុន មិនមាន​ការ​លាប​ពណ៌​សក់ និង​ម៉ូត​សក់​ច្រើន​ម៉ូត ច្រើន​ពណ៌​បែប​នេះឡើយ។ មានន័យថា កាលពី​សម័យ​នោះគេ​និយម​តែ​សក់​ពណ៌​ខ្មៅ និង​ម៉ូត​សក់ធម្មតាៗតែប៉ុណ្ណោះ។

អ្នកស្រី​វ័យ​ចំណាស់​រូបនេះ រៀបរាប់ថា៖«ខ្ញុំ​មិន​ចូលចិត្ត​ពីព្រោះថា មើលទៅ​វា​មិន​សម​ភ្នែក វា​មិន​ទម្លាប់ ។ ក្មេងៗឥឡូវ​គេ​ថា​ស្អាត​បោះ​គេ​ហើយ»។ អ្នកស្រី​បន្ថែមទៀតថា៖«ក្មេង​ឥឡូវ​មិន​ដូច​យើង​ចាស់​ឯណា យើង​រកតែខ្មៅៗ ។ ដល់ពេល​ឥឡូវ​គេ​សុទ្ធតែ លាប​ក្រហម ខៀវ លឿង​អីចឹង​ខ្ញុំ​មិន​ចូលចិត្ត​ទេ»។

មាតា បិតា មួយចំនួនទៀត ក៏​តែង​ស្តីបន្ទោស កូនៗរបស់ខ្លួន ពី​រឿង​ពណ៌​សក់ និង​ការលេង​ម៉ូត​សក់ របស់​ពួកគេ​ថា​ជ្រុល​ពេក​ផងដែរ។ មិនតែប៉ុណ្ណោះ ក៏មាន​សិស្ស​វិទ្យាល័យ​មួយចំនួន សម្រេចចិត្ត​គេច សាលា​ជា​ញឹកញាប់​ផងដែ ព្រោះ​គ្រូ​មួយចំនួន​មិន​ពេញចិត្ត ម៉ូត និង​ពណ៌​សក់​របស់​ពួកគេ​ទៀតផង។

ទោះបីជា​ការដូរ​ពណ៌​សក់ និង​លេង​ម៉ូត​សក់ប្លែកៗ អាចជា​វិធី​កែច្នៃ​សម្រស់​ឲ្យ​កាន់តែ​ស្អាត​មួយកម្រិត ក៏ពិតមែន ក៏ប៉ុន្តែ​មានមតិ​មួយចំនួន​រិះគន់ថា វា​មិន​ស័ក្តិសម​សម្រាប់​ខ្លួន​ជា​យុវជន យុវតី ខ្មែរ​នោះ ឡើយ៕












© រក្សាសិទ្ធិដោយ thmeythmey.com