COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់នៅអាមេរិកឡើងដល់៦ ឯបារាំងមាន៣ ប្រជាជនអាមេរិកដើរនៅដងផ្លូវក្នុងទីក្រុងញូវយ៉ក។ រូបភាព AFP
× ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាវីរុសថ្មី (COVID-19) នៅសហរដ្ឋអាមេរិក បានឡើងដល់៦ នៅថ្ងៃទី២ ខែមីនា។ វីរុសប្រភេទថ្មីនេះ កំពុងសាយភាយខ្លាំងនៅតំបន់ភាគពាយព្យរបស់អាមេរិក ស្របពេលដែលប្រទេសមួយចំនួនទៀត ក៏បានរាយការណ៍ពីករណីឆ្លងដំបូងរៀងៗខ្លួនផងដែរ។ បារាំងឯណោះ មានករណីស្លាប់ចំនួនបី។ អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន អះអាងថា ថ្នាំព្យាបាល COVID-19 នឹងត្រូវដាក់ឲ្យប្រើឆាប់ៗនេះ។
ករណីស្លាប់ដោយសារ COVID-19 នៅអាមេរិកទាំង៦ករណី សុទ្ធតែនៅរដ្ឋវ៉ាស៊ីនតោនទាំងអស់។ បារាំងដែលមានករណីឆ្លងប្រមាណជិត២០០ករណីដែរនោះ មានតួលេខអ្នកស្លាប់ចំនួនបីនាក់ផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
អាជ្ញាធរអាមេរិក បានព្រមានប្រជាជនឲ្យប្រុងប្រយ័ត្នខ្ពស់ ខណៈសមរភូមិប្រឆាំង COVID-19 មិនមែនជាការទប់ស្កាត់ការរាលដាលទៀតឡើយ តែជាការលុបបំបាត់ករណីឆ្លងវិញម្ដង។ លោក Jeff Duchin មន្ត្រីសុខាភិបាលតំបន់ King County ដែលមានទីក្រុង Seattle ផងនោះ ក៏ព្រមានថា ហានិភ័យដែលអាចឆ្លងវីរុស កំពុងកើនឡើង។ តំបន់ King County មានករណីស្លាប់ដោយសារ COVID-19 ដល់ទៅ៥ករណី។
នៅថ្ងៃទី២ ខែមីនា ប្រធានាធិបតី ដូណាល់ ត្រាំ បានជួបជាមួយបណ្ដាក្រុមហ៊ុនផលិតឱសថល្បីឈ្មោះនៅសេតវិមានដើម្បីជជែកពីការប្រឹងប្រែងក្នុងការផលិតវ៉ាក់សាំងការពារ COVID-19 ។ ទោះមានមន្ទីរពេទ្យកម្រិតពិភពលោក ជាមួយក្រុមគ្រូពេទ្យជំនាញៗក្ដី ប្រជាជនអាមេរិក នៅតែប្រឈមមុខហានិភ័យនៃការឆ្លងវីរុសមួយនេះ ដែលតួលេខសរុបមាន១០០ករណី។
ទាក់ទងរឿងវ៉ាក់សាំងនេះ អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ដែលទទួលបន្ទុកដឹកនាំការងារទប់ទល់វីរុស និយាយថា ថ្នាំសម្រាប់ព្យាបាល COVID-19 អាចនឹងលេចរូបរាងនៅរដូវក្ដៅ ឬរដូវស្លឹកឈើជ្រុះខាងមុខ។ ពោល គឺអាចចាប់ពីពាក់កណ្ដាលឆ្នាំ២០២០ តទៅ។ ប៉ុន្តែលោកក៏អះអាងថា វ៉ាក់សាំងការពារ COVID-19 នឹងមិនអាចចេញទាន់ពេលឡើយ។
សព្វថ្ងៃ មិនទាន់មានថ្នាំជាក់លាក់ណាមួយសម្រាប់ព្យាបាល COVID-19 ឡើយ។ ការព្យាបាល គឺដាក់ថ្នាំទៅតាមអាការរោគ។ នៅចិន ថ្នាំប្រឆាំងគ្រុនចាញ់ និងអេដស៍ ត្រូវបានប្រើលើអ្នកជំងឺ ព្រមគ្នានឹងការប្រើប្រាស់ថ្នាំបូរាណផងដែរ៕
Tag:
COVID-19
អាមេរិក
បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com