COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់​ឡើងដល់​ជាង​៣១០០​នាក់ ខណៈ​ករណី​ឆ្លង​រាលដាល​ដល់​ជាង​៧០​ប្រទេស​
03, Mar 2020 , 11:15 am        
រូបភាព
ដោយ: រួបរួម
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែមីនា នេះ ចំនួន​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស (COVID-19) ឡើងដល់​៣១២៥​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជាង​៩​ម៉ឺន​នាក់​។ ចិន​មាន​អ្នកស្លាប់​៣១​នាក់​បន្ថែមទៀត​ដែល​សុទ្ធតែ​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី រួមទាំង​កំណើន​នៅ​កូរ៉េខាងត្បូង អាមេរិក និង​បារាំង​។ បច្ចុប្បន្ន​៧៣​ប្រទេស​ហើយ ដែល​រកឃើញ​ករណី​ឆ្លង​។​

 
​នៅ​ចិន ក្នុងចំណោម​ជាង​៨​ម៉ឺន​ករណី អ្នក​ស្លាប់មាន​២៩៤៧​នាក់ ដោយ​ភាគច្រើនបំផុត​ក្នុង​ខេត្ត​ហ៊ូ​ប៉ី ជាពិសេស​ក្រុង​វូ​ហាន​ដែលជា​តំបន់​ផ្ទុះ​មេរោគ​។ ប្រទេស​ដែលមាន​ករណី​ស្លាប់​រួមមាន អ៊ីរ៉ង់ ៦៦​នាក់ អ៊ីតាលី​៥២​នាក់ កូរ៉េខាងត្បូង ៣៤​នាក់ ជប៉ុន ១៣​នាក់ (​ក្នុងនោះ នាវា Diamond Princess ៧​នាក់​) សហរដ្ឋអាមេរិក​៦​នាក់ បារាំង​៣​នាក់ ថៃ អូស្ត្រាលី សាំង​ម៉ា​រ៉ាំ​ង និង​ហ្វីលីពីន មាន​១​នាក់​រៀងៗ​ខ្លួន​។​
 
​បន្ទាប់ពី​ចិន កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​ច្រើនជាងគេ ដែលមាន​ជាង​៤៨០០​ករណី អ៊ីតាលី​ជាង​២០០០​ករណី អ៊ី​រ់ង់ ជាង​១៥០០​ករណី ជប៉ុន និង​ករណី​នៅ​នាវា Diamond Princess មាន​ជិត​១០០០​ករណី​ផងដែរ​។​
 
​បារាំង អាល្លឺម៉ង់ អេ​ស្ប៉ា​ញ សិង្ហ​បុរី និង​អាមេរិក មាន​ចន្លោះ​ពី​១០០​ទៅជិត​២០០​ករណី​រៀងៗ​ខ្លួន រីឯ​ប្រទេស​ជាង​២០ មាន​ករណី​ឆ្លង​ចន្លោះ​ពី​១០ ទៅជិត​៦០​ករណី ខណៈ​ប្រទេស​ផ្សេងទៀត តិចជាង​១០​ករណី​។​
 
​ជាមួយគ្នានេះ ករណី​ជាង​៤៨០០០ ត្រូវបាន​ជាសះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ករណី​សះស្បើយ​នៅ​ចិន​មាន​ជាង​៤៧០០០​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com