COVID-19
អន្តរជាតិ
COVID-19 ធ្វើ​ឲ្យ​ពិភពលោក​ផ្លាស់ប្តូរ​ទម្លាប់​នៅពេល​រាក់ទាក់​គ្នា​
03, Mar 2020 , 8:39 pm        
រូបភាព
ដោយ:
​ឥទ្ធិពល​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណា (COVID-19) ដែល​សម្លាប់​មនុស្ស​ជាង​៣១០០​នាក់ បានធ្វើ​ឲ្យ​ទម្លាប់​រាក់ទាក់​គ្នា​ជា​សាកល​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​។ មនុស្ស​នៅ​ជុំវិញ​ពិភពលោក កំពុង​ផ្លាស់ប្តូរ​ទម្លាប់​ពួកគេ​ទាំង​នៅ​កន្លែងធ្វើការ នៅផ្ទះ និង​កន្លែង​ផ្សេងៗ​ក្នុង​គោលដៅ​បន្ថយ​ហានិភ័យ​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ថ្មី​នេះ និង​បង្ការ​ការចម្លង​ច្រើន​បន្ថែមទៀត​។

 
​តួយ៉ាង ប្រជាជន​ផ្ដើម​លែង​សូវ​ហ៊ាន​ចាប់ដៃគ្នា​, ការយក​ថ្ពាល់​ប្រកិត​លើ​ថ្ពាល់ និង​ការ​អោបរឹត​ជាដើម​។ បម្រែបម្រួល​នៃ​និន្នាការ​សាកល​បែបនេះ អាចជា​កាលានុវត្តភាព​សម្រាប់​ប្រទេស​មួយចំនួន ជាពិសេស កម្ពុជា ដែលមាន​ទំនៀមទម្លាប់ «​សំពះ​» ជាការ​ស្វាគមន៍​គ្នា ចេញមុខ​ពង្រឹង​និង​ពង្រីក​ការផ្សព្វផ្សាយ​ទម្លាប់​ដ៏​ប្រពៃ​មួយ​នេះ​ទៅ​ឲ្យ​ពិភពលោក​ស្គាល់ និង​លើកទឹកចិត្ត​ឲ្យ​យកទៅ​អនុវត្តតាម​។ 
 
​ចង់​មិន​ចង់ «​សំពះ​» ជំនួស​ឲ្យ​ការ​ចាប់ដៃ ក៏​អាច​បញ្ចៀស​ការចម្លង​ជំងឺ COVID-19 នេះ​បាន​មួយកម្រិត​ដែរ ប្រសិនបើ​បុគ្គល​ណាមួយ​ក្នុងចំណោម​ពីរ​នាក់​អាចមាន​វីរុស​ប្រភេទ​ថ្មី​នេះ​។ ម្យ៉ាងទៀត វា​ក៏​ជា​ពេលវេលា​ដែល​ប្រជាជន​ខ្មែរ​គប្បី​ពង្រឹង​ការអនុវត្ត​ទំនៀម​ដ៏​ល្អ​នេះ​ឲ្យ​បាន​គ្រប់គ្នា​ដែរ​។​
 
​បើតាម​ការសង្កេត​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ AFP ដែលមាន​បណ្ដាញ​ជាង​១៥០​ប្រទេស ការផ្លាស់ប្តូរ​ទម្លាប់​រា​ក់​ទាក់​គ្នា បានកើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុងប្រទេស​ជាច្រើន​។ ក្នុង​រដ្ឋធានី ប៉េកាំង នៃ​ប្រទេស​ចិន ផ្ទាំង​បដា​ធំៗ​ពណ៌​ក្រហមឆ្អៅ​ជាច្រើន មាន​សរសេរ​ប្រាប់​ពលរដ្ឋ​គួរ​ចៀសវាង​ការ​ចាប់ដៃគ្នា ក៏ប៉ុន្តែ​គប្បី​នាំគ្នា​ផ្គុំដៃ​ទាំងពីរ​ចូលគ្នា​ដើម្បី​ធ្វើ​សញ្ញា​ស្វាគមន៍​គ្នា​។ បើ​មើលទៅ ការ​រាក់ទាក់​បែបនេះ ក៏មាន​ទម្រង់​ដូចជា «​សំពះ​» ប្រពៃណី​របស់​ខ្មែរ​។ ម្យ៉ាងទៀត ប្រជាជន​ចិន ក៏​ទទូច​ឲ្យ​ធ្វើ​កាយវិការ​ស្វាគមន៍​ប្រពៃណី​មួយ ហៅថា Gong Shou ដែល​យក​កណ្ដាប់ដៃ​ម្ខាង​ទៅ​ផ្គុំ​នឹង​បាតដៃ​ម្ខាង​ទៀត​។ 
 
​ក្រឡេក​មក​មើល​នៅក្នុង​ប្រទេស បារាំង វិញ កាសែត​ព្រោងព្រាត បាន​ចុះផ្សាយ​អត្ថបទ​ណែនាំ​ប្រជាជន​ចៀសវាង​ការ​ថើប​ថ្ពាល់ ដែល​ជាការ​រាក់ទាក់​ប្រចាំថ្ងៃ​ក្នុងប្រទេស​នេះ និង​ការ​ចាប់ដៃ​ផងដែរ ដែលជា​កាយវិការ​រាក់ទាក់​សាមញ្ញ​នៅ​កន្លែងធ្វើការ​។ អ្នកជំនាញ​ជនជាតិ​បារាំង​ម្នាក់ បញ្ជាក់ថា ជំនួស​មកវិញ ការ​សម្លឹង​ក្នុង​ក្រសែភ្នែក​ស្រទន់​ធម្មតាៗ​ទៅកាន់​មនុស្ស​ម្នាក់ទៀត ក៏​អាចជា​ចាត់ទុក​ជាការ​រាក់ទាក់​ផងដែរ​។ 
 
​និយាយ​ដល់​ប្រទេស អាល្លឺម៉ង់ អំឡុងពេល​វិបត្តិ​រាលដាល​ជំងឺ COVID-19 នេះ រដ្ឋមន្ត្រី​មហាផ្ទៃ លោក Horst Seehofer បាន​បដិសេធ​ចាប់ដៃ​ជាមួយ​អធិប​កា​រប​តី​អាល្លឺម៉ង់​លោកស្រី  Angela Merkel កាលពី​ថ្ងៃ​ចន្ទ ៣ ខែមីនា​។ លោក បាន​ញញឹម​ដាក់​លោកស្រី Markel ជំនួស​ឲ្យ​ការ​ចាប់ដៃ​។ បន្ទាប់ពី​ពុំបាន​ចាប់ដៃគ្នា អ្នក​ទាំង​ពីរបាន​ផ្ទុះសំណើច​ឡើង ហើយ​លោកស្រី Markel បានសម្រេច​ចិត្ត​អង្គុយ​ចុះ​។ នេះ​គឺអាច​ចាត់ទុកជា​គំរូ​ដ៏​ល្អ​មួយ ខណៈ​ប្រទេស​នេះ បាន​រកឃើញ​ករណី COVID-19 ជាង​១៥០​ករណី​ហើយ​នោះ​។ 
 
​នៅ អ៊ីរ៉ង់ ដែលមាន​អ្នកស្លាប់​៦៦​នាក់​ដោយសារ COVID-19 វីដេអូ​មួយ​ដែល​បាន​គេ​ចូល​មើល​រាប់លាន​នាក់ បង្ហាញ​ពី​សកម្មភាព​ជំនួប​មិត្ត​ភ័​ក្រ​៣​នាក់ ដោយ​ពួកគេ​បានដាក់​ដៃ​ទាំងពីរ​ក្នុង​ហោប៉ៅ  ខណៈ​យក​ជើង​ពួកគេ​ទៅ​ជល់​នឹង​ជើង​អ្នក​ដទៃទៀត​ជាការ​រាក់ទាក់​។ គេ​ចេញ​ជា​សំណួរ​ដ៏​អស់សំណើច​មួយ​ថា «​តើ​ការបុក​ជើង​គ្នា​បែបនេះ​ជាការ​រាក់ទាក់​គ្នា​ប្រភេទ​ថ្មី​?»
 
​ចុងក្រោយ នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏ដូចជា កាតា ផងដែរ​នោះ រដ្ឋាភិបាល កំពុងផ្តល់​យោបល់​ឲ្យ​ពលរដ្ឋ​ខ្លួន​បញ្ឈប់​ការ​រាក់ទាក់​ប្រពៃណី ដោយ​ការយក​ច្រមុះ​ជល់​នឹង​ច្រមុះ​។ ការ​ចាប់ដៃគ្នា ឬ​ការ​ថើប ក៏ត្រូវ​ប្រាប់​ឲ្យ​ចៀសវាង​ផងដែរ​។ យ៉ាងណាមិញ ការ​រាក់ទាក់ គួរ​ធ្វើឡើង​ដោយ​ការ រាដៃ​ដាក់គ្នា​តែមួយ​មុខ​គ្រប់គ្រាន់​ហើយ​៕


ការចាប់ដៃ (AFP)


Tag:
 COVID-19
  កូ​រ៉ូ​ណាវី​រុស​
  ចាប់ដៃ​
  សំពះ​
© រក្សាសិទ្ធិដោយ thmeythmey.com