ភ្នំពេញ៖ អង្គការមូលនិធិសត្វព្រៃពិភពលោក ហៅកាត់ថា WWF ប្រចាំប្រទេសនីមួយៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អំពាវនាវដល់រដ្ឋាភិបាលទាំងអស់នៃប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ឲ្យដាក់វិធានការហាមឃាត់ការជួញដូរនិងបរិភោគសាច់សត្វព្រៃ ដើម្បីជៀសវាងឆ្លងមេរោគនានាពីសត្វព្រៃទាំងនោះ។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីការផ្ទះឡើងនូវជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូវីដ-១៩ (COVID-19) នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ហើយកំពុងឆ្លងរាលដាលទៅប្រទេសផ្សេងៗក្នុងពិភពលោក ដោយអ្នកជំនាញសង្ស័យថា ការកើតឡើងនៃកូវីដ-១៩ មានប្រភពមកទីផ្សារជួញដូរសត្វព្រៃមួយកន្លែងនៅទីក្រុងវូហាននោះផ្ទាល់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការខាតបង់សេដ្ឋកិច្ចនៃប្រទេសនីមួយៗ ក្នុងតំបន់និងជាសកល ដោយសារវីរុសកូវីដ-១៩(COVID-19) ត្រូវបានគេសង្កេតឃើញថា កំពុងកើនឡើងរហូតដល់រាប់ពាន់លានដុល្លារ ហើយវានឹងបន្តជះផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ នេះជាការលើកឡើងរបស់លោក អេ គ្រីស្ទី វីលៀមស៍ (A. Christy Williams) នាយកអង្គការWWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយលោកបានស្នើឲ្យប្រទេសទាំងអស់នៅក្នុងតំបន់ពិសេសអាស៊ីអាគ្នេយ៍ត្រូវយកគំរូតាមការសម្រេចចិត្តរបស់ប្រទេសចិន ដោយដាក់ចេញនូវការហាមឃាត់ជាអចិន្ត្រៃយ៍ចំពោះការបរិភោគ និងការជួញដូរសត្វព្រៃ។
លោក និយាយដូច្នេះថា៖«យើងត្រូវតែចាត់វិធានការឡើង នៅក្នុងពេលឥឡូវនេះ ដើម្បីទប់ស្កាត់កុំឲ្យមានការកើតឡើងនូវជំងឺឆ្លងរាលដាលដទៃផ្សេងទៀត ដែលអាចនឹងបង្កជាទុក្ខវេទនា និងការស្លាប់ដល់ប្រជាជនយើង»។ លោក បានបន្តថា ការផ្ទុះឡើង និងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក៏ដូចជាវីរុស ហ្សារស៍ (SARS) មើស (MERS) និង ការផ្ទុះឡើងនៃវីរុសផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បានបង្ហាញពីគ្រោះថ្នាក់ទៅលើសុខភាពមនុស្សដែលបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ។
សេចក្តីថ្លែងការណ៍របស់ WWF ដែលចេញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ជាប្រភពនៃផលិតផលសត្វព្រៃជាយូរមកហើយ ហើយក៏ជាទីតាំងច្រកសម្រាប់ការបញ្ជូនផលិតផលសត្វព្រៃបន្តទៅកាន់ប្រទេសចិនផងដែរ។ សេចក្តីថ្លែងការណ៍ បញ្ជាក់ថា ការបរិភោគសាច់សត្វព្រៃដែលអាចបង្កជាវីរុសដ៏គ្រោះថ្នាក់ ដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនអាចការពារបាន អាចឆ្លងពីសត្វទៅមនុស្ស ហើយក៏ជាហេតុផលម្យ៉ាងដែលអាចកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាករណីក្នុងប្រទេសចិនដែលកំពុងផ្ទុះវីរុសកូវីដ-១៩ នោះដែរ។
WWF បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ដើម្បីដោះស្រាយបញ្ហាសុខភាពសាធារណនេះ ដែលបណ្តាលមកពីការបរិភោគ និងការជួញដូរសត្វព្រៃ យើង សូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធទាំងអស់ ដែលមានភារកិច្ចទទួលខុសត្រូវក្នុងវិស័យការពារសត្វព្រៃ និងវិស័យសុខាភិបាល និងសុខភាពសាធារណៈ ឲ្យសហការគ្នា ទាំងក្នុងផ្នែកជំនាញឯកទេស និងការប្រើប្រាស់ធនធានដែលមាន ដើម្បីបង្កើនការត្រួតពិនិត្យ និងការតាមដានរាល់ទីផ្សារដែលមានផលិតផលសត្វព្រៃ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សារណៈជនដើម្បីឲ្យពួកគេ បញ្ឈប់ការលក់ដូរ និងការបរិភោគសាច់សត្វព្រៃ ព្រមទាំងផលិតផលសត្វព្រៃដទៃផ្សេងៗទៀត»។
លោក រ៉ុន ត្សុតត្សួយ (Ron Tsutsui) អគ្គនាយកអង្គការ WWF-ជប៉ុន និងជាប្រធាននៃគណៈកម្មការនាយកសម្រាប់កម្មវិធីយុទ្ធសាស្ត្រកំណើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺឆ្លងមុនៗដែលមានប្រភពចេញពីទីផ្សារលក់សត្វព្រៃ វិធានការចម្បងដែលគេបានប្រើនោះគឺការបង្ខាំងទុកអ្នកដែលបានឆ្លងជំងឺឲ្យនៅដោយឡែកពីគេ។ លោក បន្តថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលចិនក្នុងការចាត់វិធានការចំពោះប្រភពនៃបញ្ហាគឺការបិទរាល់ទីផ្សារលក់សត្វព្រៃ និងការហាមឃាត់បរិភោគសាច់សត្វព្រៃជាអចិន្ត្រៃយ៍ ជាដំណោះស្រាយមួយដែលអាចនាំមកនូវការផ្លាស់ប្តូរស្ថានការណ៍បាន។ រដ្ឋាភិបាលទាំងអស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី ត្រូវតែយកគំរូតាមចំណាត់ការនេះ ដើម្បីការពារសុខមាលភាពរបស់មនុស្ស ក៏ដូចជាការអភិរក្សសត្វព្រៃផងដែរ។
សូមរម្លឹកថា វីរុសកូវីដ-១៩ បានផ្ទះឡើងនៅក្នុងទីក្រុងវូហាន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ហើយកំពុងឆ្លងរីករាលដាលដល់ប្រទេសនានាជុំវិញពិភពលោក។ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ មានរហូតដល់ជាង៣ពាន់នាក់ហើយ ក្នុងចំណោមអ្នកឆ្លងជាង៩ម៉ឺននាក់។
បច្ចុប្បន្ន បន្ទាប់ពីចិន ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ ដែលមានជាង៤,៨០០ករណី អ៊ីតាលី មានជាង២,០០០ករណី អ៊ីរ៉ង់ មានជាង១,៥០០ករណី ប្រទេសជប៉ុន មានជិត១,០០០ករណី៕