មន្ត្រី​៖ សម្ភារ​សុវត្ថិភាព​នៅ​ផ្លូវជាតិ​លេខ​៥ តែងតែ​ត្រូវបាន​លួច និង​បំផ្លាញ​ញឹកញាប់​
ជាតិ
មន្ត្រី​៖ សម្ភារ​សុវត្ថិភាព​នៅ​ផ្លូវជាតិ​លេខ​៥ តែងតែ​ត្រូវបាន​លួច និង​បំផ្លាញ​ញឹកញាប់​
05, Mar 2020 , 9:51 am        
រូបភាព
លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន
​កំពង់ឆ្នាំង​៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​រអ៊ូរទាំ​ពាក់ព័ន្ធ​នឹង​ករណី​វាយបំផ្លាញ​សម្ភារ​សុវត្ថិភាព​លើផ្លូវ​ជាតិ​លេខ ៥  ដែល​កំពុង​កែលម្អ​ក្រោម​ជំនួយ​ជប៉ុន​។ ទន្ទឹមនេះ ក្រសួង ក៏​ស្នើសុំ​ការយោគយល់​ពី​ប្រជាជន​ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​នេះ ខណៈ​មាន​បញ្ហា​កកស្ទះ និង​ដី​ហុយ​ជាដើម​។

 
​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​នា​អំឡុង​ទស្សនកិច្ច​សារព័ត៌មាន​មួយ​ដែល​រៀបចំឡើង​ដោយ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) នៅ​ថ្ងៃ​ពុធ ០៤ ខែមីនា លោក ឌុន វណ្ឌី​រី​ហ្គែ​ន មន្ត្រី​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និយាយ​ដូច្នេះ​ថា​៖«​ពេលខ្លះ អ្នកជិះ​ម៉ូតូ​មក​គាត់​វ៉ៃ​បំផ្លាញ (​សម្ភារ​សុវត្ថិភាព​) លេង​, វ៉ៃ​បំផ្លាញចោល​។ ពេលខ្លះ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​ខ្ញុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ លួច​យក​សម្ភារ​សុវត្ថិភាព​»​។​
 
​មន្ត្រី​រូបនេះ​អះអាងថា បង្គោល​ចរាចរណ៍ ដែល​ដាក់​ដើម្បី​ការពារ​សុវត្ថិភាព​តាម​ដងផ្លូវ​លេខ​ជាតិ ៥ ប្រមាណ ២ ពាន់​ដើម បាន​បាត់ ចាប់តាំងពី​បើក​ការដ្ឋាន​កែលម្អ​ផ្លូវ​មក ខណៈ​អំពូល​ដាក់​បំភ្លឺ​ផ្លូវ​ពេលយប់​ក៏ត្រូវ​បាន​វាយ​កម្ទេចចោល​ជាច្រើន​ផងដែរ​។ យ៉ាងណាមិញ មន្ត្រី​ពុំបាន​បញ្ជាក់​ពី​តួលេខ​ខាតបង់​ជាក់លាក់​ជា​ទឹកប្រាក់​នោះឡើយ​។ 
 
​ជាមួយគ្នានេះ លោក​ទទូច​សុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ ចូល​កុំ​បំផ្លិចបំផ្លាញ​សម្ភារ​តាម​ដងផ្លូវ ដែលជា​ផលប្រយោជន៍​សាធារណៈ ជាពិសេស សុវត្ថិភាព តែម្តង​។ ក្រុមការងារ​លោក​ក៏បាន​សុំ​អភ័យទោស​សម្រាប់​ការកកស្ទះ​ចរាចរណ៍ និង​ដី​ហុយ​ជាដើម អំឡុង​ការងារ​លែ​លម្អ​ផ្លូវ​។ ត្រង់នេះ លោក វណ្ឌី​រី​ហ្គែ​ន អះអាង​ដូច្នេះ​ថា​៖«​ក្រុមការងារ​លោក នឹង​បន្ត​ស្រោច​ទឹក​លើ​ដងផ្លូវ​ដើម្បី​កាត់បន្ថយ​ការ​ហុយ​ដី និង​បន្ធូរបន្ថយ​ផលប៉ះពាល់​ផងដែរ​»​។ 
 
​សូមបញ្ជាក់ថា តាម​គម្រោង​របស់​រដ្ឋា​ភិ​បាល ការស្ដារ​ផ្លូវជាតិ​លេខ​៥ ដែល​ទទួលបាន​កម្ចីសម្បទាន​ពី​ប្រទេស​ជប៉ុន​នេះ នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​៤​ឆ្នាំ​។ ដូចនេះ​ផ្លូវ​នេះ​អាច​នឹងត្រូវ​បញ្ចប់​ការសាងសង់​នៅ​អំឡុង​ដើមឆ្នាំ​២០២២​។ 


 
​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​៥ ត្រូវបាន​ស្ថាបនា​ជា​កំណាត់ៗ​។ កាលពី​ខែមីនា និង​ខែឧសភា​ឆ្នាំ​២០១៨ កំណាត់​ផ្លូវ​បាត់ដំបង​-​សិរីសោភ័ណ និង​កំណាត់​ផ្លូវ​ព្រែក​ក្ដាម​-​ធ្លា​ម្អម ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​។ នៅសល់​មួយ​កំណាត់​ទៀត គឺ​កំណាត់​សិរីសោភ័ណ​-​ប៉ោយប៉ែត ដែល​ក្រសួង​កំពុង​ពិនិត្យ​ពាក្យ​ស្នើ​ដេញថ្លៃ​របស់​ក្រុមហ៊ុន​។​
 
​ការស្ដារ​ផ្លូវ​នេះ​មាន​ប្រវែង ៣៦៦​គីឡូម៉ែត្រ ក្នុងនោះ ៣០៤​គីឡូម៉ែត្រ​ជា​ស្ថាបនា​លើផ្លូវ​ចាស់ ហើយ ៦២​គីឡូម៉ែត្រ​ត្រូវ​សាងសង់​ផ្លូវ​វាង​ក្រុង​។ ផ្លូវជាតិ​លេខ​៥​នេះ ត្រូវ​ពង្រីក​ទៅជា ៤​គន្លង ទទឹង​២៣​ម៉ែត្រ​។ ការសាងសង់​ឡើងវិញ​នូវ​ផ្លូវជាតិ​នេះ គ្រោង​ចំណាយ ប្រហែល ៥០០​លាន​ដុល្លារ​អាមេរិក​។​
 
​កន្លងទៅ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ផ្លូវជាតិ​លេខ​៥​នេះ ពិត​ជាមាន​សារសំខាន់​ខ្លាំង​ដល់​ការដឹកជញ្ជូន ពិសេស​ការតភ្ជាប់​ទៅ​បណ្ដា​ប្រទេស​នានា​។ លោក ថ្លែង​ដូច្នេះ​ថា​៖«​ផ្លូវ​នេះ​សំខាន់​ណាស់ គឺជា​ផ្លូវ​អាស៊ាន Highway លេខ​១ ដែល​ត​ភ្ជាប់​ពី​ប្រទេស​ចិន មី​យ៉ាន​ម៉ា ថៃ  និង​កម្ពុជា ដែល​ឆ្លងកាត់​ភ្នំពេញ ទៅ​ផ្លូវជាតិ​លេខ​១ រហូតដល់​ប្រទេស​វៀតណាម​។ ដូចជា​ការដឹក​ទំនិញ​ឆ្លងកាត់​កម្ពុជា​របស់​យើង​នេះ គឺ​ត្រូវ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​នេះ ដូចនេះ​វា​ចាំបាច់​ណាស់​ដែល​យើង​ពង្រីក​ពី​ផ្លូវ​២​គន្លង ទៅ​៤​គន្លង ដែល​នឹងមាន​ការដឹក​ទំនិញ​ឆ្លងកាត់​ច្រើន អាច​ដឹកជញ្ជូន​បាន​លឿន ហើយក៏​ជួយ​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​»៕



Tag:
 ផ្លូវជាតិ ៥
  ឌុន វណ្ឌី​រី​ហ្គែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com