ខ្មែរ​ក្រហម
ជាតិ
ផ្តើម​សវនាការ​បិទ​បញ្ចប់​សំណុំរឿង០០២/០១ ខណៈ​សាលក្រម​ទី១អាច​ប្រកាស​នៅ​ឆ្នាំក្រោយ
16, Oct 2013 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
សវនាការ​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​ការពិភាក្សា​ដេញដោល​លើ​ភស្តុតាង​ក្នុង​សំណុំរឿង០០២/០១ បានចាប់ផ្តើម​នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៣នេះ ដើម្បី​ឈានដល់​ការបញ្ចប់​ការជំនុំជម្រះ​ក្តី និង​ប្រកាស​សាលក្រម​ទី១លើ​សំណុំ​រឿងនេះ​ដែល​ត្រូវគេ​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​ពាក់​កណ្តា​ក​ឆ្នាំ២០។


មន្ត្រី​នាំពាក្យ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក នេត្រ ភក្ត្រា បាន​ថ្លែងថា សវនាការ​នេះ​គឺជា​ដំណាក់កាល​សំខាន់​មួយ​ដែល​ភាគី​ពាក់ព័ន្ធ​នានា​នឹងត្រូវ​ធ្វើ​សេចក្តីសន្និដ្ឋាន​របស់ខ្លួន​លើ​ដំណើរការ​ជំនុំ​ជម្រះក្តី​កន្លងមក ហើយក៏​នឹងមាន​ការធ្វើ​សេចក្តីសន្និដ្ឋាន​ឆ្លើយតប​របស់​ជនជាប់ចោទ និង មេធាវី​របស់ខ្លួន​ទៅលើ​បទ​ចោទ
ប្រកាន់​ទាំងឡាយ​ប្រឆាំងនឹង​ជនជាប់ចោទ​ផងដែរ។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា ការជំនុំជម្រះ​ក្តី​ដែល​កំពុងតែ​ដំណើរការ​នេះ​ផ្តោតទៅលើ​បទ​ចោទ​នានា​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ដែល​បាន​ប្រព្រឹត្តឡើង​នៅ​អំឡុងពេល​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចំនួន​ពីរលើក​ពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​តំបន់​នានា ក៏ដូចជា​ការសម្លាប់រ​ង្គា​ល​លើ​សមាជិក​នៃ​របប​លន់ ណុល នៅ​ទួល​ពោធិ៍​ជ្រៃ​នៅ​ស្រុក​កណ្តៀង ក្នុង​ខេត្តពោធិ៍សាត់។

លោក​បន្តថា ការជំនុំជម្រះ​ក្តី​នេះ​ក៏​ពិចារណា​ផងដែរ​អំពី​តួនាទី​របស់​ជនជាប់ចោទ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ រាប់បញ្ចូល​ទាំង​ការបង្កើត និង​ការដាក់​ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ​របស់រប​ប​នេះ ដែល​បានលើកឡើង​ទាក់ទង​នឹង​ការចោទប្រកាន់ ដែលមាន​នៅក្នុង​ដីកា​ដំណោះស្រាយ។

ការជំនុំជម្រះ​ក្តី​ផ្នែក​ទី ១ នៅក្នុង​សំណុំរឿង ០០២ ដែល​គេ​ស្គាល់​ថា ជា​សំណុំរឿង ០០២/០១ បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១១ ជាមួយ​ការធ្វើ​សេចក្តីសន្និដ្ឋាន​បើក​ការសួរដេញដោល​ធ្វើឡើង​ដោយ​សហ​ព្រះរាជអាជ្ញា និង​មេធាវី​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី និង​ជនជាប់ចោទ។

ដំណើរការ​ជំនុំជម្រះ​ក្តី​នេះ​បាន​ប្រើ​រយៈពេល ២០ ខែ​ដោយ​ផ្តោតលើ​សវនាការ​លើ​ភ័ស្តុតាង ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ ។ ឥឡូវ​ការជំនុំជម្រះ​ក្តី​នេះ​ត្រូវបាន​រំពឹងថា​នឹង​អាច​បញ្ចប់​ជាមួយ​ការធ្វើ​សេចក្តីសន្និដ្ឋាន បិទ​បញ្ចប់ ការសួរដេញដោល​នៅ​អំឡុង​ខែតុលា ឆ្នាំ ២០១៣ ហើយ​ការប្រកាស​សាលក្រម​រំពឹងថា នឹងធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៤ ខាងមុខនេះ។
 
បើតាម​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម នៅក្នុង​អំឡុងពេល​នៃ​ការជំនុំជម្រះ​ក្តី​ផ្នែក​ទី១ នៃ​សំណុំរឿង ០០២ អង្គជំនុំជម្រះ​សាលាដំបូង​បាន​បើកសវនាការ​រយៈពេល ២១២ ថ្ងៃ ដោយបាន​ស្តាប់​ការផ្តល់​សក្ខីកម្ម មនុស្ស ចំនួន ៩២រូប ដែល​រួមមាន​អ្នកជំនាញ​ចំនួន ៣ រូប សាក្សី​ចំនួន ៥៣រូប សាក្សី​អត្តចរិត​ចំនួន ៥ រូប និង​ដើម បណ្តឹងរដ្ឋប្បវេណី​ចំនួន ៣១ រូប ហើយ​ក៏បាន​ពិនិត្យ​ទៅលើ​សំណុំ​ឯកសារ​ជាច្រើន​ពាន់​ទំព័រ ទាក់ទង​នឹង​ប្រវត្តិ រចនាសម្ព័ន្ធ​រដ្ឋបាល និង​ទំនាក់ទំនង​ការងារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ រចនាសម្ព័ន្ធ​យោធា​ខ្មែរក្រហម ការ ជម្លៀស​ប្រជាជន​ដោយ​បង្ខំ និង​ការសម្លាប់​លើ​អតីតមន្ត្រី​រដ្ឋការ លន់ ណុល។
   
នៅ​សវនាការ​ថ្ងៃទី១៦ ខែតុលា ភាគី​ដើមបណ្តឹង​រដ្ឋ​ប្បី​បានធ្វើ​សេចក្តីសន្និដ្ឋាន​របស់ខ្លួន​មុនគេ​ដោយបាន​លើកឡើង​ពី​ការរង​ទុក្ខវេទនា​រប​ស់​ប្រជាជន​ខ្មែរ​នៅក្រោម​របប​ខ្មែរក្រហម។ មេធាវី​តំណាង​ដើមបណ្តឹង រដ្ឋប្បវេណី​ក៏បាន​រៀបរាប់​អំពី​ឆាក​ឈុត​នៃ​ការធ្វើ​ទារុណ ការសម្លាប់ ការសម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង ការរង​ទុក្ខវេទនា​ដោយសារតែ​ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ ការ​អត់​អាហារ ការ​ធ្វើទុក្ខបុកម្នេញ លើ​សាសនា​នៅ​កម្ពុជា ព្រមទាំង​ការបង្ខំ​ឲ្យ​ធ្វើ​ការងារ។  ទន្ទឹមនឹង​លើកឡើង​ការរង​ទុក្ខ និង​ផលប៉ះពាល់​ចេញ ពី​ការដឹកនាំ​របស់​ក្រុមខ្មែរក្រហម ក្រុម​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី​បានស្នើ​សុំ​ឲ្យ​អង្គជំនុំជម្រះ​ផ្តន្ទាទោស​ជន ជាប់ចោទ នួន ជា និង​ខៀវ សំផន។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ឲ្យ​ដឹងថា ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ដើម​បណ្តឹងរដ្ឋប្បវេណី​នឹង​ស្នើសុំ​សំណង​ទៅកាន់​អង្គជំនុំជម្រះ​សាលាដំបូង។ បន្ទាប់ពី​ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី គឺ​សហ​ព្រះរាជអាជ្ញា​នឹងធ្វើ​សេចក្តី សន្និដ្ឋាន​របស់ខ្លួន ដែល​ក្នុងឱកាស​នោះ ព្រះរាជអាជ្ញា​នឹង​ស្នើសុំ​ដល់​អង្គជំនុំជម្រះ​ធ្វើការ​ថ្កោលទោស​ចំពោះ ជនជាប់ចោទ។
រីឯ​ភាគី​ជនជាប់ចោទ និង​ក្រុម​មេធាវី​ការពារ​ក្តី​នឹងធ្វើ​សេចក្តីសន្និដ្ឋាន​ឆ្លើយតប​ទៅលើ​ការលើក ឡើង​របស់​ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី និង​សហ​ព្រះរាជអាជ្ញា។ លោក​នេត្រ ភក្ត្រា បាន​បន្ថែមថា ជនជាប់ចោទ នួន ជា ដែលមាន​អាយុ ៨៧ ឆ្នាំ និង​ខៀវ សំផន មាន​អាយុ ៨២ ឆ្នាំ ត្រូវបាន​គេ​រំពឹងថា​នឹង​អាចធ្វើ​សេចក្តីថ្លែងការណ៍​ដោយផ្ទាល់​ផងដែរ​ទៅកាន់ អង្គជំនុំជម្រះ​សាលាដំបូង៕
   

   



© រក្សាសិទ្ធិដោយ thmeythmey.com