ជាតិ
តើ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ជំរុញ និង​អប់រំ អំពី​សារៈសំខាន់​នៃ​ការផ្សារភ្ជាប់​គ្នា រវាង​ទឹក ជីវៈចម្រុះ និង​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជាយ៉ាងដូចម្តេច​?
05, Mar 2020 , 2:42 pm        
រូបភាព
​ដោយ​៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ទន្លេមេគង្គ គឺជា​ទន្លេ​មួយ​ដែល​ហូរ​ឆ្លងកាត់​ប្រាំមួយ​ប្រទេស នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺជា​ជម្រក​របស់​ត្រី​យក្ស​ជាច្រើន ជាង​ទន្លេ​នានា​នៅក្នុង​ពិភពលោក​។​

 
​នៅ​ទីនោះ អ្នកនឹង​អាច​ឃើញ​មាន​ត្រី​ធំៗ ដូចជា ត្រី​គល់រាំង ដែលជា​ប្រភេទ​ត្រី​មាន​ស្រកា​ធំជាងគេ​លើ​ពិភពលោក​, ត្រី​បបែល​យក្ស ជា​សត្វ​ដ៏​អាថ៌កំបាំង ដែល​ទើបតែ​ត្រូវបាន​ពិពណ៌នា​ដោយ​វិទ្យាសាស្ត្រ រួមជាមួយ​នឹង​កំណត់ត្រា​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន គឺ​ប្រភេទ​ត្រី​ទឹកសាប​ទំហំ​ដ៏​មហិមា​ដែល​រស់​នៅតែ​ក្នុង​តំបន់​ទឹកសាប  ត្រី​រាជ មាន​ទម្ងន់​រហូតដល់ ២៩៣​គីឡូក្រាម​។​
 

 
​ទន្លេមេគង្គ​បង្ហាញ​សម្រស់ និង​ជីវិត ប្រៀបបាន​ទៅនឹង «​មាតា​គង្គា​» ។ មាន​ត្រី​ចំនួន ១.០០០ ប្រភេទ ត្រូវបាន​គេ​រកឃើញ​នៅ​ទូទាំង​អាង​ទន្លេមេគង្គ ហើយក៏​នៅមាន​ត្រី​ជាច្រើន​ប្រភេទ​ទៀត​មិនទាន់​ត្រូវបាន​រុករក​នៅឡើយ​។​
 

 
​វា​ប្រហែលជា​មិនមាន​អ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ ដែល​ប្រព័ន្ធ​ទន្លេមេគង្គ​ជា​ជម្រក​នៃ​ជលផល​ទឹកសាប​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក និង​គាំទ្រ​ដល់​ការចិញ្ចឹម​ជីវិត​របស់​ប្រជាជន​ជាង ៦០ លាន​នាក់ ដែល​រស់នៅក្នុង​តំបន់​។ ជីវិត និង​វប្បធម៌​ក្នុង​ទន្លេមេគង្គ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និ​ទ្ធិ​ទៅនឹង​វដ្ត​ធម្មជាតិ​របស់​ទន្លេ​។​


 
​លើកកម្ពស់​ការយល់ដឹង​
 
​បណ្ឌិត ហូ​ហ្គេ​ន អ្នកដឹកនាំ​គម្រោង « អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​» របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​សិក្សា​អំពី​ជីវចម្រុះ អាកាសធាតុ និង​ជលសា​ស្ត្រ នៃ​អាង​ទន្លេមេគង្គ​។​
 

 
​ការលើកកម្ពស់​ការយ​ល់​ដឹង​ជា​សាធារណៈ អំពី​ត្រី​យក្ស​របស់​ទន្លេមេគង្គ ជា​ផ្នែក​សំខាន់​មួយ​នៃ​គម្រោង ពិសេស​ក្នុងចំណោម​កុមារ​។​
 
​ក្នុងចំណោម​បរិក្ខា​ឧបទេស​សម្រាប់​ការអប់រំ និង​ការផ្សព្វផ្សាយ ដែល​ត្រូវបាន​ប្រើ​នៅក្នុង​គម្រោង គឺ​សៀវភៅ​ផាត់​ពណ៌ ប្រតិទិន និង​ល្បែង​ជាច្រើន​ដែល​ពិពណ៌នា​អំពី​ត្រី​យក្ស​។ បរិក្ខា​ទាំងនេះ ត្រូវបាន​ចែកចាយ​នៅតាម​ព្រឹត្តិការណ៍ និង​ពិធីបុណ្យ​នានា និង​តាមរយៈ​បណ្តាញ​សង្គម​ដល់​ប្រជាជន​រាប់រយ​រាប់ពាន់នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​ទទួលបាន​ចំនួន​អ្នកទស្សនា​សរុប​ប្រមាណ​ជាង ១.៥០០.០០០ នាក់​នៅ​ឆ្នាំ ២០១៩​។​
 

 
«​បណ្តាញ​អ្នកនេសាទ​» ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្កើន​ការយល់ដឹង​ក្នុងចំណោម​អ្នកនេសាទ អំពី​សារៈសំខាន់​នៃ​ការអភិរក្ស​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​។ ភាពជា​ដៃគូ​រវាង​អ្នកនេសាទ រដ្ឋបាល​ជលផល​កម្ពុ​ជា និង​គម្រោង អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ បាន​នាំឱ្យមាន​ការថយចុះ​នូវ​ការស្លាប់​របស់​ត្រី​ជិត​ផុត​ពូជ​រាប់ពាន់​ក្បាល រួមទាំង​ត្រី​រាជ ត្រី​គល់រាំង និង​ត្រី​ប្រា​ផងដែរ​។ 
 

 
​ត្រី​ជិត​ផុត​ពូជ​មិនទាន់​ពេញវ័យ ត្រូវបាន​ដកហូត​ពី​អ្នកនេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ឬក៏​ប្រមូលបាន​ក្នុងកំឡុងពេល​ស្រាវជ្រាវ​។ ត្រី​មិនទាន់​ពេញវ័យ​ទាំងនេះ ត្រូវបាន​រក្សាទុក​នៅក្នុង​ស្រះ មុនពេល​ត្រូវបាន​លែង​វិញ​ចូលក្នុង​ទន្លេ​វិញ​។​
 

 
​លោក​បណ្ឌិត ហូ​ហ្គេ​ន និយាយថា «​ត្រី​យក្ស គឺជា​ប្រភេទ​សត្វ​ដែលមាន​លក្ខណៈ​ជា​និមិត្តរូប​នៃ​តម្លាភាព​នៃ​អេកូឡូស៊ី របស់​ទន្លេមេគង្គ​»​។ ការបាត់បង់​ត្រី​ទាំងនេះ គឺជា​ការព្រមាន​មួយ​ដែល​យើង​ត្រូវ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី នៃ​ទន្លេ​ដ៏​អស្ចារ្យ​នេះ​។​
 
​ក្នុង​ឳ​កាស​នៃ​ទិវា​សត្វ​ពិភពលោក ដែល​ប្រារព្ធ​ធើ្វ​ឡើង​នៅ​ថ្ងៃទី ៣ ខែមីនា​ឆ្នាំ ២០២០ នេះ ក្រោម​ប្រធានបទ «​ទ្រទ្រង់​ជីវិត​ទាំងអស់​នៅលើ​ផែនដី​» លោក​បណ្ឌិត ហូ​ហ្គេ​ន ចង់​ឲ្យ​យើង​ចងចាំ​ថា មច្ឆា​ក៏​ជា​សត្វព្រៃ​ដែរ​។ ហើយ​ទាំងនោះ ក៏​បូក​រួមទាំង​ត្រី​យក្ស​ដ៏​ធំ​សម្បើម​នៃ​ទន្លេមេគង្គ​ដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com