COVID-19
ជាតិ
កម្ពុជាដាក់មនុស្ស៤នាក់ឲ្យនៅដាច់ដោយឡែក និង៤០នាក់ក្រោមការតាមដានសុខភាព
× មនុស្ស៤នាក់ត្រូវបានដាក់ក្រោមវិធានចត្តាឡីស័ក ពោលគឺតម្រូវឲ្យនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ និង៤០នាក់ទៀតស្ថិតក្រោមការតាមដានសុខភាព បន្ទាប់មានព័ត៌មានថា ជនជាតិជប៉ុនម្នាក់ដែលធ្លាប់ស្នាក់នៅសៀមរាប ត្រូវបានរកឃើញវិជ្ជមាន COVID-19 នៅក្រុង Nagoya ប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល។
បន្ថែមពីលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាល បានអះអាងតាមរយៈហ្វេសប៊ុករបស់ខ្លួនថា ក្រុមមន្ត្រីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងយកចិត្តទុកដាក់លើករណីនេះដោយតម្លាភាព និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ។
បច្ចុប្បន្ន ស្ថាប័នជំនាញ និងអាជ្ញាធរខេត្តសៀមរាបរកឃើញមនុស្ស៤នាក់ដែលមានប្រវត្តិប៉ះពាល់ផ្ទាល់ និង៤០នាក់ដែលប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនដែលរកឃើញករណីឆ្លងនៅប្រទេសជប៉ុន។
ជនជាតិជប៉ុនដែលត្រូវបានតេស្តវិជ្ជមាននៅប្រទេសកំណើតខ្លួននោះ ជាអ្នកធុរកិច្ចគាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពីវៀតណាម ថៃ ហ្វីលីពីន កម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រឡប់ចូលប្រទេសជប៉ុនវិញហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ ។
លោក លី សូវ៉ាន់ បានពន្យល់ថា មនុស្ស៤នាក់ត្រូវស្ថិតក្រោមវិធានចត្តាឡីស័ក ដោយនៅដាច់ដោយឡែកពីគេ១៤ថ្ងៃ និង៤០នាក់ទៀតអាចចេញក្រៅ ប៉ុន្តែស្ថិតក្រោមការតាមដានសុខភាពជាប្រចាំ ហើយតម្រូវឲ្យពាក់ម៉ាស់ និងវិធានការការពារផ្សេងៗ។ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ដែលធ្លាប់ប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនខាងលើនេះ ហើយសង្ស័យលើសុខភាពខ្លួននោះ ពួកគេអាចទាក់ទងទៅមន្ត្រីជំនាញសុខាភិបាលខេត្ត ឬទាក់ទងទៅលេខ 115 ដើម្បីទទួលបានការពិគ្រោះយោបល់សុខភាព៕
Tag:
COVID-19
Coronavirus
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com