COVID-19
ជាតិ
កម្ពុជា នឹងធ្វើ​កំណត់​ទូ​តទៅ​វៀតណាម បើសិនជា​មិន​ដក​ការចុះផ្សាយ​ពី​កម្ពុជា រឿង​វីរុស​COVID-19
09, Mar 2020 , 10:40 am        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
​ភ្នំពេញ​៖ កម្ពុជា នឹងធ្វើ​កំណត់​ទូ​តទៅរដ្ឋាភិបាល​វៀតណាម បើសិនជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​វៀតណាម​ទាំងអស់ មិន​ដក​ការចុះផ្សាយ​ពី​កម្ពុជា រឿង​វីរុស​COVID-19​នោះទេ​។ សម្ដេច ហ៊ុន សែន អះអាង​បែបនេះ​នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ នៅ​ព្រឹក​ថ្ងៃទី​៩ មីនា​នេះ ។​


 
​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទាក់ទង​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ដោះស្រាយ​ពី​រឿង​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នេះហើយ​។ មូលហេតុ​សម្ដេច អាក់អន់ចិត្ត​ជាមួយ​សារព័ត៌មាន​វៀតណាម​នោះ គឺ​ដោយសារ​ពួកគេ​បាន​ចុះផ្សាយ​ពី​រឿង​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ផ្ទុក​វីរុស​COVID-19 នេះ ពេល​ចាក​ចេញពី​កម្ពុជា តាម​ជើងយន្តហោះ​វៀតណាម ឆ្ពោះទៅ​ជប៉ុន កាលពី​ថ្ងៃទី​៣ មីនា​កន្លងមក​។​
 
ជាងនេះទៅទៀត​គណៈ​ការពារ​សុខភាព​របស់​វៀតណាម បាន​ណែនាំ​ឱ្យ​មន្ត្រី​វៀតណាម ពង្រឹង​សុវត្ថិភាព​នៃ​ការចេញ​-​ចូល គ្រប់​ជាតិ​សាស្ត្រ​ទាំងអស់ ប៉ុន្តែ​បែរជា​សារព័ត៌មាន VNA របស់​វៀតណាម និង​សារព័ត៌មាន​ផ្សេងទៀត ចុះផ្សាយ​ថា រដ្ឋាភិបាល​វៀតណាម រឹតបន្តឹង​ចំពោះ​ពលរដ្ឋ​កម្ពុជា និង​អ្នក​ឆ្លងកាត់​កម្ពុជា​ទៅ​វៀតណាម​ទៅវិញ​។ តាមរយៈ​ការចុះផ្សាយ​បែបនេះ ហាក់ដូចជា​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម សម្រេច​ដាក់ចូល​បញ្ជីខ្មៅ​តែម្ដង ដោយសារ​បញ្ហា​វីរុស​COVID-19 ដែល​ផ្ទុយ​ពី​ការពិត​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ដែល​បាន​បដិសេធថា រាល់​ការចុះផ្សាយ​របស់​កាសែត​វៀតណាម​នោះ គឺ​ខុសពី​ការពិត ព្រោះ​ខាង​សុខាភិបាល​ជប៉ុន ដែល​បាន​រកឃើញ​វីរុស​COVID-19 លើ​បុរស​ជប៉ុន​នោះ ក៏​មិនបាន​បញ្ជាក់ថា គាត់​ឆ្លងCOVID-19 ​ពី​កម្ពុជា​នោះដែរ​។​
 
​សម្ដេច ហ៊ុន សែន ស្នើឱ្យ​ភាគី​វៀតណាម ដក​ការចេញផ្សាយ​របស់ខ្លួន​វិញ​ទាំងអស់ បើ​មិន​ដូច្នោះ​ទេ សម្ដេច​នឹងធ្វើ​កំណត់​ទូតផ្លូវការ​មួយ ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ជាមិនខាន​។​
 
​ជនជាតិ​ជប៉ុន​ម្នាក់ ត្រូវបាន​ក្រសួងសុខាភិបាល​ជប៉ុន រកឃើញ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 នៅពេល​ទៅដល់​អាកាសយានដ្ឋាន Nagoya Airport តាម​ជើងហោះហើរ​ពី​វៀតណាម​។ ភ្លាមៗ​នោះ កាសែត​វៀតណាម បាន​អះអាង​ជនជាតិ​ជប៉ុន​រូបនោះ ចាក​ចេញពី​ខេត្តសៀមរាប ហើយ​ដូរ​ជើងយន្តហោះ​នៅ​វៀតណាម មុន​បន្តដំណើរ​ទៅ​ជប៉ុន​។​
 
​ជនជាតិ​ជប៉ុន​នេះ បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៦ កុម្ភៈ កន្លងមក​។ មុន​មកដល់​កម្ពុជា ជនជាតិ​ជប៉ុន​នេះ បានធ្វើ​ដំណើរ​ទៅ​វៀតណាម ហើយ​ឆ្ពោះទៅ​ជប៉ុន​ម្ដង​ហើយ ប៉ុន្តែ​គ្មាន​បញ្ហា​សុខភាព​អ្វី​ទេ​។ ក្រោយមក​ជនជាតិ​ជប៉ុន​នេះ ក៏បាន​ចាក​ចេញពី​ខេត្តសៀមរាប ឆ្ពោះទៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ហើយ​បាន​បន្តដំណើរ​ទៅ​ប្រទេស​ថៃ មុននឹង​ចូល​កម្ពុជា​វិញ​។

បន្ទាប់មក​ជនជាតិ​ជប៉ុន​នេះ ចាក​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៣ មីនា មុននឹង​បន្តដំណើរ​ទៅដល់​ជប៉ុន ហើយ​ត្រូវបាន​ជប៉ុន​រកឃើញថា មាន​ផ្ទុក​វីរុស​COVID-19​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​។ 
 
​បច្ចុប្បន្ន​កម្ពុជា ក៏មាន​ជនជាតិខ្មែរ​ម្នាក់ បាន​ឆ្លង​វីរុស COVID-19 ពី​បុរស​ជនជាតិ​ជប៉ុន​នេះដែរ​។ បុរស​ខ្មែរ​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕

Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com