COVID-19
អន្តរជាតិ
អ៊ីតាលី​ទាំងមូល ស្ថិតក្រោម​ការ​រឹតបន្តឹង ខណៈ​ការឆ្លង​ឡើង​លើស​៩០០០​ករណី​
10, Mar 2020 , 10:22 am        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីតាលី Guiseppe Conte ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអ៊ីតាលី Guiseppe Conte ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte នៅ​ថ្ងៃទី​៩ ខែមីនា បាន​ប្រាប់​ឲ្យ​ប្រជាជន​ទាំងអស់​កុំ​ចាក​ចេញពីផ្ទះ ខណៈ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​រដ្ឋ​អឺរ៉ុប​មួយ​នេះ​ឡើង​លើស​៩០០០​ទៅហើយ​។ វិធានការ​រឹតត្បិត​ដែល​មិន​ធ្លាប់មាន​នេះ​រួមបញ្ចូល​ការហាមឃាត់​ការធ្វើដំណើរ និង​ហាមប្រាម​ការជួប​ជុំទាំង​អស់​នៅ​ទូទាំងប្រទេស ឯ​ព្រឹត្តិការណ៍​កីឡា​ក្នុងស្រុក​ទាំងអស់​ក៏ត្រូវ​លុបចោល​ផងដែរ​។​

 
​ចាប់ពី​ថ្ងៃទី​១០ ខែមីនា​ដល់​ថ្ងៃទី​៣ ខែមេសា អ៊ីតាលី នឹង​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​នៅ​ទូទាំងប្រទេស​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ក្រោយ​បាន​បិទ​តំបន់​ភាគ​ខាងជើង​ប្រទេស​ទាំងស្រុង​រួចហើយ​។ គិត​ត្រឹម​ថ្ងៃទី​៩ ខែមីនា អ៊ីតាលី នៅតែ​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​វីរុស​ប្រភេទ​នេះ​នៅ​តំបន់​អឺរ៉ុប ហើយ​ករណី​ឆ្លង​បាន​ឡើង​លើស​៩០០០​ករណី និង​អ្នក​ស្លាប់មាន​៤៦៣ ដែលជា​តួលេខ​ដ៏​ច្រើន​បន្ទាប់ពី​ចិន​។ 
 
​ក្នុង​បទ​ក្រិ​ត្យ​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី Giuseppe Conte នៅ​ថ្ងៃទី​៩ ខែមីនា ព្រឹត្តិការណ៍​កីឡា​ក្នុងស្រុក​ទាំងអស់ នឹងត្រូវ​លុបចោល​។ ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ប្រទេស Serie A ក៏ត្រូវ​ផ្អាក​សិន​ដែរ​។ យ៉ាងណាមិញ កម្មវិធី​កីឡា​ដែល​រៀបចំ​ដោយ​សហព័ន្ធ​អន្តរជាតិ អាច​បន្តធ្វើ​ដដែល ប៉ុន្តែ​នឹងមិន​មាន​ទស្សនិកជន​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​


ស្ថានីយ៍រថភ្លើងស្ថាត់ជ្រងំមួយក្នុងប្រទេសអ៊ីតាលី។ រូបភាព Xinhua
 
​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​មុន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ លោក Conte និយាយថា គោលដៅ​ជារួម​របស់​វិធានការ​រដ្ឋាភិបាល​នេះ គឺ​ប្រជាជន​ទាំងអស់​ត្រូវ​នៅផ្ទះ​។ សម្រាប់​ការធ្វើដំណើរ លោកនាយក​រដ្ឋមន្ត្រី​អ៊ីតាលី​បញ្ជាក់ថា ការធ្វើដំណើរ​នៅ​ទូទាំងប្រទេស ត្រូវតែ​ចៀសវាង​ឲ្យ​បាន បើ​មិនមាន​ការចាំបាច់ ឬ​ត្រូវមាន​ហេតុផល​ច្បាស់លាស់​ដូចជា​បញ្ហា​សុខភាព​ជាដើម​។ លោក​បញ្ជាក់ថា​៖«​ថ្ងៃនេះ​ជា​ថ្ងៃ​នៃ​ការទទួលខុសត្រូវ​រប​ស់​យើង​។ យើង​មិនអាច​ទម្លាក់ចោល​ការការពា​រ​ខ្លួន​ឡើយ​។​» 
 
​ក្រោម​វិធានការ​នេះ សាលារៀន​ទាំងអស់ ក៏ត្រូវ​បិទ​ផងដែរ ប៉ុន្តែ​អ្វីដែល​គេ​មិនទាន់​ច្បាស់​នោះ គឺ​ការអនុវត្ត​វិធានការ​នេះ​។ នៅ​ទីក្រុង Milan ដែល​នៅ​ភាគ​ខាងជើង រថភ្លើង និង​យន្តហោះ​នៅតែ​បន្ត​ធ្វើដំណើរ​ចេញចូល​ទីក្រុង​មួយ​នេះ​ដដែល បើទោះជា​ស្ថិតក្រោម​បម្រាម​របស់​រដ្ឋាភិបាល​ក្ដី​។ ទីក្រុង Milan ស្ថិតក្នុង​តំបន់ Lombardy ដែលមាន​ករណី​ឆ្លង COVID-19 ខ្លាំងជាងគេ​នៅ​អ៊ីតាលី និង​ជា​តំបន់​ផ្ទុះ​ករណី​ឆ្លង​ដំបូង​ផងដែរ​។​
 
​នៅ​ភាគ​ជើង​អ៊ីតាលី មន្ទីរពេទ្យ​នានា កំពុង​ប្រឈមមុខ​ការខ្វះខាត​គ្រែ​សម្រាប់​អ្នកជំងឺ​សង្គ្រោះបន្ទាន់ ព្រោះ​ករណី​ឆ្លង​មាន​ច្រើន​ខ្លាំង​។ រដ្ឋាភិបាល​ក្រុង​រ៉ូម ក៏បាន​កោះហៅ​គ្រូពេទ្យ​ដែល​ចូលនិវត្តន៍​មក​បម្រើការ​ឡើងវិញ ដើម្បី​ជួយ​បំពេញបន្ថែម​ការខ្វះខាត​គ្រូពេទ្យ​។ ជាមួយគ្នានេះ រដ្ឋាភិបាល​អ៊ីតាលី ក៏​បញ្ជា​ទិញ​ម៉ាស់​វេជ្ជសាស្ត្រ​ប្រមាណ​៣១​លាន​សន្លឹក​ថែមទៀត​៕ 

Tag:
 អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com