អន្តរជាតិ
ពីរ​ឆ្នាំក្រោយ​ខ្ទាត​ចេញពី​អំណាច សម្ពន្ធភាព BN មានមុខ​ក្នុង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ជាថ្មី
10, Mar 2020 , 8:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ម៉ូហ៊ីឌីន យ៉ាស៊ីន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែមីនា។ រូបភាព AFP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ម៉ូហ៊ីឌីន យ៉ាស៊ីន ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែមីនា។ រូបភាព AFP
​ពីរ​ឆ្នាំក្រោយ​ខ្ទាត​ចេញពី​អំណាច សម្ពន្ធភាព Barisan Nasional (BN) ដែលមាន​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ជា​មេដឹកនាំ ក៏បាន​ត្រឡប់មក​ដឹកនាំ​ប្រទេស​ជាថ្មី​ក្រោម​ឆ័​ត្រ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី លោក ម៉ូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន (Muhyiddin Yassin) ។ មេដឹកនាំ​មកពី​សម្ពន្ធ​ភាព​នេះ​មួយចំនួន មានឈ្មោះ​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី​ដែល​លោក យ៉ា​ស៊ីន អះអាងថា ជា​រដ្ឋាភិបាល​ដែល​នឹង​ផ្ដល់​ឲ្យ​ប្រជាជន​នូវ​អ្វីដែល​ពួកគេ​ត្រូវការ​

 
​នៅ​ថ្ងៃទី​៩ ខែមីនា​ម្សិលមិញ លោក ម៉ូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បានប្រកាស​សមាសភាព​រដ្ឋាភិបាល​ថ្មី បន្ទាប់ពី​ការដួលរលំ​រដ្ឋាភិបាល​នៃ​សម្ពន្ធភាព Pakatan Harapan ដែល​ដឹកនាំ​ដោយ​លោក មហា​ធៀ មហាម៉ាត់ ។ លោក យ៉ា​ស៊ីន បាន​ដកខ្លួន​ចេញពី​សម្ពន្ធភាព​នេះ ហើយ​ចាប់ដៃ​ជាមួយ​សម្ពន្ធភាព Barisan Nasional ដែល​ចាញ់​ការបោះឆ្នោត​ឆ្នាំ​២០១៨ និង​បក្ស​មួយចំនួនទៀត ដើម្បី​បង្កើត​ប្លុក​ភាគច្រើន​ក្នុង​សភា រួច​បង្កើត​រដ្ឋាភិបាល​ថ្មី​ពេលនេះ​។​
 
​មេដឹកនាំ​របស់​បក្ស​ក្នុង​សម្ព័ន្ធភាព​ថ្មី​សុទ្ធតែ​ទទួលបាន​តំណែង​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​។ លោក Ismail Sabri Yaakob អនុប្រធាន​បក្ស​អង្គការ​រួបរួម​ជាតិ​ម៉ា​ឡេ (UMNO) នៃ​សម្ពន្ធភាព BN ត្រូវបានតែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ការពារជាតិ​។ លោក Azmin Ali អតីតរដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​ក្នុង​រដ្ឋាភិបាល លោក មហា​ធៀ ជា​ទេសរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ និង​ឧស្សាហកម្ម​។ សមាជិក​បក្ស Bersatu របស់លោក យ៉ា​ស៊ីន គឺ​លោក Mohd Radzi Md Jidin កាន់ការ​ផ្នែក​អប់រំ​។​
 
​ដោយឡែក លោក Hishammuddin Hussein មន្ត្រីជាន់ខ្ពស់​បក្ស UMNO និង​ធ្លាប់ជា​រដ្ឋមន្ត្រី​ការពារជាតិ​ក្នុង​រដ្ឋាភិបាល​លោក ណា​ជីប ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​។ លោក Hishammuddin ជា​បងប្អូនជីដូន​លោក ណា​ជីប ដែល​រង​ក្ដីក្ដាំ​រឿង​ពុករលួយ​ផងដែរ​។ 
 
​យ៉ាងណាមិញ លោក យ៉ា​ស៊ីន មិនបាន​តែងតាំង​មន្ត្រី​សម្ពន្ធភាព BN ដែលមាន​ក្ដីក្ដាំ​ជាប់​ខ្លួន​ច្រើន​ក្នុង​រដ្ឋាភិបាល​ឡើយ​ទាំង​លោក ណា​ជីប ក្ដី ឬក៏​លោក Ahmad Zahid Hamidi ដែលជា​ប្រធាន​បក្ស UMNO ក្ដី​។ នាយករដ្ឋមន្ត្រី​ថ្មី​រូបនេះ ធ្លាប់​ប្រកាស​ហើយ​ថា លោក​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​ស្អាតស្អំ និង​គ្មាន​អំពើពុករលួយ​។ បើតាម​ទូរទស្សន៍ Channel NewsAsia ក្នុងពេល​ប្រកាស​សមាជិក​រដ្ឋាភិបាល​ថ្មី លោក យ៉ា​ស៊ីន បញ្ជាក់​ជាថ្មី​៖ «​ខ្ញុំ​ចង់​ប​ង្កើ​រដ្ឋាភិបាល​ដែល​បម្រើប្រជាជន​។​»
 
​យ៉ាងណាមិញ សំឡេង​ភាគច្រើន​របស់លោក យ៉ា​ស៊ីន ក៏​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​នៅឡើយ ព្រោះ​ខាង​សម្ពន្ធភាព PH របស់លោក មហា​ធៀ ឯណោះ ក៏​ប្រកាសថា ពួកគេ​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ផងដែរ​។ ប៉ុន្តែ​រដ្ឋសភា​ម៉ាឡេស៊ី​ដែលមាន​សមាជិក​២២២​នាក់ ត្រូវបាន​លោក យ៉ា​ស៊ីន ប្រកាស​ឲ្យ​ព្យួរ​កិច្ចប្រជុំ​ពីរ​ខែ ដែល​ការណ៍​ត្រូវបាន​មើលឃើញថា ជាការ​បង្អាក់​ការប៉ុនប៉ង​របស់​សម្ព​ន្ធ​ភាព PH ដែល​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ក្នុង​បញ្ជាក់​ពី​ការអះអាង​របស់ខ្លួន​៕ 

Tag:
 ម៉ាឡេស៊ី​
  BN
  PH
  Muhyiddin Yassin
© រក្សាសិទ្ធិដោយ thmeythmey.com