បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ កន្លែង​ផឹកស៊ី​ក៏​ជាទី​ណាត់ជួប​របស់​នារី​សម័យថ្មី​ផងដែរ
18, Oct 2013 , 8:01 am        
រូបភាព
ដោយ:
ក្រោយពី​សម្រាក​ពី​ការងារ ឬ​ពេលទំនេរ មនុស្ស​មួយចំនួន​ចូលចិត្ត​ការជួបជុំ​ជជែក​គ្នា​បណ្តើរ ក្រេប រស់ជាតិ​ស្រា​បៀរ​បណ្តើរ។ ជំនួប​នៅ​កន្លែង​ផឹកស៊ី បានក្លាយ​ទៅជា​ទម្លាប់​មួយ​យ៉ាង​សាមញ្ញ​ទៅហើយ សម្រាប់បុរសៗ ។ ប៉ុន្តែ នារីៗមួយចំនួន​សម័យ​បច្ចុប្បន្ននេះ​វិញ ក៏​មិន​ចាញ់បុរសៗប៉ុន្មាន​ដែរ ពួកគេ​ក៏ ចូល​ចិត្តការ​អង្គុយ​ជជែក​គ្នា ដោយមាន​ស្រា​បៀរ​នៅ​កំដរ​ផងដែរ។


នារីៗកាលពីមុន មានការ​អៀនខ្មាស់ ខ្លាច​កន្លែង​ដែលមានបុរសៗច្រើន ស៊ឹង​តែ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ ផង។ ប៉ុន្តែនារីៗមួយចំនួន​សម័យថ្មី​នេះ​វិញ ពួកគេ​ហាក់បី​មិនសូវ​អៀនខ្មាស់ ចូលចិត្ត​ដើរលេង ផឹកស៊ី សប្បាយ លែង​ចង់​ចូល​ផ្ទះ​ទៅវិញ។

អ្នកខ្លះ​ចូលចិត្ត​ទៅជា​ក្រុមនារីៗគ្នាឯង អ្នកខ្លះ​ទៀត​ទៅជា​មួយបុរសៗជា​គូស្នេហ៍ ពេលខ្លះ​ជជែក​គ្នា​ទ្រ ហឹ​ង​អឺងកង សំឡេង​លាន់លឺ​សឹងតែ​គ្របដណ្ដប់​ហាង​មួយ​ទាំងមូល​ក៏មាន។

ក្រៅពី​បាយ ម្ហូប និង​គ្រឿងក្លែម​ជាច្រើន​មុខ ពួកគេ​មិនអាច​ចោល​បានឡើយ នូវ​ស្រា​បៀ​ដែល​ក្លាស់​សេ ត្រជាក់ៗផង​នោះ។

កញ្ញា មុន្នី​រ័ត្ន ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ បាន​ឲ្យ​ដឹងថា ពេលទំនេរ​ចូលចិត្ត​ជួបជុំ​មិត្ត​ភ័ក្តិ ចេញទៅ​ហាង​ផឹកស៊ី​ខាងក្រៅ ជជែក​គ្នា​ពី​រឿង​ការងារ និង​រំលឹក​ពី​អនុស្សាវរីយ៍ចាស់ៗ ។ កញ្ញា​វ័យ ២៣ឆ្នាំ​រូបនេះ និយាយថា ៖«ការជួបជុំ​នៅផ្ទះ​វា​ពិបាក ទៅ​ហាង​តែម្តង​វា​ងាយស្រួល​ជាង មាន​ម្ហូប​មាន អ្វីៗគ្រប់យ៉ាង​ស្រាប់ យកតែ​លុយ​ទៅជា​ការ​ស្រេច...»។ កញ្ញា​បន្ថែមទៀតថា៖«នៅផ្ទះ​ច្បាស់​ជា​មិនបាន ផឹក​ទេ ប៉ា ម៉ាក់​មិន​ឲ្យ​ផឹក​ឡើយ»។

កញ្ញា​សម្បុរ​ស រាង​ធាត់​បន្តិច មុ​ល្លីកា ក៏​ជា​អ្នក​ចូលចិត្ត​ការជួបជុំ​បែប​អ៊ូអរ​ផងដែ។ កញ្ញា លើកឡើងថា៖ «ខ្ញុំ និង​មិត្ត​ភ័ក្តិ តែង​ណាត់គ្នា​ទៅ​ហាង​ខាងក្រៅ​ជាង​នៅផ្ទះ។ ទៅ​ទី​នោះបាន​ជជែក​គ្នា មើល​គេ​មើល ឯង​សប្បាយ​ម្យ៉ាង។ មុ​ល្លីកា បន្ថែមទៀតថា៖«បាន​ចេញទៅ​ក្រៅ បាន​តែងខ្លួន​ស្អាត បាន​អួត​រាង​ខ្លះ ដែរ...»។

ពេល​សប្បាយ​ក៏​ផឹក ពេល​ពិ​បានចិត្ត​ក៏​ផឹក តែ​ផឹកតិចៗ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា សុ​ផានី។ សុ​ផានី ជា​មនុស្ស​រួសរាយ ចូលចិត្ត​និយាយ​បែប​កំប្លែង កញ្ញា​និយាយថា៖ «ជួបគ្នា​នៅផ្ទះ​មិន​សប្បាយ ទេ មិនបាន​និយាយលឺៗ តែ​ពេល​បាន​ជួន​គ្នា​ខាងក្រៅ​វិញ ជជែក​គ្នា​សឹងតែ ផ្អើល​ហាង...គ្មាន​ខ្វល់​អី​ទេ »។

ចំណែកឯ​កញ្ញា លក្ខិណា ជា​បុគ្គលិក​ធនាគា​វិញ ក៏​ជា​អ្នក​ចូលចិត្ត​បរិយាកាស​ខាងក្រៅ​ផងដែរ។ កញ្ញា វ័យ២៥ឆ្នាំ​រូបនេះ លើកឡើងថា៖«ខ្ញុំ​ចូលចិត្ត​ហាង​ណា​ដែលមាន​បរិយាកាស​ល្អ មាន​ភាពស្ងប់ស្ងាត់ ពួកយើង​ជជែក​ការងារ​បណ្តើរ ញ៉ាំ​បណ្តើរ មាន​អារម្មណ៍ល្អ​ណាស់»។

ដោយឡែក​តែ​ក្រុមនារីៗកាលី​ប​មួយចំនួន​វិញ ពួកគេ​ចូលចិត្ត​បង្ហាញ​ភាព​ទាក់ទាញ​តាម​សាធារណៈ ពេលខ្លះ​នៅតាម​សួនច្បារ ពួកគេ​បើក​ចំហរទ្វា​រថយន្ត​ទំនើប​របស់ខ្លួន ចាក់​ភ្លេង ញាក់​កន្ត្រាក់​អារម្មណ៍ កាន់​ដង​ស្រា ម្នាក់មួយៗ ផឹក​បណ្តើរ ច្រៀង​រាំ​បណ្តើរ​មិន​ខ្វល់​ពី​អ្នក​នៅ​ជុំវិញខ្លួន​ឡើង។

ទោះបី​ការនិយម​ជួបជុំគ្នា​នៅ​ហាង​ផឹកស៊ី អាចជួយ​បង្កើត​ភាពសប្បាយ​រីករាយ និង​ជា​កន្លែង​ផ្លាស់ប្តូរ បរិយាកាស​ក៏ពិតមែន ប៉ុន្តែ​វា​មិនមែនជា​រឿង​សាមញ្ញ​ឡើយ ដែល​នារី​ខ្មែរ​ចូលចិត្ត​អង្គុយ​ជជែក​គ្នា​សើច ក្អាកក្អាយ​នៅ​ពីមុខ​ដប​ស្រារ​នោះ៕





© រក្សាសិទ្ធិដោយ thmeythmey.com