COVID-19
អន្តរជាតិ
COVID-19៖ ម៉ាឡេស៊ី​ត្រៀម​ប្រើ​កម្លាំងយោធា ដើម្បី​ចាប់បង្ខំ​ប្រជាជន​ឲ្យ​គោរព​បទបញ្ជា​បិទ​ប្រទេស​
20, Mar 2020 , 10:19 pm        
រូបភាព
អាគារភ្លោះ Petronas, រូបភាព៖ Reuters
អាគារភ្លោះ Petronas, រូបភាព៖ Reuters
​រដ្ឋមន្ត្រី​ការពារជាតិ​មា​ឡេ​ស៊ី លោក​Ismail Sabri Yaakob នា​ថ្ងៃទី​២០ ខែមីនា បាន​អះអាងថា ម៉ាឡេស៊ី នឹង​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​ចាំ​បង្ខំ​ឲ្យ​ប្រជាជន​ស្នាក់នៅ​ក្នុងផ្ទះ និង​មិន​ឲ្យ​ដើរចេញ​ផ្តេសផ្តាស​។ ការអះអាង​របស់លោក​រដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ករណី​ជំ​ងឹ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បានឡើយ​យ៉ាងគំហុក​។


 
​តាំងពី​ថ្ងៃទី​១៨ ខែមីនា​មក​ម្លេះ បទបញ្ជា​បិទ​ប្រទេស​ម៉ាឡេស៊ី​ទាំងមូល បាន​ចូល​ជា​ធរមាន​។ ក្រៅពីនេះ ម៉ាឡេស៊ី បាន​បិទ​សាលារៀន ផ្សារ​លក់ទំនិញ និង​កន្លែង​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19​។ ជាពិសេស លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ថែមទាំង​អំពាវនាវ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី ស្នាក់​នៅផ្ទះ កុំ​ដើរ​ផ្តេសផ្តាស ប្រយ័ត្ន​ឆ្លង COVID-19​។ យ៉ាងណាក៏ដោយ ប្រជាជន​ម៉ាឡេស៊ី មួយចំនួន នៅតែ​បន្តទៅ​ញាំ​អាហារ​នៅ​ភោជនីយដ្ឋាន ឬ​សួនឧទ្យាន​ជាដើម​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាជន​នៅតែ​ចេញមកក្រៅ​បែបនេះ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី លោក​Ismail Sabri Yaakob បាន​លើកឡើងថា ម៉ាឡេស៊ី នឹង​រាយ​កម្លាំងយោធា ចាប់ពី​ថ្ងៃទី​២២ ខែមីនា​តទៅ ដើម្បី អនុវត្ត​បទបញ្ជា​រប​ស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​រដ្ឋមន្ត្រី​បាន​បន្តថា រដ្ឋាភិបាល​ម៉ាឡេស៊ី ជឿជាក់​លើ​យោធា ក្នុងការ​ប្រឈម​បញ្ហា​នេះ​។ 
 
​បើតាម​លោក​រដ្ឋមន្ត្រី បាន​ពន្យល់ថា ការចាប់ខ្លួន អាចធ្វើ​ឡើងលើ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​មួយចំនួន ប្រសិនបើ​អ្នក​ទាំងនោះ នៅតែ​មិន​អនុវត្ត​បទបញ្ជា​របស់​រដ្ឋាភិបាល​។ កន្លងមក​លោក​រដ្ឋមន្ត្រី ក៏បាន​ព្រមាន​ប្រើប្រាស់​យោធា​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាជន នៅតែ​បន្ត​ដើរ​តាមផ្លូវ ដោយ​មិន​ខ្លាច​ឆ្លង​COVID-19 ខណៈ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ មាន​ករណី​សរុប​៩០០​ករណី​។ 
 
​សូមបញ្ជាក់ថា ក្នុងចំណោម​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់ ម៉ាឡេស៊ី មាន​ករណី​COVID-19 ច្រើនជាងគេ ខណៈ​សមាជិក​ផ្សេងទៀត បន្ត​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ជា​បន្តបន្ទាប់​។ តួលេខ​សរុប​ម៉ាឡេស៊ី បាន​កើន​ដល់ ៩០០​ករណី អ្នកស្លាប់​២​ករណី និង​អ្នកជា​សះស្បើយ ៧៥​ករណី​។ ភាគច្រើន​នៃ​អ្នក​ផ្ទុក COVID-19 គឺមាន​ទាក់ទង​ទៅនឹង​ពិធី​សាសនា​ឥស្លាម​មួយកន្លែង នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ម៉ាឡេស៊ី ដែលមាន​មនុស្ស​ចូលរួម​ចំនួន ១៦០០០​នាក់​៕ 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com