COVID-19
អន្តរជាតិ
COVID-19៖ បារាំង បញ្ជា​ទិញ​ម៉ាស់​២៥០​លាន​សន្លឹក​ដើម្បី​បំពេញតម្រូវការ​
22, Mar 2020 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​បារាំង បាន​បញ្ជា​ទិញ​ម៉ាស់​វេជ្ជសាស្ត្រ​ចំនួន​២៥០​លាន​សន្លឹក​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់ ស្រប​ពេលដែល​ករណី​ឆ្លង COVID-19 បន្ត​កើនឡើង​។ រដ្ឋាភិបាល​បារាំង បាន​រិះគន់​ខ្លាំង​ពី​ក្រុមគ្រូពេទ្យ និង​ប៉ូលិស​ពាក់ព័ន្ធ​ការខ្វះខាត​ម៉ាស់​ដើម្បី​ឲ្យ​ពួកគេ​ធ្វើការ​។ ពួកគេ​ព្រមាន​ដើរ​ចេញពី​កន្លែងធ្វើការ ប្រសិនបើ​គ្មាន​ឧបករណ៍​ការពារ​គ្រប់គ្រាន់​ទេនោះ​។​

 
​គិត​ត្រឹម​ថ្ងៃទី​២១ ខែមីនា បារាំង​មាន​ករណី​ឆ្លង COVID-19 ជាង​១៤៤០០​នាក់ ហើយ​ករណី​ស្លាប់មាន​ចំនួន​ជាង​៥៦០​នាក់​ផងដែរ​។ តម្រូវការ​ម៉ាស់ និង​ឧបករណ៍​ការពារ​ផ្សេងៗ បាន​ហក់​ឡើង​ខ្ពស់​រហូត​នាំ​ឲ្យ​ការផ្គត់ផ្គង់​សម្រាប់​បុគ្គលិក​សុខាភិបាល​ប្រឈមមុខ​ការខ្វះខាត​។ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង បាន​ចាត់វិធានការ​តប​ភ្លាមៗ​ដែរ​។​
 
​រដ្ឋមន្ត្រី​សុខាភិបាល​បារាំង Olivier Veran និយាយថា រដ្ឋាភិបាល​បាន​បញ្ជា​ទិញ​ម៉ាស់​ចំនួន​២៥០​លាន​សន្លឹក​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​បារាំង​ផ្ទាល់ និង​មកពី​បរទេស ហើយ​លោក​ក៏​សន្យាថា នឹង​បង្កើន​ការធ្វើ​តេស្ត​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ស្វែងរក​ករណី​ឆ្លង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Veran បញ្ជាក់ថា លោក​យល់​ពី​ក្ដីបារម្ភ​របស់​ប្រជាជន និង​បុគ្គលិក​សុខាភិបាល​ទាំងអស់​ដែល​ប្រឈមមុខ​នឹង​វិបត្តិ​ធំ​បំផុត​ក្នុង​សតវត្សរ៍​មកនេះ​។​
 
​បារាំង ស្ថិតក្នុង​ក្រោម​ការបិទ​ជិត​ស្ទើរ​ទាំងស្រុង​ទៅហើយ​តាំងពីដើម​សប្ដាហ៍​នេះ​មក ដោយ​ប្រជាជន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពីផ្ទះ​ដើម្បី​តែ​ទិញ​អាហារ ហាត់ប្រាណ ធ្វើការ ឬ​ទៅរក​សេវាកម្ម​សុខាភិបាល​ប៉ុណ្ណោះ​។ រដ្ឋាភិបាល​បារាំង​ព្រមាន​ថា រយៈពេល​ហាមប្រាម​នេះ អាច​ពង្រីក​ថែមទៀត បើ​ស្ថានការណ៍​ចាំបាច់​។​
 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន លោក Veran អះអាងថា ការធ្វើ​តេស្ត​រក COVID-19 នឹងត្រូវ​បង្កើន​ថែមទៀត ដោយ​អនុវត្តតាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​។ បច្ចុប្បន្ននេះ បារាំង ធ្វើតេស្ត​តែ​លើ​បុគ្គល​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​៕

Tag:
 COVID-19
  បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com