បទយកការណ៍ / បទសម្ភាសន៍
ជាតិ
ដេវីដ ចោល​អាហារូបករណ៍​ក្នុងស្រុក​ដើម្បី​ឈោង​ឱកាស​បន្ត​ការសិក្សា​នៅ​សិង្ហ​បុរី
21, Oct 2013 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ជឹម ដេវីដ បាន​ជាប់​និទ្ទេស B ពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ឆ្នាំ២០១២ ដូច្នេះ វា​មិន​ពិបាក​នោះទេ​សម្រាប់​យុវ​សិស្ស​ដែល​មកពី​ខេត្តពោធិ៍សាត់​រូបនេះ​ក្នុង​ទទួលបាន​ឱកាស​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ។


ក្នុងនាម​ជា​សិស្ស​ពូកែ​ម្នាក់​នៅក្នុង​វិទ្យាល័យ សមត្ថភាព​របស់ ដេវីដ បាន​ស្តែង​ឲ្យ​ឃើញភ្លាមៗ ដោយ​រូបគេ​បានឈ្នះ​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​ចំនួន​ពីរ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សកល​វិទ្យាល័យ​កម្ពុជា។

ទោះបីជា​យ៉ាងណាក៏ដោយ កូនប្រុស​ពៅ​ក្នុង​គ្រួសារ​អ្នកលក់​បាយ​ដែលមាន​បងប្អូន៥នាក់​រូបនេះ ហាក់ដូចជា​យល់ឃើញថា គុណភាព​អប់រំ​នៅក្នុង​ស្រុក​ហាក់ដូច​ជាមាន​លក្ខណៈ​តូចចង្អៀត​នៅឡើយ ដូច្នេះ​គេ​បានសម្រេច​បោះបង់​ឱកាស​មាស​នៅក្នុង​ស្រុក ហើយ​សំឡឹង​ទៅ​ចាប់​ឱកាស​ពេជ្រ​នៅ​សិង្ហ​បុរី បើទោះបីជា​រូបគេ​ត្រូវ​រៀន​ពី​កម្រិត​ទាប​ឡើងវិញ​ក៏ដោយ។

ហេតុអ្វី​បានជា ដេវីដ ធ្វើការ​សម្រេចចិត្ត​យ៉ាង​ដូច្នេះ? យុវជន​មាឌតូច​ល្អិត មហិច្ឆតា​ធំ​រូបនេះ បាន​អះអាងថា តាមពិតទៅ​រូបគេ​បានឈ្នះ​អាហារូបករណ៍​ថ្នាក់​វិទ្យាល័យ​អន្តរជាតិ​ដើម្បី​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ចាប់តាំងពី​គេ​មិនទាន់​ប្រឡង​បាក់​ឌុប​ម្ល៉េះ ដោយ​រូបគេ​គ្រាន់តែ​រង់ចាំ​លទ្ធផល​នៃ​ការផ្លាស់ប្តូរ​ពី​កូ​ស្តា​រី​កា មក​សិង្ហ​បុរី​វិញ​ប៉ុណ្ណោះ។

ទីបំផុត ជឹម ដេវីដ ទទួលបាន​នូវ​ការ​ឱកាស​បន្ត​ការសិក្សា​នៅ​ប្រទេស​សិង្ហ​បុរី ដោយ​បច្ចុប្បន្ន​គេ​កំពុង​បន្ត​ការសិក្សា​ថ្នាក់​ទី១១នៅឯ​វិទ្យាល័យ​លំដាប់​ពិភពលោក ឈ្មោះ «United Wolrd College South East Asia» ដែលជា​គ្រឹះស្ថាន​អប់រំ​ថ្នាក់មធ្យមសិក្សា​ដ៏​ល្បី​មួយ។

ដេវីដ ដែលមាន​ក្តី​សុបិន​ក្នុងការ​សិក្សា​បន្ត​ថ្នាក់​បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក​នោះ បាន​រៀបរាប់​ប្រាប់​តាម​ប្រព័ន្ធ Skype ពី​ប្រទេស​សិង្ហ​បុរី​មក​ថា៖ «តាំងពី​ខ្ញុំ​នៅ​តូ​ចមក បំណង​របស់ខ្ញុំ​ធំ​បំផុត​គឺ​ខ្ញុំ​ចង់​រៀន​នៅ​ស្រុក​គេ អីចឹង​ខ្ញុំ​តែងតែ​ខំរៀន តាំងចិត្ត​ដើម្បី​សម្រេច​បំណងប្រាថ្នា​ខ្លួនឯង»។

ដេវីដ បាន​អះអាងថា ដោយសារតែ​មានការ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​ក្រុមគ្រួសារ​ឱ​ពុក​ម្តាយ​ទើប​ធ្វើឱ្យ​ដេវីដ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្ត​ខិតខំ​រៀន និង​ទទួលបាន​លទ្ធផល​ដ៏​ល្អ​បែបនេះ។ គេ​បាន​ណែនាំ​ដល់​យុវជន​ដទៃទៀត​ឲ្យ​មាន​ភាពក្លាហាន​ក្នុងការ​ប្រជែង​យក​អាហារូបករណ៍​នានា​នៅក្រៅ​ប្រទេស​ផងដែរ។

មាន​រាង​តូច​ច្រឡឹង​ប្រកបដោយ​ទឹកមុខ​ញញឹម​ស្រស់ស្រាយ កញ្ញា​ជឹម ឆាយ​លីន ដែល​ត្រូវជា​បងស្រី​ទី៤របស់​ដេវីដ​បាន​រៀបរាប់​សរសើរ​ប្អូនប្រុស​របស់ខ្លួន​មិន​ដាច់​ពី​មាត់​ថា៖ «កាល​រៀន​នៅ​វិទ្យាល័យ ដេវីដ​គឺជា​ក្មេង​ល្អ​ដែល​ខិតខំ​ប្រឹង​រៀនសូត្រ មិនសូវ​ដើរលេង មិនចេះ​អួតអាង និង​ចេះ​ចែករំលែក​អ្វីដែល​ខ្លួន​ចេះ​ទៅ​សិស្ស​ដទៃ។ ខ្ញុំ​មានការ​ត្រេកអរ និង​មាន​មោទនភាព​ណាស់​ចំពោះ​ប្អូនប្រុស​ខ្ញុំ»៕

ដោយៈ រិ​ន សុ​ក្រិ​ត្យ
 


© រក្សាសិទ្ធិដោយ thmeythmey.com