ពីនេះ ពីនោះ
រូបត្លុក
រដូវ​រៀបការ​ក្នុងសម័យ​កូ​វីដ​-១៩, តើ​គួរ​ផ្អាក ឬ​មិនគួរ​?
26, Mar 2020 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ សុធីរ និង​សំណាង ដូចជា​មិនសូវ​បាន​ដេក​គ្រប់គ្រាន់​ប៉ុន្មាន​ឡើយ ព្រោះ​ពួកគេ​រវល់​តាមដាន​ការវិវត្ត​នៃ​មេរោគ​កូ​វីដ​១៩​។ ឥទ្ធិពល​នៃ​មេរោគ​នេះ បាន​ជះ​មកលើ​ជីវិត និង​ជីវភាព​ពលរដ្ឋ​នៅលើ​ពិភពលោក និង​នៅ​កម្ពុជា​។ នៅថ្ងៃនេះ សុធីរ និង​សំណាង ជជែក​គ្នា​ជុំវិញ​ប្រធានបទ​ថា តើ​គួរ​ផ្អាក​ពិធី​អាពាហ៍ពិពាហ៍ ឬ​មិនគួរ​ក្នុង​បរិបទ​មេរោគ​កូ​រ៉ូ​ណា​នេះ​?



​សំណាង​៖ រឿង​រៀបការ​ជា​រឿង​ចាំបាច់​ណាស់​ក្នុង​ជីវិត​គូស្រករ​ថ្មី​ថោង​ដែល​មិន​ធ្លាប់​ស្គាល់​ថា តើ​អ្វី​ទៅជា​ជីវិត​គ្រួសារ​នោះ​។ ពី​ធី​នេះ ត្រូវបាន​គេ​គិតថា មួយជីវិត​មានតែ​ម្តង ដូច្នេះ មិនអាច​ផ្អាក់​បានទេ អា សុធីរ​! រឿង​អី​ផ្សេង​អាច​ផ្អាកបាន តែ​អានេះ វា​រឿង​ជីវិត​ណា៎​? 
 
​សុធីរ​៖ អា សំណាង​! អ្ហែង​គិត​អ៊ីចឹង​ក៏បាន​។ តែ​រឿង​មេរោគ​កូ​វីដ​១៩ ក៏​ជា​រឿង​ជីវិត​ដែរ វា​សម្លាប់​មនុស្ស​ណា៎​។ ម្ចាស់​ដើមការ​គិតថា វា​ជា​រឿង​ជីវិត​។ តែ​អ្នកចូលរួម​វិញ ក៏​គេ​គិតពី​ជីវិត​គេ​ដែរ​។ គេ​ខ្លាច ព្រោះ​មនុស្ស​ជុំគ្នា​ច្រើន​អាចជា​ប្រភព​ចម្លង​មេរោគ​កូ​វីដ​ហ្នឹង​ណា៎​។ អញ​ប្រាប់​ឯង​ឲ្យ​ហ្នឹង អ្នកចូលរួម​គេ​ខ្សឹបខ្សៀវ​គ្នា​ថា គេ​មិន​ចង់​ចូលរួម​ទេ តែ​វា​ពិបាក​និយាយ ព្រោះ មនុស្ស​រាប់អាន​គ្នា​។ បើ​អ្នករៀបចំ​យល់ចិត្ត​អ្នកចូលរួម​វិញ អ្នកចូលរួម​មិនដឹង​ជា​សប្បាយចិត្ត​ប៉ុណ្ណា​ទេ ថ្លើម​រីក​ប៉ុណ្ណា​ទេ​។ 
 
​សំណាង​៖ ចុះបើ​គេ​កក់​ទីតាំង ម្ហូបអាហារ សម្អាងការ​។​ល​។ រួចរាល់​អស់ហើយ​ហ្នឹង​? ធ្វើ​ម៉េច​ទៅ​?   
 
​សុធីរ​៖ អើ​វា​ពិបាក​គិត​មែន​។ តែ​អ្នកចូលរួម​គេ​មិន​ចង់​ទេ​វើ​យ​។ ពិធីការ​មួយចំនួន​អត់​មាន​អ្នកចូលរួម​ទេ​។ អ៊ីចឹង​ម្ចាស់​ដើម​ការគួរ​ប្រយ័ត្ន​។ បើតាម​យោបល់​អញ ម្ចាស់​ដើមការ​ដែល​ត្រូវ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ក្នុង​បរិបទ​កូ​វីដ​នេះ គួរតែ​លើក​ពេល​ទៅ​ថ្ងៃក្រោយ វា​ល្អ​ជាង​។ ចូរ​កុំ​រៀប​ចំពេល​ប្រទេសជាតិ​កំពុង​ប្រឈម​នឹង​គ្រោះអាសន្ន​ដូច្នេះ​។ សុភមង្គល​គ្រួសារ​មិនកើត​ចេញពី​បរិយាកាស​អាក្រក់​មួយ​នេះឡើយ​។ 
 
​សំណាង​៖ បើ​ផ្អាក​ពិធី ចុះ​លុយ​កក់​ដែល​ម្ចាស់ការ​កក់​ឲ្យ​គេ​ហើយ​នោះ ធ្វើ​ម៉េច​ទៅ​? 
 
​សុធីរ​៖ ថា​ពិបាក​ដោះស្រាយ​ក៏​ថា​បាន ថា​មិន​ពិបាក​ក៏បាន​។ អ្នកយក​ប្រាក់​កក់​គេ​ទាំងឡាយ បើ​មិនទាន់​ខាតបង់​អ្វី​ទេ គួរ​ប្រគល់​លុយ​ឲ្យ​គេ​វិញ​ទៅ វា​ចប់​ទៅហើយ​។ ជួយ​គ្នា​ក្នុង​គ្រាអាសន្ន​!​។ កុំ​កេង​គ្នា​ពី​គ្រោះ​ឲ្យ​សោះ​! អា សំណាង អ្ហែង​ហ្នឹង​ទេ​? នៅក្នុង​ប្រទេស​មួយចំនួន ក្នុង​បរិបទ​កូ​រ៉ូ​ណា​នេះ គេ​កំណត់​ឲ្យ​អ្នកចូលរួម​ពិធី​អាពាហ៍ពិពាហ៍​តែ​ក្រោម​១០​នាក់​ប៉ុណ្ណោះ​។ អញចង់​ប្រាប់​ឯង​ចំណុច​មួយទៀត ដដែលៗ​ថា អ្នកចូលរួម​ពិពាហ៍​ពិពាហ៍​គេ​ពិបាកចិត្ត​ណាស់ ប្រសិនបើ​ពួកគេ​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​រដូវ​កូ​វីដ​១៩​នេះ​។ គេ​ពិបាកចិត្ត​មែន​អ្ហា៎ អា សំណាង​! 
 

© រក្សាសិទ្ធិដោយ thmeythmey.com