ជាតិ
ប្រធានាធិបតី Kennedy៖«​ចូរ​កុំ​សួរថា តើ​ប្រទេស​របស់​អ្នក​បានធ្វើ​អ្វីខ្លះ​សម្រាប់​អ្នក​? ចូរ​សួរថា តើ​អ្នក​អាចធ្វើ​អ្វីខ្លះ​ដើម្បី​ប្រទេស​របស់​អ្នក​?»
27, Mar 2020 , 11:29 am        
រូបភាព
​លិខិត​មិត្ត​អ្នកអាន ដោយ​លោក ជុំ សន្យា ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ នៃ​សាលា​កុលសម្ព័ន្ធ​

​ជាទូទៅ ឪពុកម្តាយ​នឹងត្រូវ​បាន​គេ​បន្ទោស​ច្រើនជាងគេ​បំផុត នៅពេលដែល​គ្រួសារ​មួយ​បរាជ័យ​នៅក្នុង​សង្គម​។ ទោះជា​យ៉ាងណាក៏ដោយ នេះ​មិន​ពិតជា​មានន័យថា កូនៗ​ពី​គ្រួសារ​ដែល​បរាជ័យ រួច​ផុតពី​ការបន្ទោស​នោះទេ​។ តាមពិត ទោះជា​ការបន្ទោស​ភាគច្រើន​ត្រូវបាន​ទម្លាក់​ទៅលើ​ឪពុកម្តាយ​ក៏ដោយ ក៏​ភាគី​ទាំងសងខាង (​ឪពុកម្តាយ និង​កូន​) ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​បរាជ័យ​របស់​គ្រួសារ​របស់​ពួកគេ​ដែរ​។ ជារួម ភាគី​ទាំងសងខាង​នឹង​ត្រូវបាន​បន្ទោស​ដោ​យស​ង្គ​ម​ទាំងមូល​។​

 
​កត្តា​មួយ​ក្នុងចំណោម​កត្តា​សំខាន់ៗ​បំផុត​ដែល​រុញច្រាន​ឲ្យ​គ្រួសារ​មួយ ទៅដល់​កន្លែង​ដែល​ត្រូវបាន​គេ​មើលឃើញថា ជា​គ្រួសារ​ខ្លាំង និង​មាន​ប្រសិទ្ធភាព គឺ​កិច្ចសហការ​។ មិត្ត​ចាស់​របស់​យើង គឺ អា​រី​ស្តូ​ត ទទួលស្គាល់​ការពិត​ដែលថា នយោបាយ​គឺជា​អន្តរ​កម្ម​រវាង​អ្នកដឹកនាំ និង​ប្រជាជន ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​។ ប្រសិនបើ​គ្មាន​អន្តរ​កម្មនេះ​ទេ យើង​នឹង​រស់នៅក្នុង​រដ្ឋ​ធម្មជាតិ​។ តាមរបៀប​ដូចគ្នានេះដែ​រ ប្រទេសមួយ​មិនអាច​ក្លាយជា​រដ្ឋ​ខ្លាំង ឬ​មាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​គ្មាន​កិច្ចសហការ​ដែល​ចាំបាច់​ជាមុន​នេះ​ទេនោះ​។ ប្រសិនបើ​គ្មាន​ការងារ​ជា​ក្រុម​នេះ​ទេ ស្មារតី​នៃ​សុភមង្គល​ទំនងជា​នឹង​មិនអាច​សម្រេច​បានឡើយ​។​
 
​ការសិក្សា​ជាច្រើន រួមទាំង​អ្នកនិពន្ធ​ល្បីៗ​ជាច្រើន សាស្ត្រាចារ្យ និង​អ្នកប្រាជ្ញ ជនបរទេស និស្សិត និង​ជាពិសេស Facebook ទំនងជា​ផ្តោតលើ​ការរិះគន់​តែ​ទៅលើ​រដ្ឋាភិបាល​ប៉ុណ្ណោះ ចំពោះ​ការមិន​បាន​បំពេញការងារ​ឲ្យ​បានល្អ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​។ ការ​នេះ​មាន​ភាព​ពិតប្រាកដ​ជាពិសេស ប្រសិនបើ​រដ្ឋាភិបាល​មិនអាច​លើកកម្ពស់​ឋានៈ​របស់ខ្លួន​ពី​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​បំផុត (LDC) ដែលមាន​នៅក្នុង​បញ្ជី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទៅកាន់​ឋានៈ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ឬ​ប្រទេស​អភិវឌ្ឍន៍ ចាប់តាំងពី​ការបោះឆ្នោត​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៣ រហូតដល់​បច្ចុប្បន្ន​បានទេ​នោះ​។​
 
​ដូច្នេះ តាម​ដែល​អ្នកនិពន្ធ​ដឹង អ្នក​រិះគន់​ទៅលើ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​យឺត​ទាំងនេះ ប្រហែលជា​បាន​ខកខាន​ក្នុងការ​អនុវត្តតាម​ដំបូន្មាន​របស់​បិតា​ស្ថាបនិក​នយោបាយ អា​រី​ស្តូ​ត នៅពេលដែល​គាត់​បានប្រកាសថា «​នយោបាយ​គឺជា​អន្តរ​កម្ម​រវាង​អ្នកដឹកនាំ និង​ប្រជាជន​ផ្ទាល់​របស់ខ្លួន ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​»​។ ដូច្នេះ អ្នក​រិះគន់​រដ្ឋាភិបាល​មិនអាច​គ្រាន់តែ​ទម្លាក់កំហុស​ទាំងស្រុង​លើ​ថ្នាក់ដឹកនាំ​ឡើយ​។ ប្រសិនបើ​ប្រទេសមួយ​មិនបាន​លើកកម្ពស់​ឋានៈ​របស់ខ្លួន​ពី LDC ទៅជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ឬ​ប្រទេស​អភិវឌ្ឍន៍ មួយផ្នែក ពី​ព្រោះតែ​ពុំមាន​កិច្ចសហការ​ពី​ប្រជាជន និង​ជាពិសេស មួយផ្នែក​ទៀត ដោយសារ​កង្វះ «​ធនធាន​សង្គម​»​។​
 
​ទាក់ទង​នឹង​ទឡ្ហីករណ៍​ខាងលើ នេះ​គឺជា​ឧទាហរណ៍​មួយចំនួន​ដើម្បី​គាំទ្រ​ជំហរ​របស់ខ្ញុំ​។ សូមកុំ​យល់​ខុស​ចំពោះ​ខ្ញុំ ពីព្រោះ​ខ្ញុំ​ព្យាយាម​ធ្វើការ​បង្ហាញ​សម្រាប់តែ​គោលបំណង​អភិវឌ្ឍន៍​ប៉ុណ្ណោះ​៖ ១) ខ្វះ​ការពិចារណា​ជាទូទៅ​, ២) មនុស្ស​មួយចំនួន​ឆេវឆាវ​ខ្លាំងណាស់ និង​ពុំមាន​ហេតុផល​ឡើយ​, ៣) មាន​ជំនឿ​ជ្រុល​ពេក​លើ​ជោគវាសនា​, ៤) ខ្វះ​វិន័យ​ផ្ទាល់ខ្លួន និង​វិជ្ជាជីវៈ​,៥)  ខ្វះ​គំរូ​ឧស្សាហ៍​ព្យាយាម និង​ឆ្លាត​វៃ​, ៦) ចុងក្រោយ​បំផុត គឺ​កង្វះ​អនាម័យ និង​បរិស្ថាន​។ ជាងនេះទៀត មនុស្ស​ស្លូតត្រង់ ចេះ​ជួយ​យកអាសា និង​ស្មោះត្រង់​ដែល​ញញឹម ហាក់ដូចជា​បាន​បាត់បង់​ជា​បណ្តើរៗ​ពី​វប្បធម៌​ដ៏​ល្អ​បវរ​របស់​យើង​។ នេះ​គឺជា​រឿង​ដែល​គួរ​ឲ្យ​សង្វេគ​ណាស់ ដោយសារ​ទាំងនេះ​គឺជា​គុណសម្បត្តិ​ដែល​យើង​ជា​ប្រជាជន​កម្ពុជា ធ្លាប់​ល្បីល្បាញ​។​
 
​ជារួម កិច្ចសហការ និង​ធនធាន​សង្គម មិន​មាននៅ​ទីនោះ​ទេ​។ តាមពិត មនុស្ស​មួយចំនួន​គួរ​កសាង «​ស្មារតី​សហការ​» និង «​ធនធាន​សង្គម​» ជាមុនសិន មុន​ពេលដែល​ពួកគេ​មាន​បុព្វសិទ្ធិ​ក្នុងការ​បន្ទោស​អ្នកដទៃ​។ សំខាន់​ជាងនេះទៀត ការ​ត្អូញត្អែរ និង​ការរិះគន់​មិនមែនជា​ដំណោះស្រាយ​នោះទេ​។ ដំណោះស្រាយ​ដែល​ល្អ​គឺថា នៅពេលដែល​រដ្ឋាភិបាល​កំពុងស្ថិត​នៅក្នុង​ដំណើរ​នៃ​ការកែប្រែ​សមត្ថភាព​របស់ខ្លួន ប្រជាជន​កម្ពុជា​ត្រូវតែដើរ​តាម​សេចក្តី​ថ្លែង​ដ៏​ល្បី​របស់​ប្រធានាធិបតី John F. Kennedy ដែល​បាន​ណែនាំ​ថា «​ចូរ​កុំ​សួរថា តើ​ប្រទេស​របស់​អ្នក​អាចធ្វើ​អ្វីខ្លះ​សម្រាប់​អ្នក​? ចូរ​សួរថា តើ​អ្នក​អាចធ្វើ​អ្វីខ្លះ​ដើម្បី​ប្រទេស​របស់​អ្នក​?»​។ ប៉ុន្តែ ដោយ​របៀប​ណា​?
 
​តើ​ពលរដ្ឋ​អាច​ត្រូវបាន​កែប្រែ​ឲ្យ​ក្លាយជា​ប្រជាជន​ដែល​ទទួលខុសត្រូវ និង​ទទួលយក​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា ជាជាង​ការព្រងើយកន្តើយ ឬ​ការ​ត្អូញត្អែរ​បាន​ដោយ​របៀប​ណា​? ឧទាហរណ៍ ប្រព័ន្ធ​អប់រំ​របស់​យើង​នៅមានកម្រិត​។ ប៉ុន្តែ នេះ​មិនមែន​មានន័យថា ប្រជាជន​កម្ពុជា​គួរ​មាន​អារម្មណ៍​អស់សង្ឃឹម ឬ​ក្លាយជា​អាក់អន់ចិត្ត​នោះទេ​។ យោងតាម​ទស្សនៈ​អំពី «​កា​ធ្វើការ​យ៉ាង​ឧស្សាហ៍​ព្យាយាម និង​ការធ្វើការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​» និង​ផ្អែកលើ​សេចក្តី​ថ្លែង​របស់ John F. Kennedy និស្សិត​អាច​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព​ក្នុងការ​សិក្សា​។ តាមរយៈ​ការសិក្សា​ប្រកបដោយ​ភាព​ឆ្លាត​វៃ វា​អាចទៅរួច​ដែល​និស្សិត​ទាំងនេះ​អាច​ក្លាយ​ជាមាន​ភាព​ស្ទាត់ជំនាញ​នៅក្នុង​វិស័យ​ណាមួយ​ដែល​ពួកគេ​មាន​ចំណាប់អារម្មណ៍ ឬ​អាច​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​។ ទាក់ទង​នឹង​ការទទួលយក​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន នៅពេល​អ្នក​យល់​អំពី​របៀប​សិក្សា អ្នក​នឹងមិន​ត្រឹមតែ​ជួយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ថែមទាំង​ជួយ​ដល់​ក្រសួង​អប់រំ ព្រមទាំង​រដ្ឋាភិបាល​ទាំងមូល​ផងដែរ​។​
 
​ជា​អវសាន​នៃ​សារ​របស់ខ្ញុំ ពុំមាន​ប្រទេស​ណាមួយ​នៅលើ​ពិភពលោក​អាច​បោះជំហាន​ទៅមុខ ដោយ​គ្មាន​កិច្ចសហការ​រវាង​ប្រជាជន និង​ថ្នាក់ដឹកនាំ​របស់ខ្លួន​នោះទេ​។ ជាងនេះទៅទៀត នៅពេលដែល​រដ្ឋាភិបាល​រវល់​ធ្វើកំណែទម្រង់ ប្រជាជន​គួរ​កសាង «​ធនធាន​សង្គម​» ផ្ទាល់​របស់​ពួកគេ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគេ​ផ្ទាល់ ដល់​រដ្ឋាភិបាល និង​ដើម្បី​ប្រទេស​ទាំងមូល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com