បទយកការណ៍ / បទសម្ភាសន៍
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ម៉ម សូណង់ដូ៖ ខ្ញុំ​គ្មាន​ជំនឿ​ថា សម រង្ស៊ី កឹម សុខា អា​ចរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​បានឡើយ
22, Oct 2013 , 8:21 am        
រូបភាព
ដោយ:

ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ បាន​សម្តែង​ការ​អស់ជំនឿ​ចិត្ត​ចំពោះ​មេដឹកនាំ​បក្សប្រឆាំង ដែលមាន​គោលការណ៍​មិន​ច្បាស់លាស់​ក្នុងការ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត។ អតីត​អ្នកចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ប្រឆាំង​រូបនេះ បាន​អះអាងថា ទង្វើ​របស់ លោក សម រង្ស៊ី និង​កឹម សុខា បច្ចុប្បន្ន ពិតជា​មិនអាច​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​បានឡើយ។


ខាងក្រោម​នេះ ជា​បទសម្ភាសន៍​រវាង ឬ​ទ្ធី អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ។

 ថ្មីៗ៖ តើ​លោក​យល់​យ៉ាងណា​ដែល​ចំពោះ​សកម្មភាព ឬក៏​ជំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ការបោះឆ្នោត​បានបញ្ចប់ ក្នុងនាម​លោក​ជា​អ្នកគាំទ្រ​គណបក្ស​នេះ​ផងដែរ​នោះ?

ម៉ម សូណង់ដូ៖  ខ្ញុំ​យល់ថា ខ្ញុំ​មានការ​សោកស្តាយ​និង​អស់ជំនឿ​ចិត្ត​ខ្លាំងណាស់ ទៅលើ​ជំហរ​របស់​មេដឹកនាំ​បក្សប្រឆាំង​នាពេល​បច្ចុប្បន្ន ពីព្រោះថា ខ្ញុំ​មើលទៅ​ជំហរ​មេដឹកនាំ​ទាំ​ពីរ​នេះ មិនមាន​ភាពច្បាស់លាស់​ទាល់តែសោះ ម្តង​និយាយ​បែបនេះ ម្តង​និយាយ​បែប​នោះ គ្មាន​ពិតប្រាកដ​ឡើយ។ មូលហេតុ​អី្វ បានជា​ខ្ញុំ​និយាយ​បែប​ហ្នឹង? ដោយសារ​ថា ពីមុនមក​និយាយ​ជាមួយ​ម្ចាស់ឆ្នោត​ថា ត្រូវតែ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ឲ្យ​បានជា​មុន ឲ្យ​បានជា​ដាច់ខាត តែ​ឥឡូវ​ទៅ​និយាយ​ជាមួយ​លោក ហ៊ុន សែន ចង់បាន​ដំណែង​ប្រធានរដ្ឋសភា ថែមទាំង​និយាយថា គ្មាន​នរណា​ឈ្នះ អ្នកណា​ចាញ់​ទៀត។ ខ្ញុំ​ថា ពេលនេះ​បោកប្រាស​ប្រជាពលរដ្ឋ យក​ពលរដ្ឋ​ជា​ឈ្នាន់​ដើម្បី​តែ​អំណាច​របស់លោកធំៗអស់នោះ​តែប៉ុណ្ណោះ។ ដូច្នេះ​ថា មើលទៅ​ដំបូង​ឡើយ​ចង់​ប្តូរ​គេ ឥឡូវ​បែរជា​ប្តូរ​ខ្លួនឯង​វិញ ពិបាក​យល់​តែម្តង។

ថ្មី៖យ៉ាងណាក៏ដោយ​ពីមុនមក លោក​ក៏​ជា​អ្នកគាំទ្រ​គណបក្ស​នេះ​ផងដែរ ហើយ​ថែមទាំង​លោក បាន​ចូលរួម​សកម្ម​ភាពជា​មួយទៀត?

ម៉ម សូណង់ដូ៖ ខ្ញុំ​គាំទ្រ និង​ចូលរួម​មែន​ពេលនោះ តែ​លោក​ត្រូវ​យល់​កាលណោះ ខ្ញុំ​គាំទ្រ​ខ្ញុំ​មិន​គាំទ្រ​ទាំ​ងងឹត​ងងុល​នោះទេ គឺ​ខ្ញុំ​គាំទ្រ​ដោយសារ​ក្នុង​ចិត្ត​របស់ខ្ញុំ​ចង់​ផ្លាស់ប្តូរ​សង្គម ចង់​ផ្លាស់ប្តូរ​មេដឹកនាំ​បច្ចុប្បន្ន ដើម្បី​ឲ្យ​ប្រទេស​ខ្ញុំ​មាន​មេដឹកនាំ​ថ្មី​ដែលមាន​សមត្ថភាព និង​គិតពី​ផលប្រយោជន៍​ជាតិ​ជាធំ​តែប៉ុណ្ណោះ។

ថ្មីៗ៖ អំបាញ់មិញ​លោក និយាយថា មេដឹកនាំ​បក្សប្រឆាំង​ចង់បាន​ដំណែង​ជា​ប្រធានរដ្ឋសភា ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច មូលហេតុ​អ្វី​បានជា​លោក​មិន​គាំទ្រ​ជំហរ​នេះ?

ម៉ម សូណង់ដូ៖ លោក​គិត​មើល ក្រែង​ដំបូង​ចង់រក​យុត្តិធម៌​ជូន​ពលរដ្ឋ ចុះ​ហេតុអ្វី​មក​ចង់បាន​ដំណែង​ជា​ប្រធានរដ្ឋសភា ហើយ​បោះបង់ចោល​ឆន្ទៈ​របស់​ពលរដ្ឋ ដែល​ខំ​បោះឆ្នោត​ឲ្យ និង​ខំតស៊ូរ​ជាមួយ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជាមួយ​គណបក្ស​ខ្លួន ហើយ​សួរថា តើ​ពាក្យសន្យា​របស់ខ្លួន ដែល​ធ្លាប់​សន្យា​ជាមួយ​ពលរដ្ឋ​កាលពី​ពេលមុន​អាចធ្វើ​បានទេ? ខ្ញុំ​ហ៊ាន​ធានាថា ពិតជា​មិនអាច​ធ្វើ​បានឡើយ។

ថ្មីៗ៖ តែ​យ៉ាងណាក៏ដោយ នៅពេលនេះ យើង​នៅ​មិនទាន់​ដឹងថា តើ​គណបក្សប្រឆាំង​ចង់បាន​តែ​តុល្យភាព​អំណាច​ហើយ​ឈប់​ទាមទារ​យុត្តិធម៌​ជូនព​ត៌​រដ្ឋ​ឬ​យ៉ាងណាទេ តែ​បើសិនជា​បែបនេះ​មែន តើ​លោក​មាន​យោបល់​បែបណា​ដែរ?

ម៉ម សូណង់ដូ៖ បើ​ដូច្នេះ​មែន ខ្ញុំ​គ្មាន​យោបល់​អ្វី​ទេ​បាទ ហួស​នឹង​និយាយ​ជាមួយ​ពួក​លោកធំ​អស់ហ្នឹង​ហើយ។

ថ្មីៗ៖ លោក​មើលទៅ ដំណើរ​ឬ​កាយវិកា​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុប្បន្ននេះ អាច​នឹង​រក​យុត្តិធម៌​ជូន​ពល់រដ្ឋ​បានទេ?

ម៉ម សូណង់ដូ៖ ខ្ញុំ​ថា អត់​បាន​ទាល់តែសោះ​នូវ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ឥឡូវនេះ​គាត់​គ្រាន់តែ​បោកប្រាស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ពីព្រោះ​អី​គោលដៅ​របស់​ពួកគាត់​មិន​ច្បាស់លាស់ ម្តង​បែបនេះ ម្តង​បែប​នោះ មើលទៅ​ខ្ញុំ​ថា ពួកគាត់​នឹង​ចង់​បានតែ​អំណាច​តែប៉ុណ្ណោះ គ្មាន​ចង់បាន​យុត្តិធម៌​ជូន​ពលរដ្ឋ​អ្វី​ទេ​បាទ។

ថ្មីៗ៖ ជា​សំណួរ​ចង់​ក្រោយ ដោយសារតែ​លោក​ធ្លាប់​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ប្រឆាំង នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ គណបក្ស​នេះ​នឹងធ្វើ​មហា​បាតុកម្ម​លើក​ទី ៣ តើ​លោក​គាំទ្រ​ឬ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នេះ ឬ​អត់?

ម៉ម សូណង់ដូ៖ ខ្ញុំ​គាំទ្រ​បើ​បាតុកម្ម​នោះ​ធ្វើឡើង​ពិត​ជាមាន​គោលដៅ​ពិតប្រាកដ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​មែន។ តែ​ឥឡូវនេះ​ឲ្យ​ខ្ញុំ​ចូលរួម​ក្នុង​បាតុកម្ម​នេះ ខ្ញុំ​មិន​យក​ខ្លួន​ខ្ញុំ​ទៅ​ប្រឡាក់​ជាមួយលោកធំៗអស់ហ្នឹង​ទៀត​ទេ គឺ​ខ្ញុំ​មិន​ចូលរួម​ជាមួយ​ឡើយ​បាទ។ តែ​ទោះបីជា​ខ្ញុំ​មិន​ចូលរួម​មែន ខ្ញុំ​មិន​ហាមឃាត់​សមាជិក​អ្នកប្រជាធិបតេយ្យ មិន​ឲ្យ​គេ​ចោល​រួម​ដូច​ខ្ញុំ​នោះទេ បើ​គេ​មាន​ឆន្ទៈ​ចង់​ចូលរួម​ក៏​ធ្វើទៅ ខ្ញុំ​បើក​សិទ្ធិ​ឲ្យ៕

 



© រក្សាសិទ្ធិដោយ thmeythmey.com