ភ្នំពេញ៖ ដោយមើលឃើញពីទុក្ខលំបាករបស់កម្មកររោងចក្រ អ្នកស្រី សេង អែម ជាម្ចាស់ផ្ទះជួលមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្រេចមិនយកថ្លៃជួលផ្ទះរយៈពេល៣ខែ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០។ អ្នកស្រី មានបន្ទប់ជួល៤០បន្ទប់ និងមានកម្មកររោងចក្រជួលប្រមាណ៥០នាក់។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរសព្ទ អ្នកស្រី សេង អែម និយាយថា៖«ខ្ញុំ ឃើញកាលៈទេសៈនេះ គ្នាខ្វះខាតពេក ជួនណាគ្នាអត់ថែមម៉ោង។ ដល់ជិតចូលឆ្នាំខ្មែរ គ្នាមានលុយតែ៨០ដុល្លារ ខ្លះទៀតមានតែ៧០ដុល្លារអីទេ។ ដល់ពេលគ្នាត្រូវបង់ទឹកភ្លើង បង់ថ្លៃបន្ទប់ វាអស់ខ្ទង់៥០ដុល្លារហើយ អ៊ីចឹងគ្នាគ្មានលុយណាសម្រាប់ទៅផ្ទះវិញ។ អ៊ីចឹងហើយបានខ្ញុំសម្រេចចិត្តមិនយកតែម្តងទៅ ដោយសារគ្នាត្រូវការលុយសម្រាប់ចាយវាយពេលចូលឆ្នាំដែរ។ ប៉ុន្តែទឹកភ្លើងអីខ្ញុំគិតថ្លៃបន្តិចបន្តួចដែរ ដោយសារតែត្រូវបង់ឲ្យរដ្ឋ»។
អ្នកស្រី មានប្រាប់ថា ការមិនយកថ្លៃផ្ទះជួលរយៈពេល៣ខែ ធ្វើឲ្យអ្នកស្រី ខាតបង់ចំណូលជាង៦ពាន់ដុល្លារ។ តែអ្នកស្រី មានប្រសាសន៍ថា អ្នកស្រី មិនសោកស្តាយឡើយ។
អ្នកស្រី បញ្ជាក់ថា៖«ខ្ញុំ គិតថាអ្នកជួលផ្ទះខ្ញុំទាំងអស់ គឺខ្ញុំសុទ្ធតែចាត់ទុកដូចជាកូនខ្ញុំទាំងអស់។ បើរោងចក្រ ត្រូវបិទ គ្នាមកធ្វើការអត់កើត ហើយនៅស្រុក អីវ៉ាន់គ្នានៅផ្ទះជួលនេះ អាចទុកចោលរយៈពេល៥ ទៅ៦ខែនៅហ្នឹងចុះ ដល់ពេលណារោងចក្របើកវិញ អាចចូលមកនៅវិញចុះ»។
កន្លងមក ក៏មានម្ចាស់ផ្ទះជួលមួយចំនួន បានប្រកាសបញ្ចុះថ្លៃជួល និង មិនយកថ្លៃជួលដែរ។
ដើម្បីទប់ស្កាត់កុំឲ្យរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាល បានបិទអាជីវកម្មផ្សេង ដូចជា ក្លិបកម្សាន្ត ខារ៉ាអូខេ រោងកុន កាស៊ីណូ និង បៀហ្គាឌិន ជាដើម។ បុគ្គលិក ដែលបម្រើការងារតាមកន្លែងទាំងនេះ គឺសុទ្ធតែត្រូវព្យួរការងារ។
ចំពោះរោងចក្រ រដ្ឋាភិបាល ប្រកាសថា មិនអាចបិទបានឡើយ។ តែដោយសារតែខ្វះវត្ថុធាតុដើម និង អ្នកបញ្ជាទិញ ផ្អាកការទិញ ទើបធ្វើឲ្យរោងចក្រនៅកម្ពុជា ត្រូវបិទទ្វារដោយខ្លួនជាបន្តបន្ទាប់។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២ ខែមេសា ថា មកដល់ពេលនេះ កម្ពុជាមានរោងចក្រ៩១ហើយ ដែលបានព្យួរការងារ ហើយកម្មករ-កម្មការិនីជាង៦,១ម៉ឺននាក់ ដែលរងការប៉ះពាល់។
គិតមកដល់ថ្ងៃទី៣ ខែមេសា កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ១១៤នាក់ តែក្នុងនោះមាន៣៥នាក់បានជាសះស្បើយ។ គិតជាសាកល មានមនុស្សលើសពី១លាននាក់ហើយ បានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះ មានអ្នកស្លាប់ប្រមាណ៥ម៉ឺន៣ពាន់នាក់ និងជាសះស្បើយជាង២១ម៉ឺននាក់៕