COVID-19
អន្តរជាតិ
COVID-19៖ វៀតណាម​ប្រើ​វិធីសាស្ត្រ «​ម៉ាស់​ការទូត​» ប្រជែង​ឥទ្ធិពល​ចិន​
12, Apr 2020 , 7:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​បន្ទាប់ពី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បាន​អុកឡុក​ពិភពលោក​បាន​មួយរយៈ​មក ចិន​បាន​បរិច្ចាគ​ម៉ាស់ និង​សម្ភារ​វេជ្ជសាស្ត្រ​ជាច្រើន​ផ្សេងទៀត ទៅ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ដូចជា​អ៊ីតាលី អេ​ស្ប៉ា​ញ និង​ប្រទេស​ផ្សេងទៀត​ជាដើម​។ ក្រៅពី​ចិន វៀតណាម​ក៏បាន​ពង្រីក​ការទូត​របស់ខ្លួន​ផងដែរ តាមរយៈ​ការបរិច្ចាគ​ម៉ាស់ និង​សម្ភារ​វេជ្ជសាស្ត្រ ទៅ​ឲ្យ​អាមេរិក បណ្តា​ប្រទេស​អឺរ៉ុប និង​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃទី​១០ ខែមេសា​។



​ខណៈពេល​ចិន​កំពុង​ព្យាយាម​បង្កើន​ទំនុកចិត្ត​របស់ខ្លួន​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការបញ្ជូន​អ្នកជំនាញ សម្ភារ​វេជ្ជសាស្ត្រ និង​ឧបករណ៍​ផ្សេងទៀត ទៅ​ឲ្យ​បណ្តា​ប្រទេស​មួយចំនួន វៀតណាម​ឯណោះ​វិញ ក៏បាន​ចាប់ផ្តើម​បរិច្ចាគ​សម្ភារ​វេជ្ជសាស្ត្រ​ដូចគ្នា បើទោះបីជា​មិនសូវមាន​ធនធាន​ដូច​ចិន​ក៏ដោយ​។ ក្នុង​រយៈពេល​កន្លងមក​វៀតណាម បាន​បរិច្ចាគ​ម៉ាស់​ចំនួន ៥៥​ម៉ឺន​សន្លឹក​ទៅ​ឲ្យ​បារាំង អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ា​ញ និង​អង់គ្លេស​ជាដើម​។ បន្ថែម​ពីលើ​នេះ វៀតណាម​ក៏បាន​បរិច្ចាគ​ម៉ាស់​ចំនួន ៣៩​ម៉ឺន​សន្លឹក និង ឡាវ ៣៤​ម៉ឺន​សន្លឹក ដែលជា​ប្រទេសជិតខាង​របស់ខ្លួន​ដែរ​។ 
 
​បន្ថែម​ពីលើ​នេះ វៀតណាម ក៏​ជា​ប្រទេសមួយ​ដែល​អាច​ផលិត​ម៉ាស់​លក់​ឲ្យ​អាមេរិក​ផងដែរ​។ តាមរយៈ​បណ្តាញ​សង្គម Twitter ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ បាន​អរគុណ​វៀតណាម ដែល​ចំណាយ​ការដឹកជញ្ជូន​ដល់​អាមេរិក​នូវ​សម្ភារ​ការពារ ខោអាវ​ការពារ​ចំនួន ៤៥​ម៉ឺន​។ ការណ៍​នេះ បានធ្វើ​ឲ្យ​វៀតណាម កាន់តែ​មានកេរ្តិ៍ឈ្មោះ​បន្ថែមទៀត​នៅលើ​ឆាង​អន្តរជាតិ​។ 
 
​បើតាម​លោក Carl Thayer អ្នកជំនាញ​ការទូត​វៀ​ត​ណា​ម​ប្រចាំ​បណ្ឌិតសភា​ការពារជាតិ​អូស្ត្រាលី វៀតណាម កាន់​តែមាន​ទំនុកចិត្ត​ថែមទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​ដោយ​ជោគជ័យ​ជាមួយ​កូ​រ៉ូ​ណាវី​រុស​។ ក្នុងន័យនេះ វៀតណាម​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ដោះស្រាយ COVID-19 ក្នុងដំណាក់កាល​ទី​២​។ 
 
​ក្នុង​កាលៈទេសៈ​វៀតណាម​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ COVID-19 ក៏​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ មិន​ភ្លេច​ជួយ​មិត្ត​ជិតខាង​របស់ខ្លួន ដូចជា​កម្ពុជា និង​ឡាវ​ឡើយ​។ បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម ការបរិច្ចាគ​នេះ គឺ​ផ្អែក​ទៅតាម ទំនាក់ទំនង និង​មិត្តភាព​។ 
 
​វៀតណាម មាន​ក្រុមហ៊ុន​ផលិត​ម៉ាស់​ចំនួន ៤០ ដែលមាន​សមត្ថភាព​ផលិត​ម៉ាស់​រហូតដល់ ៧​លាន​សន្លឹក​ក្នុង​មួយថ្ងៃ​។ ចំណែក​ម៉ាស់​វះកាត់ វៀតណាម​អាច​ផលិត​បាន​រហូតដល់​ទៅ ៥,៧២​លាន​សន្លឹក​៕ 

Tag:
 វៀតណាម​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com