អង្គការ​សុខភាព​ពិភពលោក ពន្យល់​រឿង​ពាក់​ម៉ាស់​ការពារ COVID-19
COVID-19
ជាតិ
អង្គការ​សុខភាព​ពិភពលោក ពន្យល់​រឿង​ពាក់​ម៉ាស់​ការពារ COVID-19
12, Apr 2020 , 9:59 pm        
រូបភាព
ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ម៉ាស់​នៅតែ​ជា​សំណួរ​មួយ​ដែល​មនុស្ស​ជាច្រើន​នៅតែមាន​ចម្ងល់​។ វា​ក៏បាន​ក្លាយទៅជា​ទម្លាប់​ថ្មី​មួយ​របស់​ប្រជាជន​នៅក្នុង​កាលៈទេសៈ​នៃ​ការឆ្លង​វីរុស​មួយ​នេះដែរ​។ អស់​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ មានមតិ​ផ្សេងៗ​គ្នា​ជាច្រើន​ត្រូវបាន​លើកឡើង​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការពាក់​ម៉ាស់​។ វិធានការ​ត្រូវបាន​គេ​ធ្វើឡើង​ផ្សេងៗ​គ្នា​នៅតាម​ប្រទេស​នីមួយៗ​។

 
​នៅឯ​សហរដ្ឋអាមេរិក ស្ថាប័ន​វេជ្ជសាស្ត្រ​ទទួលបន្ទុក​ខាង​វះកាត់ (US Surgeon General) នៅ​ខែកុម្ភៈ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​របស់ខ្លួន​ឈប់​នាំគ្នា​ជាវ​ម៉ាស់​ទុក​។ ចំណែក​នៅឯ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​វិញ រដ្ឋាភិបាល​បាន​បរិច្ចាគ​ម៉ាស់​ជូន​ប្រជាជន​។ កាលពី​ថ្មីៗ​នេះ​នៅឯ​សាធារណៈ​ឆែក និង​ប្រទេស​ស្លូ​វ៉ា​គី ការពាក់​ម៉ាស់​កា​ពារ​ត្រូវបាន​គេ​កំណត់​ជា​ចាំបាច់​។ 
 
​កាលពី​ថ្ងៃទី​៣០ ខែមីនា មន្ត្រី​នៃ​អង្ក​ការ​សុខភាព​ពិភពលោក ឬ WHO បានធ្វើការ​បញ្ជាក់​ពី​របៀប​នៃ​ការប្រើប្រាស់​ម៉ាស់​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​មួយ​។ ចំពោះ​អ្នកមាន​ផ្ទុក COVID-19 ការពាក់​ម៉ាស់​គឺជា​រឿង​សំខាន់​ដើម្បី​ទប់ស្កាត់​ការចម្លង​ទៅ​អ្នកដទៃ​។ អ្នក​មើលថែ​អ្នកជំងឺ COVID-19 ផ្ទាល់​ក៏ត្រូវ​ពាក់​ម៉ាស់​ជា​ចាំបាច់​ដូចគ្នា​។ 
 
​ដោយសារតែ​ចំនួន​ប្រជាជន​ភាគច្រើន​ចាប់ផ្តើម​នៅក្នុង​ផ្ទះ ការចម្លង​ថ្មី​អាច​កើតឡើង​នៅក្នុង​វ​ង្វ​ង់​គ្រួសារ ដោយមាន​សមាជិកគ្រួសា​រណា​ម្នាក់​បានទទួល​វីរុស​ពេលធ្វើ​ដំណើរ​នៅ​ខាងក្រៅ​ផ្ទះ​។ មួយវិញទៀត​គឺ​ក្រុមគ្រូពេទ្យ​ដែលជា​អ្នកប្រចាំការ​ជួរមុខ​ជាមួយនឹង​អ្នកជំងឺ ពួកគេ​ក៏ត្រូវ​មាន​ម៉ាស់​ក្នុងការ​ការពារ​ជាប្រចាំ​ផងដែរ​។ 
 
​អង្ក​ការ​សុខភាព​ពិភពលោក​ក៏បាន​និយាយ​ផងដែរ​ថា ពួកគេ​មិនបាន​រិះគន់​ទៅលើ​ទង្វើ​របស់​ប្រទេស​ណាមួយ​ក្នុងការ​ប្រើប្រាស់​ម៉ាស់​នោះទេ​។ ប៉ុន្តែ​អង្ក​ការ​មួយ​នេះ​បានបញ្ជាក់​ពី​ការប្រើប្រាស់​ម៉ាស់​មិន​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​ការការពារ​ពី​វីរុស​មាន​ប្រសិទ្ធភាព​ខ្សោយ​។ 
 
​អ្នកជំនាញ​ខ្លះ​បានបញ្ជាក់​ផងដែរ​ថា ការប្រើប្រាស់​ម៉ាស់​ការពារ​អាចធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន​មាន​អារម្មណ៍​ថា ពួកគេ​មាន​សុវត្ថិភាព​គ្រប់គ្រាន់​។ ហេតុដូចនេះ ពួកគេ​អាច​បន្ថយ​ទម្លាប់​អនាម័យ​សំខាន់​ផ្សេងៗ​ទៀត​ដូច​ជាការ​លាងដៃ​ជាមួយ​សាប៊ូ​ជាដើម​។ អង្ក​ការ​សុខភាព​ពិភពលោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា វីរុស COVID-19 គឺជា​វីរុស​ដែល​ឆ្លងតាម​តំណក់ទឹក មិនមែន​តាម​ខ្យល់​នោះទេ​។ លោក Micheal J. Ryan ដែលជា​នាយក​ប្រតិបត្តិ​នៃ​អង្ក​ការ​សុខភាព​ពិភពលោក​មានប្រសាសន៍​ថា​៖«​អ្នក​អាច​ឆ្លង​វីរុស​នេះ​បាន លុះត្រាតែ​អ្នក​ទៅ​ប៉ះពាល់​អ្នកជំងឺ​ក្នុង​រយៈពេល​មួយ​ច្រើន​គួរសម​ដែរ​»​។ 
 
​ការបញ្ជាក់​របស់​អង្ក​ការ​សុខភាព​ពិភពលោក​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​សម្រួលការ​ផ្គត់ផ្គង់​ផលិតផល​ម៉ាស់​ទៅកាន់​ក្រុមគ្រូពេទ្យ​ដែល​កំពុង​ត្រូវការ​។ លោក Ryan ក៏បាន​បន្តទៀតថា ការប្រើប្រាស់​ម៉ាស់​ទៅលើ​ប្រជាជន​ធម្មតា ដែល​មិនមាន​ជំងឺ មិនត្រូវ​បាន​គេ​រកឃើញថា​មាន​ប្រសិទ្ធិភាព​អ្វី​នោះឡើយ មកទល់​ពេល​បច្ចុប្បន្ននេះ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com