COVID-19
អន្តរជាតិ
COVID-19៖ សហគ្រិន​វៀតណាម​ច្នៃ «​ទូATM អង្ករ​» សម្រាប់​ចែក​អង្ករ​ដល់​ប្រជាជន​ក្រីក្រ​
14, Apr 2020 , 8:30 am        
រូបភាព
ប្រជាជនវៀតណាម កំពុងឈរយកអង្ករ
ប្រជាជនវៀតណាម កំពុងឈរយកអង្ករ
​សហគ្រិន​វៀតណាម បាន​បង្កើត​ម៉ាស៊ីន​ចែក​អង្ករ ដើម្បី​ផ្តល់​អង្ករ​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាជន​ក្រីក្រ និង​ជន​គ្មាន​ការងារ​ធ្វើ ក្នុងអំឡុងពេល​បិទ​ប្រទេស ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១៣ ខែមេសា​។


​គិត​មក​ត្រឹម​ថ្ងៃទី​១៣ ខែមីនា  វៀតណាម​មាន​ករណី COVID-19 សរុប ២៦២​ករណី អ្នកជា​សះស្បើយ ១៤៤​ករណី និង​មិនមាន​ករណី​ស្លាប់​។ ដើម្បី​ទប់ស្កាត់​ការរីក​សាយ​ភាព​កូ​រ៉ូ​ណាវី​រុស វៀតណាម​ប្រកា​សបិទ​ប្រទេស​ទាំងមូល ដោយ​ឲ្យ​ប្រជាជន​នៅតែ​ក្នុងផ្ទះ តាំងពី​ថ្ងៃទី​៣១ ខែមីនា​មក​ម្លេះ​។ ការបិទ​ប្រទេស​នេះ គឺធ្វើឡើង​រយៈពេល ១៥​ថ្ងៃ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ជំនួញ​មួយចំនួន ត្រូវ​បិទ​បណ្តោះអាសន្ន ហើយ​មនុស្ស​ជាច្រើន​ពាន់​នាក់​ត្រូវ​បាត់បង់​ការងារ និង​គ្មាន​ប្រាក់ចំណូល​។​
 
​លោក Hoang Tuan Anh អ្នកជំនួញ​វៀតណាម​ម្នាក់ បាន​បង្កើត​ម៉ាស៊ីន​នេះ​ឡើង ដើម្បី​ជួយ​អ្នកគ្មានការងារ​ធ្វើ និង​ប្រជាជន​ក្រីក្រ ដែល​កំពុងតែ​រងគ្រោះ​ដោយសារ COVID-19 និង​ក្នុងអំឡុងពេល​រឹតត្បិត​របស់​រដ្ឋាភិបាល​។ ម៉ាស៊ីន​ចែក​អង្ករ ឬត្រូវបាន​ប្រជាជន​វៀតណាម​ហៅថា «​ទូA TM អង្ករ​» នោះ ត្រូវបាន​គេ​ដំឡើង​នៅក្នុង​ទីក្រុង​ធំៗ​ដូចជា ហាណូយ​, វ៉េ​, និង​ដា​ណា​ង​ជាដើម​។ 
 
​យ៉ាងណាមិញ ម៉ាស៊ីន​នេះ គឺ​ផ្តល់​អង្ករ​ឲ្យ​តែ​ប្រជាជន​ក្រីក្រ អ្នកលក់​ទិ​និ​ញ​តាមផ្លូវ ឬ​អ្នក​រកលុយ​បាន​តិចតួច ចំនួន ១,៥​គីឡូក្រាម​តែប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ដូច​ម៉ាស៊ីន​ដក​លុយ​ស្វ័យប្រវត្តិ​ដែរ ម៉ាស៊ីន​ចែក​អង្គរ​នេះ ក៏មាន​សន្តិសុខ​ចាំមើល​ផងដែរ​។ 
 
​បើតាម​ការអះអាង​រប​ស់​ស្ត្រី​ម្នាក់ ដែល​ទទួលបន្ទុក​ចិញ្ចឹម​កូន​បីនាក់ ទូរ​ATM អង្ករ​នេះ គឺ​ជួយ​ប្រជាជន​ក្រីក្រ​ខ្លាំងណាស់​។ ប្រជាជន​ម្នាក់ៗ អាច​រស់​នៅបាន​រយៈពេល​មួយថ្ងៃ​ទៀត ដោយ​ត្រឹមតែ​អង្ករ​មួយថង់ ដែល​គេ​ផ្តល់ជូន​។ 
 
​សូមបញ្ជាក់ថា កន្លងមក លោក Hoang Tuan Anh ក៏​ធ្លាប់​បរិ​ច្ឆា​គ​កណ្តឹង​ស្វ័យប្រវត្តិ​ជាច្រើន ដល់​មន្ទីរពេទ្យ​មួយចំនួន ក្នុង​ទីក្រុង​ហាណូយ​ដែរ មុនពេល​លោក​ចាប់ផ្តើម​ផលិត​ម៉ាស៊ីន​ចែក​អង្ករ​នេះ​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com