COVID-19
ជាតិ
COVID-19៖ សម្តេច ហ៊ុន សែន ស្នើ​អាស៊ាន​សិក្សា​ពី​ភាពជោគជ័យ​របស់​ចិន និង​កូរ៉េខាងត្បូង​
14, Apr 2020 , 6:22 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោម​ការរៀបចំ​របស់​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វុ​ក ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​បន្ត​កិច្ចប្រជុំ​កំពូល​បូក​បី​ពិសេស​បន្ថែមទៀត​នា​រសៀល​ថ្ងៃទី​១៤ ខែមេសា នេះ ជាមួយ​ថ្នាក់ដឹកនាំ​ចិន កូរ៉េខាងត្បូង និង​ជប៉ុន​។ ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ (Video-Conference) មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​បី​ទៀត បន្ត​ផ្តោតលើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​។​



​ពី​វិមាន​សន្តិភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ពី​កិច្ចប្រឹងប្រែង​របស់​បណ្តា​មេដឹកនាំ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ អង្គការ​សុខភាព​ពិភពលោក ក៏ដូចជា​ចិន កូរ៉េខាងត្បូង និង​ជប៉ុន លើ​ការទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​សម្តេច​បានកត់សម្គាល់​ពី​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​តំណាង WHO ប្រចាំ​នៅ​កម្ពុជា ហើយ​ថ្លែង​ការ​អរគុណ​ដល់​រដ្ឋាភិបាល​ចិន និង​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​។ បើតាម​សម្តេច ចិន​បាន​បញ្ជូន​ជំនាញការ​សុខាភិបាល​ទាំង​ស៊ីវិល និង​យោធា រួមទាំង​បរិក្ខារ​ពេទ្យ និង​ម៉ាស់ រីឯ​ជប៉ុន បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ផ្តោតលើ​ការទិញ​សម្ភារ​បរិក្ខារ​ពេទ្យ ថ្នាំ និង​រថយន្ត​សង្គ្រោះបន្ទាន់​។​

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ដល់​មេដឹកនាំ​អាស៊ាន​សិក្សា​ពី​ភាពជោគជ័យ​លើ​ការទប់ស្កាត់​ការ​រាលដាល COVID-19 របស់​ចិន និង​កូរ៉េខាងត្បូង​។ ចិន​ដែល​ផ្ទុះ​ករណី​ដំបូង​គេ បាន​ធ្លាក់​ចំណាត់​ជា​លំដាប់​លើ​ករណី​ឆ្លង និង​ស្លាប់ រីឯ​កូរ៉េខាងត្បូង ក៏​កាន់តែ​បោះជំហាន​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​



គិត​ត្រឹម​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​អង្គារ ទី​១៤ ខែមេសា នេះ ប្រទេស​ទាំង​១០​នៅ​អាស៊ាន រួមទាំង​ទី​ម័​រ​ខាងកើត មាន​ករណី​ឆ្លង​ជាង​២​ម៉ឺន ក្នុងនោះ​ស្លាប់​ជិត​៨៥០​នាក់ និង​ជាសះស្បើយ​ជាង​៥​ពាន់​នាក់​។​

​បច្ចុប្បន្ន ចិន​ធ្លាក់​ទៅជា​ប្រទេស​លំដាប់​ទី​៧​ដែលមាន​ករណី​ឆ្លង ដោយមាន​ជាង​៨២០០០​នាក់ ស្លាប់​ជាង​៣៣០០​នាក់ និង​សះស្បើយ​ជិត​៧៨០០០​នាក់ ពោលគឺ​អត្រា​សះស្បើយ​មាន​ដល់​ទៅ​៩៤​ភាគរយ​។ រីឯ​កូរ៉េខាងត្បូង ដែល​ដំបូង​ឡើយ​ស្ថិតនៅ​ចំណាត់ថ្នាក់​ខ្ពស់​ស្មើ​ចិន បាន​ធ្លាក់​ជា​លំដាប់ ដោយមាន​ករណី​ឆ្លង​ជាង​១​ម៉ឺន ស្លាប់​ជាង​២០០​នាក់ និង​សះស្បើយ​ជាង​៧៥០០​នាក់​។​

​នាឱកាស​នោះ​ផងដែរ សម្តេច ហ៊ុន សែន បាន​ចែករំលែក​ទស្សនៈ​៥​ចំណុច​លើ​ការទប់ស្កាត់​កូ​វីដ​-១៩ រួមមាន ការចែករំលែក​បទពិសោធ​ន៍ សុវត្ថិភាព​អាយុជីវិត​ជា​ចម្បង កាត់បន្ថយ​ហានិភ័យ​សេដ្ឋកិច្ច ករណី​តំបន់​អាស៊ី​បូព៌ា និង​ពង្រឹង​ការតភ្ជាប់​ផ្នែក​ឌីជីថល​៕



© រក្សាសិទ្ធិដោយ thmeythmey.com