COVID-19
អន្តរជាតិ
ទោះ​មានការ​គំរាម​ពី COVID-19 ការបោះឆ្នោត​សភា​កូរ៉េខាងត្បូង នៅតែ​បន្ត​រៀបចំឡើង​
15, Apr 2020 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១៥ ខែមេសា​នេះ ពលរដ្ឋ​កូរ៉េខាងត្បូង​នាំគ្នា​សម្រុក​ទៅកាន់​មណ្ឌលបោះឆ្នោត ដោយ​គេ​រំពឹងថា​នឹងមាន​អ្នក​មក​បោះឆ្នោត​ច្រើន បើទោះបីជា​មានការ​គំរាមកំហែង​ដោយសារ​COVID-19​ក៏ដោយ​។ នៅតាម​មណ្ឌលបោះឆ្នោត គេ​ឃើញ​មាន​កន្លែង​វាស់​កម្តៅ កន្លែង​បោះឆ្នោត​ដាច់ដោយឡែក​សម្រាប់​អ្នកមាន​ជំងឺ​ផ្តាសាយ និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​។


 
​ការបោះឆ្នោត​សភា នៅ​កូរ៉េខាងត្បូង​នា​ថ្ងៃទី​១៥ ខែមេសា​នេះ​ចាប់ផ្តើម​នៅ​ម៉ោង​៦​ព្រឹក ដោយ​អ្នកមាន​សិទ្ធ​បោះឆ្នោត​មាន​ចំនួន​៤៣,៩​លាន​នាក់​។ ប្រទេស​កូរ៉េខាងត្បូង ជា​ប្រទេស​ដំបូង​ដែលមាន​ករណី​ផ្ទុះ​ជំងឺ​COVID-19​ទ្រង់ទ្រាយ​ធំ ដែល​រៀបចំ​ការបោះឆ្នោត​នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ​គេ​ឃើញ​មាន​វិធានការ​សុវត្ថិភាព​ជាច្រើន​នៅ​មណ្ឌលបោះឆ្នោត ក៏ដូចជា​កន្លែង​ធ្វើ​យុទ្ធនាការ​ផងដែរ​។​
 
​វិធានការ​សុវត្ថិភាព​នេះ​រួមមាន ការតម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ និង​វាស់​កម្តៅ​នៅ​មណ្ឌលបោះឆ្នោត​។ ចំណែកឯ​អ្នក ដែលមាន​ជំងឺ​ផ្តាសាយ​ត្រូវបាន​ឲ្យ​ទៅ​គូស​សន្លឹកឆ្នោត​នៅ​បន្ទប់​ផ្សេង ហើយ​សន្លឹកឆ្នោត​នោះ​នឹងត្រូវ​យកមក​សម្លាប់​មេរោគ​។ បន្ថែម​ពីនេះ អ្នក​ទៅ​បោះឆ្នោត​ត្រូវបាន​តម្រូវ​ឲ្យ​ពាក់​ស្រោមដៃ​ផ្លា​ស្ទីក បន្ទាប់ពី​សម្អាត​ដៃ​រួច និង​រក្សា​ចំងាយ​ពីគ្នា​យ៉ាងហោចណាស់​មួយ​មែត្រ​។​
 
​យោងតាម​ទៅ​ភ្នាក់ងារ​សារ​ព័​ត៍​មាន AFP លោក Kwon Soon-il ប្រធាន​គណកម្មកា​របោះ​ឆ្នោត​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​១៤ ខែមេសា​បាន​ថ្លែងថា​៖ «​យើង​កំពុង​រៀបចំ​ការបោះឆ្នោត​ក្នុងពេល​វេលា​ដ៏​លំបាក អំឡុងពេល​គម្លាត​សុវត្ថិភាព​និង​ការធ្លាក់ចុះ​សកម្មភាព​សេដ្ឋកិច្ច​»​។ លោក​បន្ថែមទៀតថា​៖« សូម​ទៅកាន់​បោះឆ្នោត​នៅ​ថ្ងៃស្អែក និង​បង្ហាញថា​អ្នកជា​ម្ចាស់​ប្រទេស​»​។​
 
​អ្នក​ដែល​ធ្វើ​ស្វ័យ​ច​ត្តា​ឡី​ស័ក ត្រូវបាន​អនុញ្ញាត​រយៈ​ពេល​១០០​នាទី​ឲ្យ​ចេញទៅ​បោះឆ្នោត កំឡុង​ពេលមុន​មណ្ឌលបោះឆ្នោត​បិទ​នៅ​ម៉ោង​៦​ល្ងាច ដរាបណា​ពួកគេ​មិន​ចេញ​អាកា​រៈ​ធ្ងន់ធ្ងរ​។ បន្ថែម​ពីនេះ តាំងពី​ចុង​សប្តាហ៍​មក មណ្ឌលបោះឆ្នោត​ពិសេស​ត្រូវបាន​រៀបចំ​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​ចំនួន​៨ ដើម្បី​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​បាន​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​ដែល​សម្រាក​នៅផ្ទះ និង​មាន​ចេញ​រោគសញ្ញា​នឹងមាន​អាចអនុវត្ត​សិទ្ធ​បោះឆ្នោត​ឡើយ​។​
 
​បន្ថែម​ពីនេះ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក៏​រង​ផលប៉ះពាល់​ផងដែរ​។ ផ្ទុយ​ពី​ការ​ចាប់ដៃ និង​ចែក​នាម​បណ្ណដូច​ទម្លាប់ បេក្ខជន​រក្សា​ចម្ងាយ​ពី​ពលរដ្ឋ ដោយ​ប្តូរ​មក​ឱន​គោរព​វិញ​។ ចំណែកឯ បេក្ខជន​មួយចំនួន បង្វែរ​មក​ប្រើ​បណ្តាញ​សង្គម​ដូចជា YouTube និង Instagram ដើម្បី​ទាក់ទង​ជាមួយ​អ្នកបោះឆ្នោត ខណៈ​បេក្ខជន​មួយចំនួនទៀត​ស្ម័គ្រចិត្ត​ជួយ​សម្លាប់​មេរោគ​ក្នុង​មណ្ឌល​របស់ខ្លួន​។​
 
​ការស្ទង់មតិ​មួយ​កាលពី​សប្តាហ៍​មុន ធ្វើឡើង​ដោយ​Gallup Korea បង្ហាញថា​ប្រជាជន​កូរ៉េ​២៧​ភាគរយ​ស្ទាក់ស្ទើរ​ទៅ​បោះឆ្នោត​។ ខណៈ​៧២​ភាគរយ មិនបាន​បង្ហាញ​ការបារម្ភ​អ្វី​ឡើយ មិនតែប៉ុណ្ណោះ​គេ​រំពឹងថា​នឹងមាន​អ្នក​ទៅ​បោះឆ្នោត​ច្រើន ដោយ​ពី​ចុង​សប្តាហ៍​មាន​មនុស្ស​១១,៧​លាន​នាក់ ក្នុងនោះ​រួមមាន​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅ​បោះឆ្នោត​ជាមុន​។​
 
​លោក មូ​ន ចេ​អ៊ី​ន ដែលជា​ប្រធានាធិបតី នឹងមិន​ប៉ះពាល់​ដោយសារ​ការបោះឆ្នោត​នេះ​ទេ ដោយសារ​លោក​កាន់តំណែង​តាមរយៈ​ការបោះឆ្នោត​ដោយផ្ទាល់​ពី​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​ដែលមាន​សំឡេង​ច្រើន​ភាគ​ក្នុង​សភា នៅតែ​ត្រូវ​ការគាំទ្រ​ពី​ខាង​សំឡេង​ភាគតិច​ដើម្បី​អាច​អនុម័ត​ច្បាប់​បាន​។​
 
​ការស្ទង់មតិ កាលពី​សប្តាហ៍​មុន​បង្ហាញថា គណបក្ស​ប្រជាធិបតេយ្យ​របស់លោក Moon Jae-in​អាចនឹងទទួល​បា​នស​ម្លេ​ង​៤៤​ភាគរយ នាំមុខ​គណបក្ស​ប្រជែង United Future Party ដែលមាន​២៣​ភាគរយ​។ រីឯ​ប្រជាប្រិយភាព​របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន កើន​ពី ៤១​ភាគរយ​នៅ​ចុងខែ​មករា មក​៥៧​ភាគរយ​នៅ​សប្តាហ៍​មុន​។ ជា​សរុប កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​ចំនួន ១១,០០០ ករណី និង​ស្លាប់​ចំនួន​២២២ ករណី ហើយ​ក្នុង​រយៈពេល​៦​ថ្ងៃ​ចុង​ក្រោយនេះ ការឆ្លង​ថ្មី​មាន​តិច​ជា​៤០​ករណី ក្នុង​មួយថ្ងៃ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com