COVID-19
អន្តរជាតិ
COVID-19៖​ចិន​ឲ្យ​៧០០​ដុល្លារ​សម្រាប់​ជួយ​ចាប់​អ្នក​ឆ្លង​ព្រំដែន​ខុសច្បាប់​ពី​រុស្ស៊ី
15, Apr 2020 , 2:17 pm        
រូបភាព
ដោយ:
​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ចិន ប្រកាស​ផ្ដល់ប្រាក់​រង្វាន់​រហូតដល់​៧០០​ដុល្លារ​សម្រាប់​ការជួយ​ចាប់​មនុស្ស​ដែល​ឆ្លង​ព្រំដែន​ខុសច្បាប់​ពី​រុស្ស៊ី​។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្រោយ​ករណី COVID-19 នាំចូល​ភាគច្រើន​ក្នុងប្រទេស​ចិន គឺ​មកពី​ប្រទេស​រុស្ស៊ី​។

 
​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ក្រុង​ប៉េកាំង បានប្រកាស​ហាម​ជនបរទេស​ចូល​ទឹកដី​ចិន និង​កាត់ផ្ដាច់​ជើងហោះហើរ​អន្តរជាតិ ក្នុង​គោលដៅ​បង្ការ​ការ​ងើប​ឡើងវិញ​នៃ​វិបត្តិ COVID-19 ប្រទេស​ចិន​នៅតែ​ជួបប្រទះ​ការលំបាក​ក្នុងការ​រាំងខ្ទប់​ករណី​នាំចូល​ដែល​បន្ត​ហក់​ឡើង​។ បើតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​ចិន ករណី​ឆ្លង COVID-19 ថ្មី ភាគច្រើន គឺជា​ជនជាតិ​ចិន​ដែល​ត្រលប់មក​ស្រុកកំណើត​ពួកគេ​។ 
 
​តំបន់​រងគ្រោះ​ថ្មី​ដោយសារ​COVID-19 កើតឡើង​ក្នុង​ខេត្ត Heilongjiang ដែល​កាលពី​អង្គារ ១៤ ខែមេសា បាន​រាយការណ៍​ករណី​ឆ្លង​នាំចូល​ថ្មី​ពី​ប្រទេស​រុស្ស៊ី ចំនួន ៧៩​ករណី​។ តួលេខ​ថ្មី​នេះ ធ្វើ​ឲ្យ​ករណី​នាំចូល​សរុប​ឡើងដល់​៣២៦​ករណី​ហើយ​។ ករណី​ឆ្លង​ថ្មី​មួយចំនួន គឺជា​អ្នកជំងឺ COVID-19 ដែល​ពុំមាន​ចេញ​រោគសញ្ញា​។ 
 
​អាជ្ញាធរខេត្ត​ដែលមាន​ព្រំដែន​ជាមួយ​រុស្ស៊ី​នេះ នៅ​ថ្ងៃ​១៣ ខែមេសា បានប្រកាសថា មនុស្ស​ដែល​រាយការណ៍​ពី​ការឆ្លង​ព្រំដែន​ដោយ​ខុសច្បាប់ នឹង​ទទួល​ប្រាក់រង្វាន់ ៤២៥ ដុល្លារ​។ ក្នុង​សេចក្តីថ្លែងការណ៍ អាជ្ញាធរខេត្ត Heilongjiang បញ្ជាក់ទៀតថា ប្រសិនបើ​ប្រជាជន​ចាប់បាន និង​ប្រគល់​ជនល្មើស​មក​ឲ្យ​សមត្ថកិច្ច ប្រាក់​លើកទឹកចិត្ត ៧០០​ដុល្លារ នឹង​ផ្ដល់​ឲ្យ​ភ្លាមៗ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អាជ្ញាធរខេត្ត​នេះ សង្កត់ធ្ងន់ថា នេះ​គឺជា​កិច្ចការ​ចាំបាច់​សម្រាប់​ប​ង្កា​រ​និង​គ្រប់គ្រង​ប្រឆាំង​ករណី COVID-19 នាំចូល​ក្នុង​ខេត្ត Heilongjiang ។ 
 
​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង​២៥០០​ករណី ដែល​ហក់​ឡើង​ខ្ពស់បំផុត​ក្នុងពេល​២៤​ម៉ោង ហើយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទិន បាន​ព្រមាន​មន្ត្រី​ឲ្យ​ត្រៀមលក្ខណៈ​សម្រាប់​សេណា​រី​យ៉ូ​អាក្រក់​ខ្លាំង​បំផុត​។ 
 
​រដ្ឋាភិបាល​ចិន បាន​បិទ​ព្រំដែន​ជាមួយ​រុស្ស៊ី​នៅត្រង់​ទីក្រុង Suifenhe នៃ​ខេត្ត Heilongjiang ចាប់តាំងពី​ថ្ងៃ​៧ មេសា ក្រោយពី​ករណី​នាំចូល​ភាគច្រើន​បាន​រកឃើញ​នៅក្នុង​ទីក្រុង​ដែលមាន​ប្រជាជន​ជាង​៧​ម៉ឺន​នាក់​នេះ​។  
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Zhao Lijian កាលពី​ថ្ងៃ​១៤ ខែមេសា បាន​ទទូច​ឲ្យ​អាជ្ញាធរ​តំបន់​ក្នុងប្រទេស​ចិន និង​រុស្ស៊ី ចាត់​ចំណាត់​ការចាំបាច់​ដើម្បី​បង្ការ និង​បញ្ឈប់​ការឆ្លង​ព្រំដែន​ខុសច្បាប់​រវាង​ប្រទេស​ទាំងពីរ​។ លោក Zhoa ប៉ាន់​ស្មានថា ប្រជាជន​ចិន​ប្រមាណ​១០​ម៉ឺន​នាក់​កំពុងស្នាក់នៅ​ប្រទេស​រុស្ស៊ី​៕

Tag:
 រុស្ស៊ី​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com