ជាតិ
សង្រ្កាន្តឆ្នាំថ្មី
តើ​ទំនាយ​ជោគជតារាសី​របស់លោក​-​អ្នក ប្រចាំ​ឆ្នាំជូត យ៉ាងណាដែរ​?
16, Apr 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀវភៅ «​មហាសង្ក្រាន្ត​ឆ្នាំជូត  ទោស័ក​» ដែល​ចងក្រង​ដោយ លោក អ៊ឹម បុរិន្ទ សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់ បាន​សរសេរ​ចងក្រង​លម្អិត​ពី​ទំនាយ​ជោគជតារាសី​ប្រចាំ​ឆ្នាំជូត ទោស័ក​។ សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​សង្ខេប​ក្បួនតម្រា​នេះ ដោយ​លោក អ៊ឹម បុរិន្ទ ដកស្រង់​ចេញពី​សៀវភៅ «​តម្រា​ព្យាករណ៍​ជោគ​រាសី​» បោះពុម្ព​ឆ្នាំ​២០០៣ ដែលជា​ស្នាដៃ​របស់លោក​ផ្ទាល់​។

 
​ឆ្នាំជូត​៖
​ឆ្នាំនេះ បុរស​ឆ្នាំជូត​មិនសូវ​ស្រួលបួល​ទេ ដោយ​ត្រូវ​ជួប​ឧបសគ្គ​ញឹកញាប់ ប៉ុន្តែ​ការតាំង​ចិត្ត​ពុះពារ និង​ការ​ប្រឹង​រំងាប់​ចិត្ត​នឹងធ្វើ​ឲ្យ​អ្នក​ជោគជ័យ​គ្រាន់បើ​ឡើងវិញ ដូច្នេះ​ត្រូវ​ឧស្សាហ៍ និង​ស្វាហាប់​ក្នុងការ​បំពេញការងារ​។ ប៉ុន្តែ​ស្ត្រី​ឯណោះ​វិញ វាសនា​ប្រសើរ​ជាង​បុរស​។ ទោះបីជា​យ៉ាងណាក៏ដោយ ហោរា​គន់គូរ​ឃើញថា មុននឹង​បាន​លាភ​ផង ស្ត្រី​ឆ្នាំជូត ត្រូវ​បាត់បង់​ទ្រព្យ​ជាមុន តែបើ​ផុត​ឧបសគ្គ​នេះហើយ មុខតំណែង​ថ្មី និង​ជោគ​លាភ​ពី​ចម្ងាយ​នឹង​ចូលមក​ដល់​។​
 
​ឆ្នាំឆ្លូវ​៖
​បុរស​ឆ្នាំឆ្លូវ មានជោគ​ជាតា​រាសី ដូច​ស្ត្រី​ឆ្នាំជូត​បេះបិទ​។ បើ​រួច​ផុតពី​ការប៉ុនប៉ង​នៃ​អំពើចោរកម្ម​ផ្សេងៗ បុរស​ឆ្នាំនេះ នឹង​បាន​លាភ​ធំ តំណែង​ខុសត្រូវ​ខ្ពស់ ប៉ុន្តែ​ត្រូវ​រក្សា​កាយ​ឲ្យ​ល្អ ដើម្បី​គេចផុត​ពី​ជំងឺ​ផ្សេងៗ​។ រីឯ​ស្ត្រី​វិញ មាន​ស្ថានភាព​ដូចជា​បុរស​ឆ្នាំជូត ដែល​ត្រូវ​ជួប​ឧបសគ្គ​ញឹកញាប់ ដោយ​ស្ត្រី​ឆ្នាំឆ្លូវ​នេះ ត្រូវ​តាំងចិត្ត​ឧស្សាហ៍ និង​ស្វាហាប់​ឲ្យ​មែនទែន ទើប​ទទួលបាន​ជោគជ័យ​គ្រាន់បើ​ឡើងវិញ​។​
 
​ឆ្នាំខាល​៖
​បុរស​ឆ្នាំខាល​អើយ ក្បួន​ហោរាសាស្ត្រ​ទស្សន៍ទាយ​ឃើញថា ឆ្នាំនេះ អ្នក​អាច​ឃ្លាត​ពី​កន្លែងធ្វើការ ឬក៏​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ ហើយ​ការរកស៊ី​ជួញដូរ ហាក់ដូចជា​តឹង​បន្តិច​។ រីឯ​ស្ត្រី​វិញ ក៏ដូចជា​មិន​ខុសគ្នា​ប៉ុន្មាន​នោះដែរ តាម​ក្បួន លោក អ៊ឹម បុរិន្ទ មិន Recommend លោកស្រី អ្នកនាង កញ្ញា ឲ្យ​បើកហាង​លក់ដូរ​ឥ​វ៉ាន់​ថ្មី ឬ​ពឹង​ឲ្យ​គេ​ជួយ​នោះឡើយ​។ ប៉ុន្តែ​ដើម្បី​គេច​ផុតពី​គ្រោះកាច​ផ្សេងៗ មានតែ​អំពើ​ល្អ​ទេ ដែល​អាច​ស្រោចស្រង់​បាន​។​
 
​ឆ្នាំថោះ​៖
​ពិតជា​ល្អ​មែនទែន សម្រាប់​បុរស​ឆ្នាំថោះ កំណល់ រង្វាន់ នឹងត្រូវ​គេ​យក​ឲ្យ​ដល់ទី​កន្លែង​។ ទោះបីជា​ជោគ​រាសី​ល្អជា​ទីបំផុត​ក្តី ប៉ុន្តែ​ម្ចាស់​សៀវភៅ មហាសង្ក្រាន្ត​ក្រើន​រំលឹកថា ត្រូវ​ប្រយ័ត្ន​ជានិច្ច ដោយ​មិនត្រូវ​ផ្តេកផ្តួល​នឹង​ការ​ឈឺឆ្អាល​ពី​អ្នកដទៃ​ពេក​នោះទេ​។ រីឯ​ស្ត្រី​វិញ បែរ​ជាមាន​កង្វល់​ច្រើន​អនេក ការ​បែក​មិត្តភក្តិ និង​សាច់ញាតិ​ជាទី​ស្រឡាញ់ តែ​លោកស្រី អ្នកនាង កញ្ញា កុំ​ភ័យ​ពេក ព្រោះ​នឹងមាន​គេ​ជួយ​ឈឺឆ្អាល​ច្រើន​។​
 
​ឆ្នាំរោង​៖
​បើ​កូ​វីដ​-១៩ មិន​វាយលុក​ទេនោះ ឆ្នាំនេះ លោក​-​លោកប្រុស​ដែល​នៅ​លីវ​អាច​រៀបការ​បាន​។ លោក​-​អ្នក​ត្រូវ​តាំងចិត្ត​ឲ្យ​រឹងមាំ​កុំ​ខ្លាច​ក្រុមមនុស្ស​ឫស្សា​។ តែ​ប្រយ័ត្ន​ផង​ណា ក្បួនតម្រា​គន់គូរ​ឃើញថា បុរស​ឆ្នាំរោង​មិនគួរ​លីសែង​រែកពុន ឬ​ដាក់​របស់​ធ្ងន់​ឡើយ​។ រីឯ​ស្ត្រី​វិញ ទោះ​សត្រូវ​កាច​ប៉ុណ្ណា ផល​លាភ​នៅតែ​ស្ថិតក្នុង​កណ្តាប់ដៃ​អ្នក​។ មិន​ចាញ់​បុរស​ឡើយ ស្ត្រី​ឆ្នាំរោង ក៏​ស្ថិតក្នុង​ឆ្នាំ​ល្អ​ផ្តាច់​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ផងដែរ​។​
 
​ឆ្នាំម្សាញ់​៖
​ជោគជតារាសី​រប​ស់បុ​រស​ឆ្នាំម្សាញ់ មិនជា​ល្អ​ឡើយ ដោយ​លោកអ្នក​ត្រូវ​ពិនិត្យ​ពិ​ច្ច័​យ​ឲ្យ​បាន​ល្អិតល្អន់ ហើយ​កុំ​សង្ឃឹម​ពេក​ថា បាន​កម្រៃ​ផល​ពី​អ្នក​ធ្លាប់​រាប់រក ឬ​អ្នកធ្វើ​ការរួម​។ ភាព​អង់អាច​ក្លាហាន​នឹង​ជួយ​ឲ្យ​អ្នក​កាត់បន្ថយ​វិបត្តិ​ទាំងនេះ​។ ចំពោះ​ស្ត្រី​វិញ ជោគ​លាភ​នឹងមាន​ដល់​អ្នក​ហើយ ដោយ​មិត្តភក្តិ ឬ​នាយ​ចៅហ្វាយ​ចាំ​ទំនុកបម្រុង​។ តែ​សូមកុំ​បេះបួយ​នាំ​រឿង​ពី​អ្នកនេះ​ទៅ​អ្នកនោះ​ឲ្យ​សោះ ដែល​អាច​បណ្តាល​ឲ្យ​បែកបាក់​មេត្រីភាព​។​
 
​ឆ្នាំមមី​៖
​ទោះ​មានទំនាស់​បន្តិចបន្តួច​ជាមួយ​មេបា តែ​បុរស​ឆ្នាំមមី​នឹង​សម្រេច​ផល​បំណង​លើ​គម្រោង​អាពាហ៍ពិពាហ៍​។ បើ​ការងារ​មុខតំណែង​វិញ កាន់តែ​ឡើង​តួនាទី តែ​ត្រូវ​ប្រយ័ត្ន​អំពើចោរកម្ម អគ្គិភ័យ និង​ជំងឺ​ផ្តាសាយ​។ រីឯ​ស្ត្រី​ឆ្នាំមមី វិញ ចូរ​គប្បី​កុំ​បញ្ចេញ​ឈ្មោះ​បោះ​សំឡេង​ពេក ហើយ​ការ​លេងសើច​ញយៗ អាច​ភ្លាត់​ការ និង​ខូចប្រយោជន៍​។ ទោះ​ជតារាសី​មិនល្អ តែ​លោកស្រី អ្នកនាង កញ្ញា មាន​មិត្ត​ជិតស្និទ្ធ​ជួយ​ឈឺឆ្អាល​។​
 
​ឆ្នាំមមែ​៖
​បុរស​ឆ្នាំមមែ ក៏​ទំនាយ​ដូច​ស្ត្រី​ឆ្នាំមមី​ដែរ ពោលគឺ​មិនសូវ​ល្អ​ដូចគ្នា​។ បើ​អ្នក​ចង់​ធ្វើ​អ្វី ត្រូវ​ពិចារណា​មុខក្រោយ​ឲ្យ​បាន​ល្អិតល្អន់​មែនទែន ហើយ​ត្រូវបំពេញ​ខ្លួន​ឲ្យ​គេ​ឃើញថា អ្នកជា​មនុស្ស​មាន​របៀប​រៀបរយ ទើប​អាច​បន្ធូរបន្ថយ​គ្រោះ​បាន​ខ្លះ ហើយនឹង​មាន​គេ​ជួយ​។ រីឯ​ស្ត្រី​វិញ មាន​យីអ៊ុន​ឡើង​ដូច​បុរស​ឆ្នាំមមី បើ​ប៉ង​រៀបការ​នឹង​បានសម្រេច ទោះ​មានទំនាស់​តិចតួច​ជាមួយ​មេបា តែ​ត្រូវ​ប្រយ័ត្ន​ចោរកម្ម អគ្គិភ័យ និង​ជំងឺ​ផ្តាសាយ​ដូចគ្នា​។​

​ឆ្នាំវក​៖
​បុរស​ឆ្នាំវក លោកអ្នក​អាច​អាន​ត្រង់​រាសី​ស្ត្រី​ឆ្នាំម្សាញ់​បាន ព្រោះ​ការ​ទស្សន៍ទាយ​ដូចគ្នា​១០០​ភាគរយ​។ លោក​អ្នកមាន​មិត្តភក្តិ និង​ចៅហ្វាយ​ចាំ​ទំនុកបម្រុង ប៉ុន្តែ​ត្រូវធ្វើ​អ្វី​ដោយ​ច្បាស់លាស់ កុំ​នាំ​រឿង​និន្ទា ទើប​មេត្រី​ភាពមិន​បែប​បាក់​។ ងាក​ទៅ​ស្ត្រី​ឆ្នាំវក វិញ គឺមាន​រាសី​ដូច​បុរស​ឆ្នាំម្សាញ់ ការ​សេពគប់​ផ្សេងៗ​ដែល​មិន​ត្រឹមត្រូវ នឹង​នាំ​រឿង​ដល់​គ្រួសារ ក៏ដូចជា​ការងារ​ប្រចាំជីវិត​។ ភាព​អង់អាច​នឹង​នាំ​ឲ្យ​អ្នក​ប្រាស់ចាក​វិ​ប​ត្ត​ទាំងនេះ​ទៅ​ខ្លះ​។​
 
​ឆ្នាំរកា​៖
​បុរស​ឆ្នាំរកា នឹង​សម្រេច​លាភ​ផល​ដូច​ទំនាយ​សម្រាប់​ស្ត្រី​ឆ្នាំរោង ទោះ​មាន​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស្ត​រាយ​ក៏ដោយ​។ សម្រាប់​អ្នក​នៅ​លីវ ឆ្នាំនេះ​ជា​ឆ្នាំ​ល្អ​សម្រាប់​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ចាំមើល​កូ​វីដ​-១៩ ព្រោះ​សៀវភៅ «​មហាសង្ក្រាន្ត​» ត្រូវបាន​បោះពុម្ពផ្សាយ​មុន​ជំងឺ​រាតត្បាត​។ រីឯ​ស្ត្រី​ឆ្នាំរកា​វិញ ក៏​ល្អ​ដូចគ្នា សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍ តែ​កុំ​ជឿ​អ្នក​បញ្ចោរ​លើកជើង​ពេក ព្រោះ​អ្វីៗ​មិន​បរិសុទ្ធ​ទាំងអស់​ឡើយ​។ ម្យ៉ាងទៀត​បើ​ខ្លាច​ថ្លោះ​ចង្កេះ គ្រេច​ឆ្អឹងខ្នង សូមកុំ​លើក​របស់​ធ្ងន់​។​
 
​ឆ្នាំច​៖
​បុរស​ឆ្នាំច មានទុក្ខ​លំបាក​ដូច​ស្ត្រី​ឆ្នាំថោះ កង្វល់ ការបែកបាក់ សុទ្ធតែជា​រឿង​ដែល​អាច​ជួប​។ តែ​លោកអ្នក​នឹងមាន​អ្នក​ជួយ​ឈឺឆ្អាល ហើយ​ឧបសគ្គ​ខ្លះ​នឹង​គង់​សាបរលាប​។ ជួនកាល​ឆ្នាំនេះ អ្នក​ក៏ត្រូវ​រើ​ផ្ទះ​ផងដែរ ប៉ុន្តែ​មិនមែនជា​រឿង​សំខាន់​ឡើយ​។ រីឯ​ស្ត្រី​ឆ្នាំច វិញ នឹងមាន​សេចក្តី​សម្រាន្ត​យ៉ាង​លើសលុប​ដូច​បុរស​ឆ្នាំថោះ ដោយ​ធ្វើ​អ្វីៗ​នឹង​បានសម្រេច​ផល​។ ទោះយ៉ាងណា​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន​ផងដែរ លើ​ការ​រាប់អាន​មនុស្ស ពោលគឺ​កុំ​ផ្តេកផ្តួល​នឹង​ការ​ឈឺឆ្អាល​ពី​គេ​ខ្លាំងពេក​។​
 
​ឆ្នាំកុរ​៖
​ទំនាយ​សម្រាប់​បុរស​ឆ្នាំកុរ ដូច​ស្ត្រី​ឆ្នាំខាល​។ ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​លោកអ្នក​មិនសូវ​រីករាយ​សោះឡើយ ដូច្នេះ​មិនគួរ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ដំណើរ​បើកហាង​លក់ដូរ​ឥ​វ៉ាន់ ដែល​អាច​នាំ​ឲ្យ​អ្នក​ខូចខាត​ទុន​។ ប៉ុន្តែ​វា​គ្មានអ្វី​ដែល​អាច​រារាំង​ការតាំង​ចិត្ត​នោះឡើយ​។ រីឯ​ស្ត្រី​ឆ្នាំកុរ​នេះ​វិញ វាសនា​ដូច​បុរស​ឆ្នាំខាល ដោយ​អ្នក​អាច​នឿយណាយ​ធុញទ្រាន់​កន្លែងចាស់ ហើយ​អ្នក​ត្រូវ​ប្រយ័ត្ន​គ្រប់ពេលវេលា​ដើម្បី​គេចផុត​រឿង​សៅហ្មង​ក្នុង​គ្រួសារ ក្រុមហ៊ុន និង​ជាមួយ​មិត្តភក្តិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com