COVID-19
ជាតិ
កម្មករ​ដែល​វិលត្រឡប់​ពី​ស្រុកកំណើត ត្រូវ​ស្នាក់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​
16, Apr 2020 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​សរសេរ​លិខិត​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចាត់វិធានការ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដល់ក​ម្មករ​-​កម្មការិនី ដែល​វិលត្រឡប់​ពី​ស្រុកកំណើត ដើម្បី​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​-១៩​ជា​សហគមន៍​។


 
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៥ មេសា​ថា កម្មករ និយោជិត ដែល​វិលត្រឡប់​ពី​ស្រុកកំណើត ត្រូវដាក់​ដោយឡែក​ជា​ចំ​បាច់ ហើយ​ត្រូវ​តាមដាន​សុខភាព​ជាប្រចាំ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​នៅឡើយ​ទេ​។​
 
​កន្លងមក​ក្រសួង​ការងារ ធ្លាប់បាន​បញ្ជាក់​កាលពី​ថ្ងៃទី​៩ មេសា​ថា កម្មករនិយោជិត​ណា ដែល​ឈប់សម្រាក «​ដោយ​ឯកឯង​» ក្នុងអំឡុង​ចូលឆ្នាំ​ខ្មែរ នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ មុន​ចូល​បំពេញការងារ​វិញ ហើយ​នឹងមិន​ទទួលបាន​ប្រាក់​ឈ្នួល​ក្នុង​រយៈពេល​១៤​ថ្ងៃ​នេះឡើយ​។ ប៉ុន្តែ​បើ​កម្មករនិយោជិត​ណា ឈប់សម្រាក​ពេល​ចូលឆ្នាំ ដោយមាន​ការអនុញ្ញាត​ពី​ថៅកែ កម្មករនិយោជិត​នោះ នឹង​ទទួលបាន​ប្រាក់​ឈ្នួល ក្នុងអំឡុង​នៃ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។​
 
​សូមជម្រាបថា រដ្ឋាភិបាល បានសម្រេច​លុប​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ឆ្នាំនេះ ដោយសារតែ​បារម្ភ​ខ្លាច​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋាភិបាល នឹង​សង​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ ដល់​ស្ថាប័ន​និង​ឯកជន​វិញ នៅពេល​សមស្រប​៕

Tag:
 ក្រសួងសុខាភិបាល​
 ​ច​ត្តា​ឡី​ស័ក​
  កម្មករ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com