ជាតិ
ចូលឆ្នាំខ្មែរ៤ថ្ងៃ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសថយចុះ៦៥ករណី បើធៀបនឹងឆ្នាំមុន រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× ភ្នំពេញ៖ អំឡុងពេលចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍៤៥ករណី ដែលបណ្ដាលឱ្យមនុស្សស្លាប់១៤នាក់។ គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំខ្មែរនេះ បើធៀបនឹងឆ្នាំ២០១៩ ថយចុះ៦៥ករណី និងចំនួនអ្នកស្លាប់ថយចុះ៣១នាក់។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្លាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង៤៥ករណីនៅទូទាំងប្រទេស អំឡុងពេលចូលឆ្នាំខ្មែរនេះ គឺបង្កឡើងដោយសារ ការបើលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិគ្នា និងការមិនប្រកាន់ស្ដាំ។ របាយការណ៍ដដែល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៤ថ្ងៃនេះ មានអ្នករងរបួសជាង៩០នាក់ ដែលក្នុងនោះមានអ្នករបួសធ្ងន់៥៦នាក់ និងរបួសស្រាល៣៥នាក់។ តួលេខអ្នករងរបួសជាង៩០នាក់ បើធៀបនឹងឆ្នាំមុន មានការថយចុះជាង១០០នាក់ ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅអំឡុងពេលចូលឆ្នាំខ្មែរ៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com