ជាតិ
សេដ្ឋកិច្ច
COVID-19៖​សមាគម​មីក្រូហិរញ្ញវត្ថុ ប្រាប់​ពលរដ្ឋ​ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ទាក់ទង​ទៅ​គ្រឹះស្ថាន​កម្ចី ដើម្បី​រក​ដំណោះស្រាយ​
17, Apr 2020 , 10:19 pm        
រូបភាព
​ដោយ​៖ ស៊ែម ម៉ូ​នី​តា​(Sem Monita)
 
​ភ្នំពេញ​៖​ពលរដ្ឋ​ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ នៅ​អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​COVID-19​នេះ អាចទាក់ទង​ទៅ​គ្រឹះស្ថាន​កម្ចី​របស់ខ្លួន ដើម្បី​ពិភាក្សាគ្នា ដំណោះស្រាយ​។ នេះ​ជា​លើកឡើង​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្ដី អំពី​ដំណោះស្រាយ​ដល់​អតិថិជន នៅ​ថ្ងៃទី​១៧ មេសា​។ 

 
​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​អះអាងថា សមាជិក​ខ្លួន​នីមួយៗ កំពុង​អនុវត្ត​ដំណោះស្រាយ​ផ្សេងៗ​ទៅតាម​នីតិវិធី គោលការណ៍​ផ្ទៃក្នុង ស្របទៅនឹង​ប្រភេទ​អតិថិជន ទំហំ​នៃ​ផលប៉ះពាល់ និង​ស្ថានភាព​ជាក់ស្ដែង​របស់​អតិ​ជន​ម្នាក់ៗ នៅក្នុង​អំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​COVID-19​នេះ ដោយ​អនុលោម​តាម​សេចក្តីណែនាំ​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​សមាគម​មីក្រូហិរញ្ញវត្ថុ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ទទួលបាន​ការគាំទ្រ និង​ដំណោះស្រាយ ជាពិសេស​ការរៀប​ចំឥណ​ទាន​ឡើងវិញ អតិថិជន​ត្រូវ​ទំនាក់ទំនង​ទៅ​គ្រឹះស្ថាន​ដែល​ខ្លួន​បាន​ខ្ចីប្រាក់ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព និង​លទ្ធភាព​ដោះស្រាយ​នានា​ជាមួយនឹង​បុគ្គលិក​គ្រឹះស្ថាន​។ អតិថិជន​ត្រូវ​ផ្ដល់ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ទទួលបាន​ដំណោះស្រាយ​សមស្រប និង​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ដើម្បី​បន្ត​និរន្តរភាព​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចជាតិ​»​។​
 
​ដ្បិត​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អាចជួយ​ដោះស្រាយ​បញ្ហាលំបាក​ពលរដ្ឋ ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក្តី ប៉ុន្តែ​ពលរដ្ឋ​ដែល​មិន​រង​ផលប៉ះពាល់​ខ្លាំង លើ​ការរកស៊ី និង​ចំណូល ដោយសារ​បញ្ហា​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ​វិញ គប្បី​ជួយ​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​កម្ចី ដើម្បី​អាចឱ្យ​ស្ថាប័ន​រក្សា​និរន្ត​ភាព​ផងដែរ​។​
 
«​ចំពោះ​អតិថិជន ដែល​មិន​ទទួលរង​ផលប៉ះពាល់ ឬ​រង​ផលប៉ះពាល់​តិចតួច ហើយ​មាន​សមត្ថភាព​សង​ត្រឡប់​វិញ​នោះ សមាគម​សូម​ធ្វើការ​លើកទឹកចិត្ត​ដល់​អតិថិជន ឱ្យ​បន្ត​ការបង់​សង​ត្រឡប់​តាម​ធម្មតា ដោយ​ទុក​អាទិភាព​ឱ្យ​គ្រឹះស្ថាន​នីមួយៗ យក​លទ្ធភាព​ដែល​ខ្លួន​មាន ទៅ​ជួយ​ដល់​អតិថិជន ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ ក្នុង​កាលៈទេសៈ​នេះ ការប្រកាន់​ភាពស្មោះត្រង់ និង​ការផ្ដល់​សម្បទាន​ទៅ​អ្នក​ដែល​លំបាក​ខ្លាំង គឺជា​កាយវិការ​សប្បុរ​ស ដែល​នឹង​ទទួលបាន​នូវ​ការគោរព​»​។ នេះ​ជាការ​បញ្ជាក់​របស់​សមា​គម​មីក្រូហិរញ្ញវត្ថុ ដែល​បាន​បន្ថែមថា សមាជិក​ខ្លួន នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ឆ្លើយតប​នឹង​ការគាំទ្រ​អតិថិជន តាមរយៈ​លទ្ធភាព​រៀង​ខ្លួន ដើម្បី​ធនា​និរន្ត​ភាព និង​ការផ្ដល់សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​។​
 
​បើតាម​សមាគម​មីក្រូហិរញ្ញវត្ថុ ការរក​ដំណោះស្រាយ​ដោយ​ភាពស្មោះត្រង់ និង​ការទទួលខុសត្រូវ​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​អតិថិជន នឹង​អាច​ធានាបាន​នូវ​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​។​
 
​កាលពី​ថ្ងៃទី​២៧ មីនា​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីណែនាំ​ឱ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា «​រៀបចំ​ឥណទាន​ឡើងវិញ​» តាមរយៈ​ការចរចា​រវាង​ស្ថាប័ន និង​អតិថិជន ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​ពួកគេ ដែល​កំពុង​ជួបប្រទះ​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។ បើតាម​ធនាគារជាតិ អ្នក​ដែល​ប្រកប​របរ​អាជីវកម្ម​នៅក្នុង​វិស័យ​ចំនួន​៤ ដែល​គ្រឹះស្ថាន​ប្រាក់កម្ចី​ទាំងនោះ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​នោះ គឺ​ទេសចរណ៍ កាត់ដេរ សំណង់ និង​ការដឹកជញ្ជូន​៕
 

Tag:
 ធនាគារ​
 ​មីក្រូហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com