សិល្បៈអន្តរជាតិ
អន្តរជាតិ
លោក Gene Deitch អ្នកដឹកនាំរឿង Tom & Jerry ទទួលមរណភាពក្នុងអាយុ៩៥ឆ្នាំ
×
ម្ចាស់ពានរង្វាន់អូស្ការ លោក Gene Deitch ដែលមានប្រវត្តិដឹកនាំរឿងគំនូរជីវចល ឆ្មា និងកណ្តុរ (Tom & Jerry), Popeye និងស្នាដៃជាច្រើនទៀត បានទទួលមរណភាពក្នុងអាយុ៩៥ឆ្នាំ នៅទីក្រុងប្រាគ សាធារណរដ្ឋឆេក កាលពីថ្ងៃទី១៦ ខែមេសា។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានឆេក CTK។
ដើមកំណើតអាមេរិក លោក Gene Deitch បានទៅរស់នៅក្រុងប្រាគជាមួយ តាំងពីឆ្នាំ១៩៥៩មក។ បើទោះបីជាលោកមានវ័យចាស់ជរាក៏ដោយ ប៉ុន្តែករណីស្លាប់របស់អតីតកំពូលវិចិត្រករគំនូរជីវចលរូបនេះ មិនត្រូវបានបង្ហើបឲ្យដឹងច្បាស់នោះឡើយ។ ចុងក្រោយ លោកបានរស់នៅជាមួយលោកស្រី Zdenka Najmanova ភរិយាទីពីរដែលបានរៀបការតាំងពីឆ្នាំ១៩៦៤មក។
លោក Gene ដែលមានឈ្មោះដើមថា Eugene Merrill Deitch បានឈ្នះពានរង្វាន់អូស្ការផ្នែក Best Animated Short Film កាលពីឆ្នាំ១៩៦០ លើស្នាដៃរឿង «Munro» ហើយបានជាប់បេក្ខភាពនៃពានរង្វាន់នេះចំនួន២ទៀតនៅឆ្នាំ១៩៦៤ លើស្នាដៃរឿង «Here’s Nudnik» និង «How to Avoid Friendship»។
ស្នាដៃដ៏គួរឲ្យកត់សម្គាល់របស់លោក Gene មានដូចជា «Tom Terrific» និងសហស្នាដៃ «Sidney’s Family Tree» ជាដើម។ ជាមួយគ្នានេះ លោកមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងលើស្នាដៃគំនូរ និងដឹកនាំរឿងភាគគំនូរជីវចល «Tom & Jerry» ចំនួន១៣ភាគ និងការរួមចំណែកក្នុងរឿង «Popeye the Sailor»។ លោកបានបង្កើតតួក្នុងគំនូរជីវចលជាច្រើន ដូចជា Sidney the Elephant, Gaston Le Crayon, Clint Clobber និង Terr’ble Thompson។
VIDEO
តាមពិតទៅ កាលពីឆ្នាំ១៩៥៩ លោកមានគម្រោងបេសកកម្មជាមួយផលិតកម្មហូលីវូដ នៅឆេកូស្លូវាគី (ឆេក) តែ១០ថ្ងៃប៉ុណ្ណោះ ប៉ុន្តែនៅទីនោះ លោកបានចាប់ចិត្តស្រឡាញ់អ្នកស្រី Zdenka ហើយក៏បានសម្រេចចិត្តនៅទីនោះរហូតដល់ថ្ងៃទទួលមរណភាព។ លោកមានកូនប្រុស៣នាក់ជាមួយភរិយាដំបូង គឺលោកស្រី Marie Deitch ដោយអ្នកទាំងនោះ សុទ្ធតែសិល្បករគំនូរ និងគំនូរជីវចលទាំងអស់។
ទាក់ទងនឹងរឿង «Tom & Jerry» លោក Gene Deitch ជាមនុស្សទី៣ ដែលបានគូរ និងដឹកនាំរឿងដ៏ល្បីល្បាញនេះ ដោយចាប់ផ្តើមពីលោក Willam Hanna និងលោក Joseph Barbera ពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៥៨។ លោក Gene បានដឹកនាំផលិតបាន១៣ភាគចន្លោះពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦២ សម្រាប់ផលិតកម្ម Rembrandt Films។
ឈុតរឿង «Tom & Jerry» ទាំង១៣ ក្រោមការដឹកនាំ និងផលិតដោយលោក Gene មាន Switchin' Kitten, Down Outing, It's Greek to Me-ow!, High Steaks, Mouse into Space, Landing Stripling, Calypso Cat, Dicky Moe, The Tom and Jerry Cartoon Kit, Tall in the Trap, Sorry Safari, Buddies Thicker Than Water, Carmen Get It!៕
© រក្សាសិទ្ធិដោយ thmeythmey.com