COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង​បន្ធូរ​វិធានការ​គម្លាត​សុវត្ថិភាព ខណៈ​ចំនួន​ករណី​ឆ្លង​ថ្មី​ថយចុះ​
20, Apr 2020 , 4:43 pm        
រូបភាព
ដោយ:
​កូរ៉េខាងត្បូង បានសម្រេច​បន្ត​អនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​ក្នុងប្រទេស​ចំនួន​១៦​ថ្ងៃ​បន្ថែមទៀត ប៉ុន្តែ​បាន​បន្ធូរបន្ថយ​ការអនុវត្ត​នៅ​ផ្នែក​ខ្លះ​នៅ​វិហារ​សាសនា និង​កន្លែង​លេង​កីឡា​ដែល​មិន​ប្រឈម​ការឆ្លង​ខ្លាំង​។ ការបន្ធូរបន្ថយ​នេះ ធ្វើឡើង ខណៈ​ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​តិច​បំផុត​ក្នុង​រយៈពេល​២​ខែ​។​

 
​បើតាម​សេចក្តីណែនាំ​ខាងលើនេះ កន្លែង​ដែល​ប្រឈម​នឹង​ការឆ្លង​ខ្ពស់​នឹងមិន​ត្រូវ​បន្ត​បិទ​ទៀត​ទេ​ដូចជា​វិហារ​សាសនា​ដែល​ធ្លាប់​ជាទី​ចម្លង​ដ៏​ធំ និង​សកម្មភាព​កីឡា​។ ការប្រកួត​កីឡា ដូចជា​កីឡាបាល់ទាត់​អាច​រៀបចំ​បាន តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ទស្សនិកជន​ឡើយ​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​ថ្ងៃទី​១៩ ខែមេសា លោក Chung Sye-kyun នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បាន​លើកឡើងថា វា​ជា​រឿង​សុវត្ថិភាព​បំផុត ក្នុងការ​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​តឹងតែង ប៉ុន្តែ​ជាក់ស្តែង​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដែល​ត្រូវការ​ជម្រើស​កណ្តាល​មួយ​។ លោក​បន្ថែមទៀតថា បើ​អាច​រក្សា​ការគ្រប់គ្រង ឲ្យ​មាន​ស្ថិរភាព​ដូច​កម្រិត​បច្ចុប្បន្ន កូរ៉េខាងត្បូង អាច​ត្រឡប់​ទៅ​ការអនុវត្ត​គម្លាត​សុវត្ថិភាព​ធម្មតា​វិញ​។​
 
​ការបន្ធូរបន្ថយ​ការអនុវត្ត​គម្លាត​សុវត្ថិភាព​នេះ ធ្វើឡើង​ក្រោយ​ករណី​ឆ្លង​ប្រចាំថ្ងៃ​បន្ត​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។ នៅ​ថ្ងៃទី​ទី​២០ ខែមេសា ករណី​ឆ្លង​ថ្មី​មាន​១៣​នាក់ ខណៈ​នៅ​ថ្ងៃទី​១៩ ខែមេសា មាន​៨​នាក់​ប៉ុណ្ណោះ​។ នៅ​ទូទាំង​កូរ៉េខាងត្បូង ករណី​ឆ្លង​សរុប​មាន​ជាង​មួយ​ម៉ឺន​នាក់ និង​ស្លាប់​ជិត​២៤០​នាក់​។ 
 
​ចំនួន​ឆ្លង​ថ្មី​តិច​បែបនេះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​ចាត់ទុកថា​ជា​ព័ត៌មាន​ល្អ ប៉ុន្តែ​ក៏​មិនមាន​សុទិដ្ឋិនិយម​ជ្រុល​ពេក​ឡើយ​។​
​លោក Jeong Eun-kyeong ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ លើកឡើងថា​៖« យើង​បន្ត​ស្ថិតក្នុង​សភាព​ប្រុងប្រយ័ត្ន ដើម្បី​ធានាថា យើង​នឹងមិន​ខកខាន ក្នុងករណី​មានការ​ឆ្លង​ថ្មី ឫ​ការ​រាតត្បាត​ក្នុងចំណោម​អ្នក​ឆ្លង​ដែល​គ្មាន​រោគសញ្ញា ឫ​មាន​រោគសញ្ញា​ស្រាល​»​។​
 
​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង​ធ្លាប់​និយាយថា ការវិវត្ត​នៅ​កូរ៉េខាងត្បូង ផ្តល់​សង្ឃឹម​ដល់​បណ្តា​ប្រទេស​ដទៃទៀត ដោយ​ជំងឺ COVID-19 អាច​បង្ក្រាបបាន​។ នេះ​ក៏​ព្រោះតែ​តាំងតែ​ពី​ដើមឆ្នាំ​២០២០ កូរ៉េខាងត្បូង​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​បំផុត​បន្ទាប់ពី​ចិន ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ហើយ​ប្រទេស​ដទៃទៀត​បាន​ជំនួស​កន្លែង​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ចំនួន​អ្នក​ឆ្លង​ច្រើន​បំផុត​ក្រៅពី​ចិន​៕

© រក្សាសិទ្ធិដោយ thmeythmey.com