COVID-19
អន្តរជាតិ
COVID-19៖ នូ​វែ​ល​សេ​ឡង់​បន្ត​បិទ​ប្រទេស​ដល់​ថ្ងៃទី​២៧ ខែមេសា
20, Apr 2020 , 10:19 pm        
រូបភាព
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់-AFP
លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់-AFP
ដោយ:
​នូ​វែ​ល​សេ​ឡង់ នឹង​ពន្យារ​វិធាន​ការបិទ​ប្រទេសមួយ​សប្តាហ៍​ទៀត ពោលគឺ​រហូតដល់​ថ្ងៃទី​២៧ ខែមេសា ដើម្បី​បន្ត​ទប់ស្កាត់​នឹង​ជំងឺ​COVID-19 ។ បន្ទាប់​ពីនេះ នូ​វែ​ល​សេ​ឡង់ នឹង​ឈានទៅ​កាត់បន្ថយ​ការ​រឹតបន្តឹង​តែម្ដង​។ លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់ ប្រកាស​ដូចនេះ​នៅ​ថ្ងៃទី​២០ ខែមេសា​។​

 
« នូ​វែ​ល​សេ​ឡង់ នឹង​ចាក់​ចេញពី​កម្រិត​អាសន្ន​លំដាប់​ទី​៤ នៅ​ម៉ោង​១១:៥៩​នាទី​យប់​ថ្ងៃ​ចន្ទ ទី​២៧ មេសា គឺ​នៅ​សប្តាហ៍​ក្រោយ​»​។ នេះ​ជាការ​ថ្លែង​របស់​លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​២០ ខែមេសា ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​Reuters​។​
 
​លោកស្រី​បន្ថែមទៀតថា នូ​វែ​ល​សេ​ឡង់ នឹង​ស្ថិតក្នុង​កម្រិត​អាសន្ន​លំដាប់​ទី​៣ រយៈពេល​២​សប្តាហ៍​ទៀត ដោយ​តាមដាន​ស្ថានការណ៍ COVID-19 មុននឹង​សម្រេចចិត្ត​ម្ដងទៀត​ក្នុងគណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១១ ខែឧសភា​។ 
 
​នូ​វែ​ល​សេ​ឡង់ ដែលជា​ប្រទេស​មាន​ប្រជា​ជាន​៥​លាន​នាក់ ស្ថិតក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក បានដាក់​ប្រទេស​ក្នុង​កម្រិត​អាសន្ន​លំដាប់​ទី​៤ កាលពី​ចុងខែ​មីនា ដោយ​ដាក់ចេញ​នូវ​វិធានការ​ដូចជា​ការបិទ​ការិយាល័យ សាលារៀន សេវា​មិនចាំបាច់​ដែល​រួមមាន​រង្គសាល ភោជនីយដ្ឋាន ហាង​កាហ្វេ និង​កន្លែង​កំសាន្ត​។​
 
​វិធាន​ការដែល​ដាក់ចេញ​ខាងលើ ត្រូវបាន​គេ​មើលឃើញថា​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ ហើយ​មាន​លក្ខណៈ​តឹងរ៉ឹង​ជាង​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង ដូចជា​អូស្ត្រាលី​ជាដើម​។​
 
​គិត​មកដល់ពេលនេះ នូ​វែ​ល​ហ្សេ​ឡង់​មាន​ករណី​ឆ្លង​ចំនួន​១,៤៤០​ករណី និង​ស្លាប់​ចំនួន​១២​ករណី​។ 
 
​ក្នុងការ​ប្រកាសអាសន្ន​កម្រិត​៣ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អាច​បើក​ឡើងវិញ​បាន ដរាបណា​ពួកគេ​មិនមាន​ការប៉ះពាល់​ជាមួយ​អតិថិជន​។​
​ហាង ផ្សា​លក់​អីវ៉ាន់ និង​ភោជនីយដ្ឋាន​តម្រូវ​ឲ្យ​បន្ត​បិទទ្វា តែ​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​តាម​អន​ឡាញ ឬ​ទូរស័ព្ទ​។​
 
​ចំណែកឯ​សាលារៀន នឹង​អនុញ្ញាត​ឲ្យ​បើក​សម្រាប់តែ​សិស្ស​ថ្នាក់​ទី​១០​ឡើងទៅ តែ​វត្តមាន​អាស្រ័យ​លើ​ការស្ម័គ្រចិត្ត​។ មង្គលការ និង​បុណ្យសព​អាច​ប្រារព្ធ​ទៅបាន តែ​កំណត់​ឲ្យ​មាន​អ្នកចូលរួម​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com