COVID-19
អន្តរជាតិ
អាល្លឺម៉ង់ ទាមទារ​ឲ្យ​ចិន​បង្ហាញ​តម្លាភាព​ជុំវិញ​ការផ្ទុះ​ជំងឺ COVID-19
21, Apr 2020 , 10:58 am        
រូបភាព
ដោយ:
​អ្នកស្រី អែន​ជែ​ឡា មឺ​ហ្គែ​ល អធិការបតី​អាល្លឺម៉ង់ បានទាមទារ​ឲ្យ​ចិន​បង្ហាញ​ពី​តម្លាភាព​តាមតែ​អាចធ្វើ​ទៅបាន​ចំពោះ​ការផ្ទុះ​ជំងឺ​រាតត្បាត​សកល COVID-19 ដែល​ឆ្លង​លើ​មនុស្ស​ច្រើនជាង​ពីរលាន​នាក់​។ ការទាមទារ​នេះ ធ្វើឡើង​ខណៈពេល​ចិន ក៏​កំពុង​រង​សម្ពាធ​គ្រប់ទិសទី​លើ​ការ​គ្រប់​គ្រង់​វិបត្តិ​ជំងឺឆ្លង​នេះ​។ អូស្ត្រាលី អាមេរិក និង​បារាំង​ជាដើម សុទ្ធតែ​ទាមទារ​ឲ្យ​មានការ​បើកចំហ​ពី​ចិន​។

 
​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌​មា​នៅ​ថ្ងៃទី​២០ ខែមេសា អ្នកស្រី អែន​ជែ​ឡា មឺ​ហ្គែ​ល អធិការបតី​អាល្លឺម៉ង់ ទាមទារ​ចង់បាន​ព័ត៌មាន​បន្ថែម​ពី​ការផ្ទុះ​ជំងឺ​នៅ​ថ្ងៃ​ដំបូងៗ ដែលមាន​កំណើត​នៅ​ទីក្រុង​វូ​ហាន​។ បើតាម​អ្នកស្រី បើសិនជា​ចិន​អាចមាន​តម្លាភាព​ជាង​នេះ វា​ជា​រឿង​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុង​ការដឹង​ពី​ជំងឺ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
​អ្នកស្រី មឺ​ហ្គែ​ល ជា​មេដឹកនាំ​មួយទៀត​ដែល​ដាក់​ការសង្ស័យ​លើ​ចំណាត់ការ​របស់​ចិន​ក្នុងការ​គ្រប់គ្រង​ជំងឺ​COVID-19 ដែល​ផ្ទុះឡើង​នៅ​វូ​ហាន មុន​បន្ត​រាលដាល​ដល់​ប្រទេស​ផ្សេង​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​អ្នកចេញ​ខ្លាំងជាងគេ​ក្នុងការ​រិះគន់​លើ​ប​ញ្ហ​នេះ​។ មេដឹកនាំ​ប្រទេស​ខ្លះទៀត ក៏​ស្នើ​ឲ្យ​ចិន​មាន​តម្លា​ភព​ដែរ​។ 
​កាលពី​សប្តាហ៍​កន្លងទៅ លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង បាន​ប្រាប់​កាសែត Financial Times ថា វា​ជា​រឿង​ឆោតល្ងង់ ដែល​គេ​ជឿថា ចិន​អាច​គ្រប់គ្រង​ជំងឺ​រា​ត​ត​ត្បា​ត​សកល​នេះ​បាន​យ៉ាង​ប្រសើរ​។ លោក​បន្ថែម​បន្ថែមថា​៖« វា​ច្បាស់​ណាស់ ដែល​មានរឿង​ជាច្រើន​បានកើត​ឡើង​ដែល​យើង​មិនដឹង​»​។​
 
​ចំណែកឯ លោក Dominic Raab រដ្ឋមន្ត្រីការបរទេស​និយាយថា ចិន​នឹងត្រូវ​ប្រឈម​នឹង សំណួរ​ពិបាក​ជាច្រើន​អំពី​ការផ្ទុះ​ជំងឺ​ដែល​រួមមាន តើ​ជំងឺ​នេះ​មកពីណា និង​ហេតុអ្វី​គេ​មិន​បញ្ឈប់​ការ​រាតត្បាត​ឲ្យ​បាន​រហ័ស​ជាង​នេះ​ជាដើម​។​
 
​ចិន​ត្រូវបាន​រិះគន់ថា មើលងាយ​ទំហំ និង​វិសាលភាព​នៃ​ការផ្ទុះ​ជំងឺ​កាលពីដើមឆ្នាំ​២០២០​នេះ ខណៈ​ការចោទប្រកាន់ថា វីរុស​ជំងឺ COVID-19 នេះ​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​នៅ​វូ​ហាន​។ នាពេល​ថ្មីៗ​នេះ ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ប្រភពដើម​របស់​វីរុស​បាន​លេចចេញ​សារជាថ្មី​។ ពាក្យ​ចចាមអារ៉ាម​ដែល​ពុំមាន​ភស្តុតាង​ទាំងនោះ ចង្អុល​ទៅកាន់​មន្ទីរពិសោធន៍​វីរុស​ដែលមាន​កម្រិត​សុវត្ថិ​ភា​ខ្ពស់បំផុត​នៅ​ក្រុង​វូ​ហាន​។​
 
​យ៉ាងណាមិញ ពាក្យ​ច​ចាម​អារាម​ខាងលើនេះ ត្រូវបាន​វិទ្យាស្ថាន​វីរុស​ក្រុង​វូ​ហាន​ដែល​ជាប់​សង្ស័យ បដិសេធ​យ៉ាង​ដាច់អហង្ការ​។ វិទ្យា​ស្ថា​នេះ​អះអាងថា វា​ជា​រឿង​ដែល​មិនអាច​ទៅរួច​៕

© រក្សាសិទ្ធិដោយ thmeythmey.com