បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សង្គមជាតិ
បទយកការណ៍៖ បាតុកម្មរបស់បក្សសង្គ្រោះជាតិនាំឲ្យអ្នកប្រកបរបរតូចតាចត្រូវប៉ាន់សារជាថ្មី កាលពីមហាបាតុកម្មលើកមុនៗ ក្រុមអ្នកលក់ដូរតូចតាចមានការសប្បាយចិត្តរួចហើយ ដោយពួកគេបានទទួលផលចំណូលយ៉ាងច្រើនគួរសម ពីក្រុមប្រជាពលរដ្ឋដែលមកចូលចូលរួមធ្វើមហាបាតុកម្ម។ រហូតមកដល់ថ្ងៃមហាបាតុកម្មលើកទីបីនេះ ពួកគេមានក្តីសង្ឃឹមម្តងទៀត ដោយ ម្នាក់ៗមានការមមាញឹកគ្រប់ៗគ្នា។ អ្នកចាស់នៅតែបន្តលក់ដូចមុនៗ ចំណែកអ្នកថ្មីក៏កំពុងញាប់ដៃញាប់ជើងផងដែរ។
«បើមិនរួសរាន់ ច្បាស់ជាខាតហើយ ត្រូវញាប់ដៃបន្តិចទើបបាន ពួកយើងលក់ដូរតូចតាច គ្មានឱកាស ល្អច្រើនទេ» នេះជាសម្តីរបស់ក្រុមអាជីវករដែលកំពុងមានវត្តមាននៅលើទីលានប្រជាធិបតេយ្យ។ ទីលានដែលកំពុងតែមានមនុស្សម្នាយ៉ាងច្រើនកុះករ ក៏កំពុងបានក្លាយជាទីផ្សាររយៈពេលខ្លីមួយផង ដែរ។ ជាក់ស្តែងចំណីអាហារច្រើនប្រភេទ ភេសជ្ជៈគ្រប់មុខ បានដាក់តំរៀបគ្នាជាច្រើន នៅក្រោមដើមឈើ និងនៅតាមវាលស្មៅ។ រទេះរុញ និងរ៉ឺម៉កកង់បីលក់ចំណីជាច្រើនមុខទៀត ក៏កំពុងហុំព័ទ្ធទីលានមួយនេះដែលធ្វើឲ្យកកស្ទះដោយកន្លែងទៀតផង។
អង្គុយលើកូនកៅអីពណ៌ក្រហម កំពុងចាប់ចំណិតស្វាយ និងម្កាក់ ដាក់ស្បោងបណ្តើរ ងាកមកនិយាយ ជាមួយអ្នកកាសែតបណ្តើរ អ្នកស្រី ម៉ន សំណាង ឲ្យដឹងថា ជាធម្មតាគាត់លក់ម្ជូរគ្រប់មុខជាប្រចាំនៅ សួនច្បារមាត់ទន្លេរ ប៉ុន្តែឆ្លៀតពេលគេធ្វើបាតុកម្ម ក៏ដូរមកលក់នៅទីនេះមួយរយៈសិន។ ស្ត្រីវ័យ៥២ឆ្នាំ រូបនេះ និយាយថា៖«លក់នៅទីនេះមួយថ្ងៃ ស្មើនឹងលក់ថ្ងៃធម្មតា២ថ្ងៃឯណោះ ចំណេញច្រើន ណាស់...»។ អ្នកស្រីបញ្ជាក់ថា៖«ថ្ងៃធម្មតាលក់បានពី៤ ទៅ៥ម៉ឺនរៀលទេ ដល់ពេលថ្ងៃបាតុកម្មលក់ បានជិត១០ម៉ឺន...»។
នៅមិនឆ្ងាយប៉ុន្មានពីស្ត្រីចំណាស់រូបនេះ អ្នកលក់នំបញ្ចុកម្នាក់ទៀត ក៏បានសម្តែងក្តីត្រេកអរផងដែរថា អ្នកមកចូលរួមបាតុកម្មមួយចំនួន ពេលអស់កម្លាំង ហាក់បីដូចជាត្រូវមាត់នឹងនំបញ្ចុក ស្រូបជាមួយទឹក សម្លរក្តៅៗផងដែរ។ ពាក់អាវផ្កាពណ៌ក្រហមដៃវែង មានពាក់មួកផងនោះ អ្នកស្រី សុខ ជា អាយុ៤៣ ឆ្នាំ មកពីម្តុំផ្សារអូឫស្សី ជាអ្នកទើបតែមកលក់ដំបូងពេលគេធ្វើបាតុកម្ម អ្នកស្រីលើកឡើងថា៖«បើដឹង ថាដាច់អីចឹង មកលក់តាំងពីគេបាតុកម្មដំបូងម្ល៉េះ»។ អ្នកស្រីបន្ថែមទៀតថា៖«ខ្ញុំសប្បាយចិត្តណាស់ ដែលលក់ដាច់អីចឹង ជាធម្មតាលក់មិនដាច់អីចឹងទេ។ ថ្ងៃនេះលក់មិនទាន់អស់ផង បានជិត៨ម៉ឺនរៀល »។
ជាពលរដ្ឋដែលមានលំនៅក្បែរទីលានប្រជាធិបតេយ្យផងនោះ អ្នកស្រី សំបូរ ជាអ្នកលក់ភេសជ្ជៈ តាំង ពីថ្ងៃមានមហាបាតុកម្មលើកទីមួយ អ្នកស្រីបានត្រៀមរួចជាស្រេចពេលឮតំណឹងថាមានមហាបាតុកម្ម ម្តងទៀត។ ខណៈកំពុងឈរពីក្រោយធុងពណ៌ក្រហម ដែលមានភេសជ្ជៈគ្រប់ប្រភេទ ស្ត្រី សម្បុរសររូប នេះ បានឲ្យដឹងថា៖«ខ្ញុំលក់ដាច់ជាងលើកមុន ព្រោះថ្ងៃបាតុកម្មលើកនេះ មេឃដូចជាក្តៅជាងលើកមុន »។ អ្នកស្រី បានបន្ថែមទៀតថា៖«ថ្ងៃនេះខ្ញុំលក់ទឹកសុទ្ធអស់ជិត១០កេះ ភេសជ្ជៈផ្សេងទៀតក៏អស់ច្រើន ដែរ...»។
បុរសសម្បុរខ្មៅ ពុកមាត់រាងក្រាស់បន្តិច ក៏កំពុងមានទឹកមាត់លេបផងដែរ ខណៈឈរនៅពីក្រោយធុង អំពៅសាង លោក រដ្ឋា មានក្តីរំពឹងថា ក្នុងអំឡុងថ្ងៃបាតុកម្មលើកនេះច្បាស់ជាបានលុយចូលផ្ទះច្រើន ដូចលើកមុនៗជាមិនខាន។ លោកបានអះអាងថា៖«ទោះបីមានអ្នកលក់ច្រើនក៏ដោយ ក៏ខ្ញុំនៅតែលក់ ដាច់ ព្រោះមានអ្នកចូលរួមបាតុកម្មច្រើនណាស់»។ កំពុងឈរនៅក្រោមឆត្រពណ៌ក្រហម លោក រដ្ឋា បន្ថែមទៀតថា៖«អំពៅមួយធុងនេះ ខ្ញុំលក់បាន៦ទៅ៧ម៉ឺនរៀលដែរ។ បើលក់អស់ខ្ញុំនឹងទៅយកថែម ទៀត»។
អាជីវករជាច្រើនផ្សេងទៀតដូចជា អ្នកលក់ផ្លែឈូក ពោតស្ងោរ ពោតបំពង នំបុ័ងសាច់ និងបរបរជា ដើមនោះ ក៏កំពុងមមាញឹកជាមួយក្រុមបាតុករផងដែរ។
គួរបញ្ជាក់ថា រាល់ពេលមានមហាបាតុកម្មម្តងៗ អ្នករកស៊ីខ្នាតធំមួយចំនួនមានការរអ៊ូរទាំមិនដាច់ពី មាត់ និងត្រូវបង្ខំចិត្តផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទៀតផង។ ប៉ុន្តែចំពោះអ្នកលក់ដូរតូច តាចឯណោះវិញ នាអំឡុងថ្ងៃមហាបាតុកម្មនេះដែរ បែរជាត្រូវប៉ាន់ទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com