COVID-19
អន្តរជាតិ
ទីប្រឹក្សា​សេដ្ឋកិច្ច​លោក ត្រាំ ៖ ចិន​អាច​លាក់​ព័ត៌មាន​ពី COVID-19 ដើម្បី​ប្រយោជន៍​ពាណិជ្ជកម្ម​
21, Apr 2020 , 7:39 pm        
រូបភាព
លោក Peter Navarro ទីប្រឹក្សាប្រចាំសេតវិមាន។ រូបភាព AFP
លោក Peter Navarro ទីប្រឹក្សាប្រចាំសេតវិមាន។ រូបភាព AFP
ដោយ:
​លោក Peter Navorra ទីប្រឹក្សា​ប្រចាំ​សេត​វិមាន បានលើកឡើង​ពី​លទ្ធភាព​ដែល​ចិន​ទំនងជា​លាក់បាំង​ព័ត៌មាន​ពី​ជំងឺ COVID-19 នៅ​ដំណាក់កាល​ដំបូង ដើម្បី​កេងចំណេញ​នៅពេល​ក្រោយ​។ លោក Navarro និយាយ​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជា​មួ​ប៉ុស្តិ៍​ទូរទស្សន៍ Fox Business ។

 
​ចិន​លាក់​ព័ត៌មាន​ពី COVID-19 ដើម្បី​ចង់យក​ឈ្នះ​ក្នុងការ​ប្រកួតប្រជែង​បង្កើត​វ៉ាក់សាំង​។ នេះ​ជាការ​គំនិត​របស់លោក Peter Navarro ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។​
 
​សហរដ្ឋអាមេរិក ដែល​បច្ចុប្បន្ន​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ​COVID-19 បានទាមទារ​ចិន​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ចែករំលែក​ទិន្ន័យ​នៅក្នុង​ដំណាក់​ដំបូង​នៃ​ការឆ្លង​ជំងឺ​។ រដ្ឋបាល​លោក ត្រាំ និយាយ​មិន​ដាច់​ពី​មាត់​ពី​គោលដៅ​របស់​ចិន​ដែល​ព្យាយាម​លាក់​ព័ត៌មាន​ដើម្បី​ប្រយោជន៍​អ្វីមួយ​។ 
 
​ប្រាប់​ទូរទស្សន៍  Fox News លោក Navarro បាន​និយាយថា ហេតុផល​មួយ​ដែល​ចិន អាច​នឹងមិន​ព្រម​ឲ្យ​អ្នកជំនាញ​អាមេរិក​ចូលទៅក្នុង​ប្រទេស​ចិន ឫ​ផ្តល់​ទិន្ន័យ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការឆ្លង​មក ដោយសារ​ចិន​កំពុង​ប្រឹងប្រែង​ផលិត​វ៉ាក់សាំង ព្រោះ​មើលឃើញថា​វា​ជាការ​ពាណិជ្ជកម្ម​ដែលមាន​ភាព​ប្រកួតប្រជែង និង​ដើម្បី​អាច​លក់បាន​ជុំវិញ​ពិភពលោក​។ យ៉ាងណាមិញ ទីប្រឹក្សា​រូបនេះ​អះអាងថា អាមេរិក នឹង​ជា​អ្នកឈ្នះ​។ 
 
​លោក​បញ្ជាក់​បែបនេះ​ថា ៖« ប៉ុន្តែ​យើង​នឹង​ឈ្នះ​ចិន​។ យើង​នឹង​ឈ្នះ​ក្រោម​ការដឹកនាំ​របស់លោក​ប្រធានាធិបតី ត្រាំ ។ យើង​នឹង​ឈ្នះ​គេ ដោយសារតែ​ក្រសួងសុខាភិបាល និង​សេវា​មនុស្ស​របស់​យើង​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៥ ប្រកួតប្រជែង​ស្វែងរក​វ៉ាក់សាំង​ហើយ​។​»
 
​លោក ត្រាំ បាន​ចាត់តាំង​លោក Navarro ដែលជា​មន្ត្រី​រិះគន់​ចិន​មិន​សំចៃមាត់ ឲ្យ​ទទួលបន្ទុក​លើ​ការផ្គត់ផ្គង់​ទាំងឡាយណា ដែល​ទាក់​ទង់​នឹង​ជំងឺ​រាតត្បាត​សកល​នេះ​។​
 
​មកដល់ពេលនេះ ពុំទាន់​រកឃើញ​វិធីសាស្ត្រ​ព្យ​បាល​ណាមួយ ឫ​វ៉ាក់សាំង​ដែល​គេ​អនុញ្ញាត​សម្រាប់​ព្យាបាល​ជំងឺ COVID-19 ឡើយ​។ គិត​ត្រឹម​ថ្ងៃទី​២១ ខែមេសា​នេះ​ពិភពលោក​ទាំងមូល​មាន​អ្នក​ឆ្លង​ចំនួន​២,៤៨​លាន​នាក់ និង​ស្លាប់​ចំនួន​១៧០,៤៣៩​នាក់​។ នៅ សហរដ្ឋអាមេរិក អ្នក​ឆ្លង​មាន​៧៩២,៩១៣​នាក់ និង​ស្លាប់​ចំនួន ៤២,៥១៧​នាក់ ខណៈ​ជាសះស្បើយ​មាន​៧២,៣៨៩​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com