COVID-19
អន្តរជាតិ
រដ្ឋ​មី​ស៊ូ​រី​របស់​អាមេរិក ប្តឹង​ថ្នាក់ដឹកនាំ​ចិន​ទារ​សំណង​លើ​រឿង COVID-19
22, Apr 2020 , 12:31 pm        
រូបភាព
លោក Eric Schmitt រដ្ឋមន្ត្រីយុត្តិធម៌ ប្រចាំរដ្ឋមីសូរី-AP
លោក Eric Schmitt រដ្ឋមន្ត្រីយុត្តិធម៌ ប្រចាំរដ្ឋមីសូរី-AP
ដោយ:
​រដ្ឋ​មី​ស៊ូ​រី (Missouri) របស់​អាមេរិក​នៅ​ថ្ងៃទី​២១ ខែមេសា បាន​ប្តឹង​ថ្នាក់ដឹកនាំ​ចិន ទាមទារ​សំណង​ខូចខាត ដោយ​បរិយាយ​ថា​ចិន​មានបំណង​បោកប្រាស់ និង​ចេញ​សកម្ម​ភាពមិន​គ្រប់គ្រាន់​ក្នុងការ​បញ្ឈប់​ជំងឺ​រាតត្បាត​សកល​COVID-19​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន AFP ។

 
​រដ្ឋ​មី​ស៊ូ​រី ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​អាមេរិក ដោយ​ទាមទារ​សំណង​ខូចខាត​មិន​កំណត់​មួយ និង​ឲ្យ​តុលា​ការចេញ​សេចក្តី​បង្គាប់​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដែល​ត្រូវ​ចោទប្រកាន់ ដោយ​ក្នុងនោះ​ក៏មាន​ការ​លួច​ប្រមូល​ស្តុក​ឧបករណ៍​ការពារ​ខ្លួន​ផងដែរ​។​
 
​លោក Eric Schmitt រដ្ឋមន្ត្រី​យុ​ត្តិ​ធ​ម៌​ប្រចាំ​រដ្ឋ​នេះ​បាន​និយាយថា រដ្ឋាភិបាល​ចិន​កុហក​ពិភពលោក​ពី​គ្រោះថ្នាក់ និង​សភាព​ឆ្លង​របស់​ជំងឺ COVID-19 ដោយ​បំបិទ​សំឡេង​អ្នក​ផ្តល់ព័ត៌មាន និង​ធ្វើ​សកម្មភាព​តិចតួច ​ដើម្បី​បញ្ឈប់​ការឆ្លង​ជំងឺ​នេះ​។ លោក សង្កត់ធ្ងន់ថា​៖« ពួកគេ​ត្រូវ​ទទួលខុសត្រូវ​ ចំពោះ​សកម្មភាព​របស់ខ្លួន​»​។​
 
​បណ្តឹង​ខាងលើនេះ ជា​បណ្តឹង​ដំបូងបង្អស់ ក្នុងអំឡុងពេល​ដែលមាន​ការអំពាវនាវ​ ឲ្យ​សភា​អាមេរិក​ពិន័យ​ប្រទេស​ចិន​។  លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក កំពុងបើក​យុទ្ធនាការ ផ្តោតលើ​តួនាទី​របស់​ចិន ​ក្នុង​ជំងឺឆ្លង​នេះ ទោះ​លោក ត្រាំ ខ្លួនឯង​ផ្ទាល់ ក៏​កំពុង​រង​ការរិះគន់ ​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​ផងដែរ​។ 
 
​នៅក្រោម​ច្បាប់​អាមេរិក បណ្តឹង​ខាងលើនេះ​មិន​ងាយ​នឹង​ទទួលជោគជ័យ​ទេ ដោយសារតែ​គោលការណ៍​អភ័យ​ឯក​សិទ្ធ​អធិបតេយ្យ បាន​ហាមឃាត់​សកម្មភាព​តុលាការ​ ប្រឆាំងនឹង​រដ្ឋា​ភិ​បាលប​រទេស​។ ទោះជា​យ៉ាងណាក្តី រដ្ឋ​មី​សូ​រី​ដោះស្រាយ​បញ្ហា​ខាងលើ ដោយ​ប្តឹង​បក្ស​កុម្មុយនីស្ត​ចិន​ដែល​កំពុង​កាន់អំណាច ក្រោម​ហេតុផល​ថា បក្ស​នេះ​មិនមែនជា​ស្ថាប័ន​ផ្លូវការ​របស់​រដ្ឋ​ចិន​ឡើយ​។​
 
​នៅក្នុង​បណ្តឹង រដ្ឋ​មី​ស៊ូ​រី​បានលើកឡើង​ ពី​ការប៉ាន់ស្មាន​ខាតបង់​ទឹកប្រាក់ ​១០​ពាន់​លាន​ដុល្លារ ដោយសារតែ​វីរុស និង​សកម្មភាព​ដើម្បី​បង្ការ​ការឆ្លង ហើយ​ចោទ​ប្រកាន់បក្ស​កុម្មុយនីស្ត​ចិន​ថា បានដឹង មាន​ចេតនា និង​មិន​ប្រុងប្រយ័ត្ន​ ដោយ​មិន​យកចិត្តទុកដាក់​ពី​សិទ្ធិ​របស់​រដ្ឋ និង​ប្រជាជន​របស់ខ្លួន​។ ពាក្យបណ្តឹង​ខាងលើ បានលើកឡើង​ផងដែរ ពី​ការឃុំខ្លួន​អ្នក​ផ្តល់ព័ត៌មាន នៅពេល​កំពុង​គ្រប់គ្រង​ការផ្ទុះ​ជំងឺ​នាពេល​ដំបូង ក៏ដូចជា​ការបដិសេធ​របស់​ចិន​តាំងពី​ដំបូង​ ដែលថា​គ្មាន​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​
 
​បើទោះបីជា​លោក ត្រាំ រិះគន់​ចិន​យ៉ាងណាក៏ដោយ គេ​ពុំទាន់​ឃើញ​រដ្ឋបាល​របស់លោក​ ចេញ​សកម្មភាព​អ្វី​ជា​ដុំកំភួន​ ប្រឆាំង​ចិន​នៅឡើយ​ទេ​។ នេះ​ទំនងជា រដ្ឋបាល​របស់លោក ​នៅ​ចាំ​ថា ចិន​ជា​ប្រភព​ផ្គត់ផ្គង់​ម៉ាស់ និង​ឧបករណ៍​វេជ្ជសាស្ត្រ ដែល​អាមេរិក​ត្រូវការ​ជា​ចាំបាច់​។​
 
​គួរបញ្ជាក់​ផងដែរ​ថា រដ្ឋ​មី​ស៊ូ​រី ដែល​ដឹកនាំ​ដោយ​អ្នក​អភិរក្សនិយម ពុំ​សូវ​ជា​មានការ​រឹតបណ្តឹង​ ដូចជា​រដ្ឋ​ដទៃ​ទៀតឡើយ ដោយ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​បើក​ជាធម្មតា ​ដរាបណា​មានការ​រក្សា​គម្លាត និង​កំណត់​ចំនួន​មនុស្ស​។ ត្រឹម​ថ្ងៃទី​២១ ខែមេសា រដ្ឋ​មី​ស៊ូ​រី​មាន​អ្នកស្លាប់​ចំនួន​១៨៩ ករណី​។​
 
​ដោយឡែក​នៅ​ថ្ងៃទី​២២ ខែមេសា អាម​រិ​ក​ទាំងមូល​ មាន​អ្នក​ឆ្លង​ចំនួន​៨១៨,៨៩២​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន​៤៥,៣៣៩​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com