ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
បុគ្គល​សំខាន់ៗ​៤​រូប​បង្ហាញ​អារម្មណ៍​ពិត​ពេលធ្វើការ​ជាមួយ​ប្រធាន ONE
25, Apr 2020 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ទ្វីបអាស៊ី ឬ គេ​ស្គាល់​ថា ONE Championship™(ONE) បាន​ដំណើរការ​រហូតដល់​ពេល​នេះ​ដោយសារតែ​ស្ថាបនិក ប្រធាន និង ជា​នាយក​ប្រតិបត្តិ  Sityodtong​។ ក្រៅពី​ចំការ​ប្រកួត​លំដាប់​ពិភពលោក​ជាប្រចាំ​កាល​មិនទាន់ Covid-19 រាលដាល ONE មាន​កម្មវិធី​កម្សាន្ត​ជា​ហូរហែ ហើយ​ថ្មីៗ​នេះ​ក៏​បើកសម្ពោធ​ហាង​ទំនិញ​អន​ឡាញ ONE.SHOP ផងដែរ​។

​យ៉ាងណាក្ដី​ក្រុមហ៊ុន​កំពូល​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​អាច​ជោគជ័យ​ទៅបាន​ក៏​ដោយសារ​ធនធានមនុស្ស​ស្នូល​ជាច្រើនរូប ដែល​ពួកគេ​ពេញចិត្ត​នឹងធ្វើ​ការ​ឲ្យ​ស្ថាប័ន ONE ក្រោម​ការ​គ្រប់​គ្រង់​របស់លោក Chatri Sityodtong​។ បុគ្គលិក​សំខាន់ៗ​ដែល​ចូលរួមចំណែក​មិនអាច​ខ្វះ​បាន​នោះ​មានដូចជា​លោក Rich Franklin នាយក​ប្រតិបត្តិ​របស់​កម្មវិធី ONE Warrior Series,  Miesha Tate អនុប្រធាន ONE Championship, Niharika Singh ប្រធាន​ផ្នែក​ផលិតផល​ឌីជីថល​, និង Debbie Soon ប្រធាន​ផ្នែក​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​។ 
 
​លោក Rich Franklin បានបង្ហាញ​មោទនភាព​យ៉ាង​ដូច្នេះ ៖«​ការធ្វើការងារ​ឲ្យ  Chatri ដាច់ខាត​ត្រូវតែ​ហ្មត់ចត់​។ យើង​មាន​សេរីភាព​ក្នុង​ធ្វើ​ការងារ​។ យើង​មាន​សេរីភាព​១០០%  ប៉ុន្តែ​យើង​ក៏មាន​ការទទួលខុសត្រូវ ១០០% ដូចគ្នា​ដែរ​សម្រាប់​ក្រុមហ៊ុន​។ ធ្វើការ​ជាមួយ Chatri អ្នកនឹង​ក្លាយជា​អ្នក​ផលិត​កម្មវិធី និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​។ ពីមុន​ខ្ញុំ​មិនដែល​គិតថា​ខ្ញុំ​អាចធ្វើ​បាន​បែបនេះ​ទេ​។ តែ​ឥឡូវ​ខ្ញុំ​អាច​គ្រប់គ្រង​កម្មវិធី​បានល្អ និង​អាច​ស្វែងរក​ចំណុច​ខ្វះខាត​ដើម្បី​បំពេញបន្ថែម​ហើយ​ធ្វើ​កាន់តែ​ល្អ​ឡើងៗ​។  Chatri ជះឥទ្ធិពល​ដល់​ការងារ​ដ៏​ល្អ​របស់ខ្ញុំ​ខ្លាំងណាស់​»​។ 
  
​ជាមួយគ្នា​នោះ Miesha Tate ក៏​បញ្ចេញ​ទស្សនៈ​ថា​៖«​គាត់​ផ្ដល់​ការលើកទឹកចិត្ត ផ្ដល់​ក្ដី​ស្រលាញ់ និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​កូនចៅ​គ្រប់ពេលវេលា​។ នេះ​ជាការ​ជំរុញ​ឲ្យ​សម្រេច​កិច្ចការងារ​ជា​បន្តបន្ទាប់​។ ធ្វើការ​ជាមួយ​គាត់ គឺ​យើង​រស់នៅ​ដោយមាន​ក្ដីសង្ឃឹម​ជានិច្ច​។ ប៉ុន្តែ​យើង​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ដើម្បី​ផ្ដល់​ត្រលប់​ទៅ​ក្រុមហ៊ុន​វិញ​។ ខ្ញុំ​អាច​និយាយបានថា​វា​ជា​ឱកាស​ដ៏​ល្អ​មួយ និង ការដកស្រង់​បទពិសោធន៍​ដើម្បី​រួមចំណែក​ជួយ​ដល់​ក្បាច់គុន​ជុំវិញ​ពិភពលោក​»​។ 
 
​ចំណែក Niharika Singh បង្ហាញ​មតិ​ដូច្នេះ​៖«​វា​ពិតជា​មានការ​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ខ្ញុំ​។ គាត់​មាន​ភាពស្មោះត្រង់​ក្នុងនាម​ជា​អ្នកដឹកនាំ​ហើយ​តែងតែ​គាំទ្រ​រាល់​ភាពត្រឹមត្រូវ និង​លើកទឹកចិត្ត​ដល់​អ្នកក្រោមបង្គាប់​។ គាត់​ជាម​នុស្ស​អស្ចារ្យ និង អ្នក​គំរូ​ពូកែ​លើកទឹកចិត្ត​ម្នាក់​។ ខ្ញុំ​តែងតែ​ប្រាប់​មនុស្ស​នៅ​ជុំវិញខ្លួន​អំពី ONE Championship ដែលជា​ក្រុមហ៊ុន​អាជីព​ដ៏​ល្អ​មិន​ធ្លាប់​ឃើញ​ពីមុន​»​។ 
 
​រីឯ Debbie Soon ក៏​ប្រាប់​អំពី​ភាព​ពេញចិត្ត​ពេញ​ថ្លើម​ដែរ​ថា ៖«​មក​ចូលរួម​ជាមួយ Chatri ធ្វើ​ឲ្យ​ជីវិត​ផ្លាស់ប្ដូរ​ច្រើន​។ គាត់​បាន​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ច​ការដែល​ខ្ញុំ​មិន​នឹកស្មាន​ដល់​ថា​អាច​ធ្វើបាន​។ មួយទៀត ហេ​ហេ !​ពេល​គាត់​ខឹង​គាត់​ក៏​មិន​ខ្លាច​នឹង​បង្ហាញ​ដែរ​តែ​មិនយូរ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​សរសើរ​គាត់​និង​ការងារ​ម៉ឺងម៉ាត់​របស់គាត់​។ ខ្ញុំ​គិតថា​អ្នក​រាល់គ្នា​ផ្ដល់​មេរៀន​ដល់​ខ្ញុំ​ច្រើន ពួក​គ​ចង់បាន​លទ្ធផល​ថ្មី ហើយ​ពួកគេ​បង្ហាត់​ខ្ញុំ​ឲ្យ​កាន់តែ​ល្អ​ជាង​ពីមុន​។ យើង​រួមគ្នា​ដើម្បី​គោលដៅ​សម្រាប់​ក្រុមហ៊ុន​តែមួយ និង​ជឿជាក់​លើ​ក្រុមហ៊ុន​»៕
 


© រក្សាសិទ្ធិដោយ thmeythmey.com