COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អតីតអ្នកប្រដាល់ Mike Tyson ចង់ដាក់ឈ្មោះក្រុមហ៊ុនកញ្ឆាខ្លួនលើកីឡដ្ឋានរបស់ Barcelona
× Mike Tyson អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ និងដៃគូជំនួញលោក Alki David ចង់ដាក់ឈ្មោះក្រុមហ៊ុនផលិតកញ្ឆាខ្លួនលើកីឡដ្ឋានរបស់ Barcelona សព្វថ្ងៃ។ សប្តាហ៍មុនក្លិប Barca ប្រកាសរកអ្នកឧបត្ថម្ភដាក់ឈ្មោះកីឡដ្ឋានថ្មីជំនួសឲ្យឈ្មោះ Camp Nou ដើម្បីយកប្រាក់ជួយប្រឆាំងជំងឺ COVID-19។
កីឡដ្ឋានរបស់ក្រុមរហស្សនាមអ្នកមានបុណ្យ ដែលសព្វថ្ងៃមានឈ្មោះថា Camp Nou មិនធ្លាប់មានប្រវត្តិប្តូរឈ្មោះផ្សេងពីនេះឡើយ ចាប់តាំងពីបើកដំណើរការនៅឆ្នាំ១៩៥៧ មក។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២១ ខែមេសា ក្លិបយក្សអេស្ប៉ាញមួយនេះ បានប្រកាសពីការផ្តល់សិទ្ធិឲ្យអ្នកឧបត្ថម្ភ លើការដាក់ឈ្មោះកីឡដ្ឋានរបស់ខ្លួនជាលើកដំបូង ដោយប្រាក់ចំណូលដែលទទួលបានពីនេះ នឹងបរិច្ចាគទាំងអស់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19។
បើតាមការចុះផ្សាយរបស់ BBC អតីតម្ចាស់ជើងឯកប្រដាល់សកលទម្ងន់ធ្ងន់ Mike Tyson ដែលសព្វថ្ងៃមានវ័យ៥៣ឆ្នាំ សង្ឃឹមថា យីហោក្រុមហ៊ុនផលិតកញ្ឆាសម្រាប់ថ្នាំពេទ្យរបស់ខ្លួនជាមួយដៃគូ Alki David នឹងទទួលបានសិទ្ធិដាក់ឈ្មោះលើកីឡដ្ឋានរបស់ក្លិប Barca នេះ។
ដៃគូជំនួញរបស់ Tyson លោក Alki David បានប្រាប់ BBC Sport ថា៖«នេះជាកីឡាដ្ឋានមួយដ៏អស្ចារ្យ នេះជាអ្វីដែលយើងកំពុងស្វែងរក ជាពិសេសសម្រាប់ក្រុមហ៊ុនរបស់យើង ហើយនេះជាគំនិតដ៏អស្ចារ្យមួយ»។
លោកសេដ្ឋី David សញ្ជាតិនីហ្សេរីយ៉ា ដែលជាម្ចាស់រោងចក្រផលិតដប Coca-Cola នៅ២៨ប្រទេសផងនោះ ចង់ទទួលបានសិទ្ធិដាក់ឈ្មោះកីឡាដ្ឋាននេះថា Swissx ឬ Swissx Nou Camp បន្ទាប់ពីក្រុមហ៊ុនលោកជាមួយនឹង Tyson នេះ បានផ្តល់ផលិតផលថ្នាំរុក្ខជាតិដែលមានស្លាកយីហោ Swissx ក្នុងប្រទេសស្វ៊ីស។
ម្ចាស់ជើងឯកលីគកីឡាបាល់ទាត់កំពូលអេស្ប៉ាញ La Liga រដូវកាលមុន ប្រកាស់ផ្តល់សិទ្ធិដាក់ឈ្មោះ ទៅឲ្យអ្នកឧបត្ថម្ភចាប់ពីរដូវកាល ២០២០-២១ តទៅ ដោយប្រាក់ដែលទទួលបានត្រូវបញ្ជូនទៅមូលនិធិ Barca ដើម្បីជួយដល់យុទ្ធនាការប្រឆាំងជំងឺឆ្លង COVID-19។
យ៉ាងណាក៏ដោយ ថ្លៃឧបត្ថម្ភលើឈ្មោះកីឡដ្ឋានរបស់ Barca នេះមិនទាន់ដឹងថាមានតម្លៃប៉ុន្មាននោះទេ។ Manchester City ទទួលបានជាង២២លានដុល្លារអាមេរិក លើការប្រើឈ្មោះកីឡដ្ឋាន Etihad រីឯ Tottenhma Hotspur ទទួលបាន៣១លានដុល្លារ៕
លោក Alki David (ឆ្វេង) និង Mike Tyson
Tag:
Mike Tyson
Alki David
Barcelona
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com