បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ ក្មេង​អនាថា​បាន​រួច​មួយគ្រា​ពេល​បា​តុម្ម​គណបក្ស​សង្គ្រោះ​ជាតិ
24, Oct 2013 , 7:39 pm        
រូបភាព
ដោយ:
ជីវិត​រស់នៅ​រាជធានី​ភ្នំពេញ មិនមែន​ទាំងអស់គ្នា​សុទ្ធ​តែមាន​បាយ​ហូប​គ្រប់គ្រាន់​នោះទេ ។ អ្នកខ្លះ​ក៏​សម្បូរហូរហៀ​ទៅ ហើយ​អ្នក​ខ្លះទៀត​គ្មាន​ទីពឹង គ្មាន​ម្ហូបអាហារ​ហូបចុក​គ្រប់គ្រាន់ រស់ក្នុង​ស្ថានភាព​លំបាក​តោកយ៉ាក។ ជន​អត់​ទីពឹង​មួយចំនួន​នៅ​ភ្នំពេញ បាន​សម្តែង​ការសប្បាយ​ចិត្ត​ឲ្យ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្មម្តងៗ ។ ភាពសប្បាយ​របស់​ពួកគេ​មិនមែន​ក្នុងន័យ​ធ្វើបាតុកម្ម​រក​យុត្តិធម៌​អ្វី​នោះទេ គឺ​សប្បាយ​នឹង​បាន​ហូបចុក​ជាមួយ​ក្រុម​បាត​ករ។


« ស៊ី​បាយ​អម្បាញមិញ​ឆ្ញា​ញ់​ណាស់ អ្ហែង​មាន​ទៅយក​បាយ​ស៊ី​អត់?»  នេះ​ជា​សំដី​ហៅ​គ្នា​ឲ្យ​ទៅរក​បាយ​ហូប របស់​ក្មេង​អនាថា​មួយក្រុម នៅ​ទីលាន​ប្រជាធិបតេយ្យ ជាទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ​មហា​បាតុកម្ម នា​វេលា​បាយ​ថ្ងៃត្រង់។ ថ្ងៃត្រង់​ជា​ពេលដែល​ក្រុមការងារ​គណបក្សប្រឆាំង​កំពុង​ចែក​ម្ហូបអាហារ​ដល់​ក្រុមបាតុករ។ ពួកគេ​បាន​ជែក​គ្នា​ទាំង​ក្តី​រីករាយ​ថា ប៉ុន្មាន​ថ្ងៃនេះ បាន​ហូបចុក​ឆ្ញា​ញ់​ឆ្អែត​ស្រួល​ណាស់ មិន​ចង់​ឲ្យ​មហា​បាតុកម្ម​នេះ បញ្ចប់​នោះទេ។

មាន​អាយុប្រមាណ​ជាង ១០ ឆ្នាំ ស្គម​ចេញ​ឆ្អឹងជំនី​សម្បុរ​ខ្មៅ​ព្រិច កំពុងនិយាយ​ជាមួយ​ក្មេង​អនាថា​ដែលជា​មិត្តភក្តិ​ខ្លួន​ចំនួន ៥ នាក់​ទៀត កុមារា លាភ បាន​និយាយ​សំឡេងខ្សោយៗថា ខ្លួន​គ្មាន​ឪពុកម្តាយ​នោះទេ បច្ចុប្បន្ន​រស់នៅ​តាម​ចិញ្ចើមថ្នល់​ជាមួយ​ក្មេង​កំព្រា​ដទៃទៀត ដោយ​ពឹង​ផ្អែកទៅលើ​ការដើរ​សុំទាន និង​រើស​អេតចាយ​តែប៉ុណ្ណោះ។

កុមារា​រូបនេះ បញ្ជាក់ថា គេ​សប្បាយចិត្ត​ណាស់ ពេល​បាន​ហូប​ឆ្អែតម្តងៗ ជាពិសេស​ដូចជា​ថ្ងៃ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម។

អង្គុយ​នៅលើ​ស្មៅ​ក្បែ​កុមារា លាភ នោះដែរ ចាន់ ជា​ក្មេង​អនាថា ដែល​កើតមក​មិន​ស្គាល់​ម៉ែឪ និង​មិនដឹងថា ខ្លួន​កើត​នៅទីណា​នោះ បាន​និយាយ​រាង​ឧិ​ន​មុខ​ចុះ​ថា ថ្ងៃ​បុណ្យសព និង​ថ្ងៃ​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ជា​ថ្ងៃ​ដែល​ខ្លួន​បាន​ស្គាល់​ជាតិ​ម្ហូបអាហារ​ដែល​មិន​ផ្អូម​ទុក​ពី​បី​ថ្ងៃ និង​សល់​ពី​គេ​នោះទេ។

កុមារា ចាន់ បាន​ប្រាប់ថា ខ្លួន​រស់ក្នុង​ចេតិយ៍​ជាមួយ​មិត្តភក្តិ​ក្នុង​វត្ត​មួយ​នៅ​ភ្នំពេញ ហើ​ញ​អស់​រយៈពេល ពីរ​ថ្ងៃ​ទាំង​ថ្ងៃ​នេះហើយ ដែក​ខ្លួន​មិនបាន​ទៅ​ចេតិយ៍​នោះទេ ដោយ​ស្នាក់នៅ​ទីលាន​ប្រជាធិបតេយ្យ​រហូត រង់ចាំតែ​ពេល​គេ​ចែក​បាយ​ប៉ុណ្ណោះ។

«ពូ​ខ្ញុំ​សុំ​បាយ​មួយ​ប្រអប់» ដៃ​កំពុងតែ​លុក​រងចាំ​ទ្រ​បាយ ពី​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មមាញឹក​ចែក​ដល់​ក្រុមបាតុករ កុមារី ម៉ា​ណែ​ត បច្ចុប្បន្ន​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​ម្នាក់ នៅ​ចេតិយ៍​ក្នុង​វត្ត​ដែល​នោះ បាន​និយាយថា ខ្លួន​មក​ទីលាន​ប្រជាធិបតេយ្យ​ពីរ​នាក់​ជីដូន តែ​មិនមែន​ចូលរួម​ធ្វើបាតុកម្ម​អ្វី​នោះទេ គឺ​ដឹក​ដៃ​ជី​ដួន​ដើរ​សុំទាន និង​យក​បាយ​ហូប​តែប៉ុណ្ណោះ។

ភ្នែក​សំឡឹងមើល​អ្នក​ចែក​បាយ ម៉ា​ណែ​ត បាន​បន្តថា កាលពី​ម្សិលមិញ​ខ្លួន​ពីរ​នាក់​ជីដូន បាន​ហូប​ឆ្អែត​មួយថ្ងៃ ដោយសារ​បាយ​បាតុកម្ម​នេះ។ នាង​បន្តថា ខ្លួន​និង​ជីដូន នឹង​ស្នាក់នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ រហូតដល់​ចប់​បាតុកម្ម ទើប​ត្រឡប់​ទៅ​ចេតិយ៍​វិញ។

សូមបញ្ជាក់ថា មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​លោក​មកហើយ  ត្រូវបាន​ក្រុមបាតុករ​អះអាងថា សម្បូរ​ម្ហូ​ម​អាហារ​ហូបចុក។

បាតុករ​ខ្លះមក​ចូលរួម​ធ្វើ​មហា​បាតុកម្ម​មានតែ​ប្រាក់​ចំណាយ​លើ​សោហ៊ុយ​ធ្វើដំណើរ​ប៉ុណ្ណោះ ដោយ​ពួកគេ​រំពឹងថា កន្លែង​ធ្វើ​មហា​បាតុកម្ម​មិន​ខ្វះ​អ្វី​ហូប​នោះទេ។ បាយ​កញ្ចប់ នំប៉ាំង ថវិកា ត្រូវបាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឧបត្ថម្ភ​មកជា​បន្តបន្ទាប់។ ភាពសម្បូរ​សប្បាយ​នេះហើយ បាន​ទាក់ទាញ​ក្មេង​អនាថា​មួយចំនួន​ឲ្យ​មក​ទីលាន​ប្រជាធិបតេយ្យ ដើម្បីរ​កបាយ​ហូប​ផងដែរ។  

យ៉ាងណាក៏ដោយ មហា​បាតុកម្ម​លើក​ទី ៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​នេះ ការឧបត្ថម្ភ​មិនសូវ​សម្បូរ​ដូច​លើក​ទី ១ និង​ទី ២ នោះទេ ដោយមាន​បាតុករ​ខ្លះ​ត្អូញត្អែ​ពីរ​រឿង​អត់បាយ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com