លោក ត្រាំ ថា មាន​ភ័ស្តុតាង​បញ្ជាក់ COVID-19 ពាក់ព័ន្ធ​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​
COVID-19
អន្តរជាតិ
លោក ត្រាំ ថា មាន​ភ័ស្តុតាង​បញ្ជាក់ COVID-19 ពាក់ព័ន្ធ​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​
01, May 2020 , 10:57 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣០ ខែមេសា បាន​គំរាម​ដំឡើង​ពន្ធ​ថ្មី​ប្រឆាំង​រដ្ឋាភិបាល​ចិន ក្រោយ​អះអាងថា មាន​ភ័ស្តុតាង​ភ្ជាប់​កូ​រ៉ូ​ណា​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​COVID-19 ជាមួយនឹង​មន្ទីរពិសោធន៍​មួយ​ក្នុង​ទីក្រុង វូ​ហាន ដែលជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រាលដាល​ជំងឺ​នេះ​។ យ៉ាងណាមិញ ភ្នាក់ងារ​ចារកម្ម​កំពូល​អាមេរិក បានចេញ​សេចក្តី​សន្និដ្ឋានថា វីរុស​នេះ​មាន​ដើមកំណើត​នៅ​ចិន​មែន តែ​ពុំមែន​ជា​ស្នាដៃ​មនុស្ស​បង្កើតឡើង​។

 
​នៅពេល​សួរថា លោក​បានឃើញ​របាយការណ៍​អ្វី ដែល​ធ្វើ​ឲ្យ​មាន​លោក​ទំនុកចិត្ត​ខ្ពស់​ថា វិទ្យាស្ថាន​សិក្សា​វីរុស​ក្រុង​វូ​ហាន ពិតជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រាលដាល COVID-19 លោក​ប្រធានាធិបតី ត្រាំ បាន​ឆ្លើយតប​វិញ​ថា​៖«​បាទ​! ខ្ញុំ​បានឃើញ​»​។ យ៉ាងណាមិញ លោក ត្រាំ មិន​បញ្ចេញ​ពី​ព័ត៌មាន​លម្អិត​ នៃ​របាយ​ការណ៍​ដែល​លោក​ឃើញ​ឡើយ​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា ភ្នាក់ងារ​សហរដ្ឋ​អា​មេ​រិក ​កំពុង​ស៊ើបអង្កេត​ជុំវិញ​ហេតុការណ៍ ​ដែល​វីរុស​នេះ​បាន​ផ្ទុះឡើង​ដំបូង ហើយ​អ្វីដែល​ចិន​បានសម្រេច​ធ្វើ​ ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៅ​ជុំវិញ​ពិភពលោក​។ 
 
​ត្រង់ចំណុច​នេះ លោក​ប្រធានាធិបតី​សង្ក់​ធ្ងន់ ថា លោក​នឹង​ទទួលបាន​របាយការណ៍​ជុំវិញ​អ្ វីដែល​បាន​កើតឡើង​ពាក់ព័ន្ធ COVID-19 ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ទោះបីជា​បញ្ហា​ដើមកំណើត ​នៃ​ការផ្ទុះ​រាលដាល​ជំងឺ​COVID-19 ស្ថិតក្រោម​ការស៊ើបអង្កេត​នៅឡើយ​ក្តី លោក ត្រាំ បាន​មាន​មន្ទិលសង្ស័យ​រួចទៅហើយ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ អះអាងថា​៖«​ពួកគេ (​រដ្ឋាភិបាល​ចិន​) អាច​បញ្ឈប់​វា​បាន​»​។ លោក ត្រាំ លើកឡើង​បែបនេះ​ ដោយ​ចង់​វាយប្រហារ​ចិន​ សម្រាប់​ការ​ពុំ​លុបចោល​ជើងហោះហើរ​អន្តរជាតិ​ ចេញពី​ប្រទេស​នាពេលនោះ​។ 
 
​ប្រភព​ជំងឺ COVID-19 នៅតែ​ប្រធានបទ​ក្ដៅ ដោយមាន​ការលើកឡើង​គ្មាន​ភ័ស្តុតាង​ បញ្ជាក់​ច្បាស់លាស់​មួយចំនួន​ ជុំវិញ​លទ្ធភាព​ដែល​វីរុស​នេះ ​បាន​លេចឡើង​ក្នុង​ទីក្រុង វូ​ហាន​។ ក្នុងនោះ​គឺ វីរុស​បាន​ផ្ទុះឡើង​ក្នុង​ផ្សារ​លក់​សត្វព្រៃ​មួយកន្លែង ឬ​បែកធ្លាយ​ដោយ​ចៃដន្យ​ពី​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​។​
 
​ផ្ទុយ​ពី​ការលើកឡើង​របស់លោក ត្រាំ សហគមន៍​ចារកម្ម​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៣០ ខែមេសា បានចេញ​សេចក្តី​សន្និដ្ឋានថា ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ទៅជា​ជំងឺ​COVID-19 មាន​ដើមកំណើត ​ក្នុងប្រទេស​ចិន​ពិតមែន តែ​ពុំមែន​ជាការ​បង្កើតឡើង​ដោយ​មនុស្ស​ទេ​។  
 
​ទោះជា​យ៉ាងណា លោក ត្រាំ ដែល​មិន​ពេញចិត្ត​ចិន​រឿង COVID-19 នេះ គំរាម​ដំឡើង​ពន្ធ​ប្រឆាំង​ចិន​។ នៅពេល​អ្នកសារព័ត៌មាន​សួរ​បន្តថា លោក​អាច​លុបចោល​ការបង់​បំណុល​ដែល​អាមេរិក​ជំពាក់​ចិន ​ឬ​យ៉ាងណា លោក​ប្រធានាធិបតី ត្រាំ លើកឡើងថា លោក​អាចធ្វើ​វា​ដោយ​វិធីសាស្ត្រ​ផ្សេង​។ ត្រង់ចំណុច​នេះ លោក​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​អាចធ្វើ​រឿង​ដូចគ្នា​ប៉ុន្តែ​លុយ​ច្រើនជាង​មុន ពោលគឺ​ដំឡើង​ពន្ធ​ប្រឆាំង​ចិន​តែម្ដង​»​។ 
 
​សូមបញ្ជាក់ថា ក្នុង​សប្ដាហ៍​នេះ ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​រូបនេះ ការចាត់ចែង​ជំងឺ COVID-19 របស់​ចិន គឺជា​ភស្តុតាង​បញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​នឹងធ្វើ​រឿង​គ្រប់បែបយ៉ាង ​ដែល​ពួកគេ​អាច​ដើម្បី​ធ្វើ​ឲ្យ​លោក​ចាញ់ឆ្នោត​អាណត្តិ​ទី​២ នា​ខែវិច្ឆិកា​ខាងមុខ​។ 
 
​ត្រង់ចំណុច​នេះ លោក ដូ​ណា​ល់ ត្រាំ ជឿជាក់ថា ក្រុង​ប៉េកាំង​ចង់​ឲ្យ​គូ​ប្រជែង​បក្ស​ប្រជាធិបតេយ្យ​របស់លោក គឺ​លោក ចូ បៃ​ឌិន យកឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​។ បើតាម​លោក​ត្រាំ ហេតុផល​នោះ គឺ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ ​ដែល​លោក​បានដាក់​ប្រឆាំង​ចិន​ ពាក់ព័ន្ធ​បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​ដទៃទៀត​។​
 
​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក ត្រាំ នេះ ក្រសួងការបរទេស​ចិន អះអាងថា ក្រុង​ប៉េកាំង​គ្មាន​ផលប្រយោជន៍​អ្វី​ ក្នុងការ​លូកដៃ​ក្នុងការ​បោះឆ្នោត​អាមេរិក​នោះឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang អះអាងថា ការបោះឆ្នោត​គឺជា​កិច្ចការ​ផ្ទៃក្នុង  ហើយ​ប៉េកាំង​សង្ឃឹមថា សហរដ្ឋអាមេរិក​ពុំ​អូសទាញ​ចិន​ចូលក្នុង​រឿងនេះ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែឧសភា សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​សរុប ១,០៩​លាន​ករណី ខណៈ​អ្នកស្លាប់​សរុប​មាន ៦៣៨៦១​នាក់​។ អ្នកជា​សះស្បើយ​មាន​៨៧,៥​ម៉ឺន​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​ជាង​១,៥​ម៉ឺន​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers ដែល​តាមដាន COVID-19 ទូទាំង​ពិភពលោក​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចិន​
  វូ​ហាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com