COVID-19
អន្តរជាតិ
ថៃមានអ្នកល្មើសបម្រាមគោចរជិត៧០០នាក់ ក្រោយបើកលក់គ្រឿងស្រវឹងវិញ ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
× ក្រោយរដ្ឋាភិបាលថៃ សម្រេចដកហូតបម្រាមលក់គ្រឿងស្រវឹង ពលរដ្ឋថៃជាច្រើនបាននាំគ្នាសម្រុកទៅទិញគ្រឿងស្រវឹង រហូតមានអ្នកល្មើសបម្រាមគោចរចន្លោះពីយប់ថ្ងៃទី៤ និងព្រឹកថ្ងៃទី៥ ខែឧសភា។ ទាក់ទិនបញ្ហានេះ រដ្ឋាភិបាលថៃ ព្រមានពីលទ្ធភាពដាក់បម្រាមនេះជាថ្មីម្ដងទៀត។
មនុស្សសរុប៦៩០នាក់ បានបំពានបម្រាមគោចរដែលរដ្ឋាភិបាលថៃដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ។ តួលេខនេះ កើនឡើង៦០ភាគរយបើប្រៀបធៀបនឹងយប់ថ្ងៃទី៣ខែឧសភា។ តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បម្រាមលក់គ្រឿងស្រវឹង ត្រូវបានដកហូតក្នុងខេត្តថៃជាច្រើន កាលពីថ្ងៃទី៤ ខែឧសភា ក្នុងនោះក៏មានទីក្រុងបាងកក ផងដែរ។
ក្នុងចំណោមអ្នកល្មើសទាំង៦៩០នាក់ មនុស្ស១២៩នាក់ ក៏បានពាក់ព័ន្ធនឹងការប្រមូលផ្ដុំគ្នាផឹកស៊ី ដែលហាមឃាត់ក្រោមក្រឹត្យប្រកាសរដ្ឋក្នុងគ្រាអាសន្ន។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 ថៃ បញ្ជាក់បែបនេះ ដោយបន្ថែមថា អ្នកខ្លះក៏បានប្រឹព្រឹត្តអំពើអបាយមុខផ្សេងទៀតដូចជាការប្រើប្រាស់ថ្នាំញៀន និងល្បែងស៊ីសង ទៀតផង។
បើតាមបាងកកប៉ុស្តិ៍ លោក Taweesilp លើកឡើងទៀតថា ប្រទេសថៃ ពុំអាចយកជ័យជម្នះក្នុងការទប់ស្កាត់ COVID-19 បានឡើយ ដោយគ្មានកិច្ចសហការពីពលរដ្ឋគ្រប់គ្នា។ លោកបន្តថា៖«មានតែប្រទេសយើងប្រាកដច្បាស់ថាយើងគ្មានវីរុសនេះទាំងស្រុងនោះ ទើបយើងអាចវិលត្រលប់ទៅកាន់ជីវិតធម្មតាដូចមុនវិញ»។
រដ្ឋាភិបាលថៃ នឹងប្រើពេលសាកល្បង២សប្តាហ៍ដើម្បីសម្រេចថា គួរបន្តបន្ធូរបន្ថយការរឹតបន្ដឹង COVID-19 ឬត្រលប់ទៅអនុវត្តវិញ។ លោក Taweesilp សង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ការសម្រេចចិត្ត នឹងផ្អែកលើតួលេខឆ្លងថ្មីអំឡុងពេលនេះ។
គិតត្រឹមថ្ងៃទី ៥ ខែឧសភា ប្រទេសថៃ មានករណីឆ្លងCOVID-19សរុប២៩៨៨ករណី ខណៈអ្នកស្លាប់មាន៥៤នាក់។ បើតាមវេបសាយ worldometers អ្នកជំងឺចំនួន២៧៤៧នាក់បានជាសះស្បើយ ខណៈអ្នកជំងឺធ្ងន់ធ្ងរ់មាន៦១នាក់៕
Tag:
ថៃ
COVID-19
គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com