COVID-19
អន្តរជាតិ
បិទ​ប្រទេស​ព្រោះ COVID-19 ធ្វើ​ពលរដ្ឋ​ឥណ្ឌា​១២២​លាន​នាក់​បាត់​ការងារ​ក្នុង​ខែមេសា​
07, May 2020 , 9:29 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​បទបញ្ជា​បិទ​ប្រទេស​ទប់ស្កាត់​ការ​រាលដាល COVID-19 បណ្ដាល​ឲ្យ​ពលរដ្ឋ​ឥ​ណ្ឌ​១២២​លាន​នាក់​បាត់បង់​ការងារ​ធ្វើ គិតតែ​ក្នុង​ខែមេសា​ប៉ុណ្ណោះ​។  នេះ​តាម​បើ​ទិន្នន័យ​ថ្មី​មកពី​ភ្នាក់ងារ​ស្រាវជ្រាវ​ឯកជន​មួយ ដែល​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ថ្ងៃទី​៦ ខែឧសភា ។​

 
​បច្ចុប្បន្ន អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌា ឈរ​នៅ​កម្រិត​ខ្ពស់បំផុត​ពុំ​ធ្លាប់មាន ២៧,១​ភាគរយ​។ នេះ​បើតាម​មជ្ឈមណ្ឌល​ឃ្លាំមើល​សេដ្ឋកិច្ច​ឥណ្ឌា (CMIE) ។ ទិន្នន័យ​ថ្មី​នេះ បង្ហាញថា តួលេខ​អ្នក​អត់​ការងារ​ធ្វើ​របស់​ឥណ្ឌា លើស​សហរដ្ឋអាមេរិក​រហូតដល់​៤​ដង​ឯណោះ​។  
 
​រដ្ឋាភិបាល ឥណ្ឌា ពុំបាន​បញ្ចេញ​ទិន្នន័យ​ការងារ​ផ្លូវការ​ទេ ក៏ប៉ុន្តែ​ទិន្នន័យ​របស់ CMIE នេះ ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​។ នេះ​បើតាម​សារព័ត៌មាន​ចក្រភព​អង់គ្លេស BBC ។​
 
​ឥណ្ឌា ដែលមាន​ប្រជាជន​សរុប ១,៣៥​ពាន់​លាន​នាក់ (​តួលេខ​ឆ្នាំ​២០១៨) ស្ថិតក្រោម​ការ​រឹតបន្តឹង ក្រោយ​រដ្ឋាភិបាល​ដាក់ចេញ​បទបញ្ជា​បិទ​ប្រទេស ចាប់តាំងពី​ថ្ងៃទី​២៥ ខែមីនា ក្នុង​គោលដៅ​ទប់ស្កាត់​ការឆ្លង COVID-19 ។ ចំណាត់ការ​រឹតត្បិត​នេះ បង្ក​ឲ្យ​ប្រជាជន​ឥណ្ឌា​ជាច្រើន​បាត់បង់​ការងារ​ធ្វើ និង​ត្រូវ​ឈប់សម្រាក​បណ្ដោះអាសន្ន​ឥត​ប្រាក់កម្រៃ​។ 
 
​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​ខែមេសា ហក់​ឡើងដល់ ២៣,៥​ភាគរយ ។ នេះ​គឺជា​កំណើន​យ៉ាងគំហុក​មួយ បើ​ធៀប​នឹង​ខែមីនា ស្មើនឹង​៨,៧​ភាគរយ​ប៉ុណ្ណោះ​។ មូលហេតុ​ចម្បង​នៃ​បញ្ហា​នេះ គឺ​មកពី​បទបញ្ជា​បិទ​ប្រទេស​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ជាប់គាំង លើកលែងតែ មន្ទីរពេទ្យ ឱសថស្ថាន និង​ទីតាំង​ផ្គត់ផ្គង់​ចំណីអាហារ​ចាំបាច់​។ 
 
​ក្នុងចំណោម​មនុស្ស​ទាំង​១២២​លាន​នាក់​ដែល​អស់​ការងារ​ធ្វើ ពលរដ្ឋ​ឥណ្ឌា ៩១,៣​លាន​នាក់ គឺជា​អាជីវករ​តូចតាច និង​កម្មករ​។ បុគ្គលិក​ស៊ីប្រាក់ខែ​ប្រមាណ​១៧,៨​លាន​នាក់ និង​ម្ចាស់​អាជីវកម្ម​ប្រមាណ ១៨,២​លាន​នាក់ ក៏​បាត់បង់​ការងារ​ពួកគេ​ផងដែរ​។ នេះ​បើតាម​របាយការណ៍​ដដែល​។ 
 
​យ៉ាងណាមិញ វិស័យ​កសិកម្ម ដែល​នៅតែ​វិស័យ​ស្នូល​របស់​សេដ្ឋកិច្ច​ឥណ្ឌា នៅតែមាន​ដង្ហើម ហើយក៏​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ឥណ្ឌា​មួយចំនួន​ផងដែរ​ទាំង​ក្នុង​ខែមីនា និង​មេសា​។ នេះ​ពុំមែន​ជា​រឿង​មិន​ប្រក្រតី​នោះទេ ដោយ​ពលរដ្ឋ​ឥណ្ឌា​ភាគច្រើន​តែង​ត្រលប់​ទៅធ្វើ​កសិកម្ម​វិញ អំឡុងពេល​មាន​វិបត្តិ​បែបនេះ​។ នេះ​បើតាម​មជ្ឈមណ្ឌល​ឃ្លាំមើល​សេដ្ឋកិច្ច​ឥណ្ឌា (CMIE)​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែឧសភា ប្រទេស ឥណ្ឌា មាន​ករណី​ឆ្លង​COVID-19​សរុប ៥៣ ០៤៥​ករណី ខណៈ​អ្នក​ស្លាប់មាន ១៧៨៧​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជា​សះស្បើយ​មាន ១៥ ៣៣១​នាក់​។ បទបញ្ជា​បិទ​ប្រទេស​របស់​ឥណ្ឌា នឹងត្រូវ​បញ្ចប់​នា​ថ្ងៃទី​១៧ ខែឧសភា ក៏ប៉ុន្តែ​រដ្ឋ​ខ្លះ​ទំនងជា​ពន្យារពេល​បន្ថែ​ម​ទៀត​៕ 

Tag:
 ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com