បទយកការណ៍ / បទសម្ភាសន៍
ជាតិ
លោក ជា មុន្នី៖ សហជីព​ខ្ញុំ​ឯករាជ្យ តែ​មិន​អ​ព្យា​ក្រឹត​នោះទេ
26, Oct 2013 , 12:51 pm        
រូបភាព
ដោយ:
ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុន្នី ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​លោក ជា វិជ្ជា កាលពីពេល​កន្លងទៅ បាន​អំពាវនាវ​ឲ្យ​កម្មករ​ជា​សមាជិក​របស់​សហ​ជី​ពទាំងអស់ ចូលរួម​ធ្វើ​មហា​បាតុកម្ម​ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ ។ ការអំពាវនាវ​របស់​លោក ជា មុន្នី បែបនេះ បានធ្វើ​ឲ្យ​មានកា​រិះគន់ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​សហ​ជីព។ តែ​លោក បាន​អះអាងថា សហជីព​របស់​លោកមា​ន​ឯករាជ្យ​ពិតប្រាកដ តែ​មិនមែន​អ​ព្យា​ក្រឹត​​នោះទេ។



ខាងក្រោម​នេះ ជា​បទ​សម្ភាស​រវាងលោក​ ឬ​ទ្ធី អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ ជាមួយ​លោក ជា មុន្នី នា​អំឡុងពេល​លោក​ចូលរួម​ធ្វើ​មហា​បាតុកម្ម​លើក​ទី ៣ របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្មីៗ ៖ ស្ទើរ​រាល់​លើក​ឲ្យ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សកម្មភាព​អ្វីមួយ ដូចជា​ការធ្វើ​មហា​បាតុកម្ម​នេះ​ជាដើម លោក​តែងតែ​អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម តើ​ហេតុអ្វី​បានជា​លោក​ធ្វើ​ដូច្នេះ? លោក​ចង់​គាំទ្រ​បក្សប្រឆាំង​ឲ្យ​ដឹកនាំ​ប្រទេស​មែន​ទេ?

លោក ជា មុន្នី ៖ ខ្ញុំ​មិនមែន​ទើបតែ​គាំទ្រ​បក្សប្រឆាំង​ឥឡូវ​នោះទេ។ ខ្ញុំ​តាម​លោក សម រង្ស៊ី តាំងពី​លោក ចេញពី​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​មកម្ល៉េះ។ ក្នុង​ចិត្ត​ខ្ញុំ​មិនដែល​ផ្លាស់ប្តូរ​នោះទេ ខ្ញុំ​ពេញចិត្ត​លោក សម រង្ស៊ី តាំងពីដើម​រៀងមក ។

 ថ្មីៗ ៖ ចំណុច​សំខាន់​ត្រង់ណា ដែល​លោក​ពេញចិត្ត លោក សម រង្ស៊ី?

លោក ជា មុន្នី ៖ គាត់​ជាម​នុស្ស​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​ប្រជាធិបតេយ្យ​ដែរ ។ ម្យ៉ាងទៀត ខ្ញុំ​ចង់​ផ្លាស់ប្តូរ​មេដឹកនាំ ព្រោះ​ខ្ញុំ​មិន​ចង់ឃើញ​ពលរដ្ឋ​ខ្ញុំ​ក្រ ពលរដ្ឋ​ខ្ញុំ​យំសោក​វេទនា ដោយសា​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​នោះទេ។ ដូច្នេះ​ខ្ញុំ​គាំទ្រ សម រង្ស៊ី ព្រោះ​គាត់​ជា​មនុស្ស​មាន​សមត្ថភាព។

ថ្មីៗ ៖ កន្លងមក​មានមតិ​មួយចំនួន​លើកឡើងថា បើ​លោក​គាំទ្រ​ម្លឹងៗហេតុអ្វី​លោក មិន​ចូលប្រឡូក​ក្នុង​ឆាក ន​យោ​បា យ​តែ​ម្ត ង​ទៅ ? ព្រោះ​គេ​អះអាងថា ការដែល​លោក​ធ្វើ​បែប​នឹងធ្វើ​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​សហ​ជីព​លោក។

លោក ជា មុន្នី ៖ និយាយ​ឲ្យ​ចំ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង ជាពិសេស​គឺ​លិខិត​របស់​ក្រសួងមហាផ្ទៃ​ដែល​រិះគន់ សមាគម សហជីព​មួយ​ចំ​នួ​ម​គាំទ្រ​បក្សនយោបាយ។ លិខិត​នេះ​គឺ​ចង់​សំដៅ​សហជីព​ខ្ញុំ​តែម្តង ។ តែ​ខ្ញុំ​មិន​ខ្វល់​ទេ វា​ជា​សិទ្ធិ​របស់​ពួកគេ​ក្នុងការ​រិះគន់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​ម្យ៉ាងទៀត​បេះដូង​ខ្ញុំ​ស្រលាញ់​ប្រទេស​ខ្ញុំ​តែប៉ុណ្ណោះ ។ ម្យ៉ាងទៀត វា​ជា​សិទ្ធ​របស់ខ្ញុំ​ក្នុងការ​គាំទ្រ​បក្ស​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​ខ្ញុំ​ក៏​មិនបាន​បង្ខំ​ឲ្យ​កម្មករ​ធ្វើតាម​ខ្ញុំ ត្រូវតែ​គាំទ្រ​បក្សប្រឆាំង​ឯណា វា​ជា​សិទ្ធិ​របស់​កម្មករ​ទេតើ។

 ថ្មីៗ ៖ តែ​កន្លងមក​លោក​ធ្វើ​សកម្មភាព​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនាម​សហជីព មិនមែន​តែ​ក្នុង​នាមរូប​លោក ម្នាក់ នោះទេ។

លោកជា មុន្នី ៖ មិន​មានតែ​កម្ពុជា​ទេ ដែល​មេ​សហជីព​ធ្វើ​សកម្មភាព​បែបនេះ​នោះ នៅ​អាមេរិក​ក៏មានដែរ។ អាមេរិក​សហជីព គឺជា​ក្រុម​ដ៍​សំខាន់​មួយ ដែល​គណបក្សនយោបាយ ត្រូវការ ហើយ​សហជីព​មាន​សិទ្ធិ​គាំទ្រ​គណបក្ស​ណា​ដែល​ខ្លួន​ពេញចិត្ត ហើយ​អំពាវនាវ​ឲ្យ​កម្មករ​ដែលជា​សមាជិក​របស់ខ្លួន​ទាំងអស់ បោះឆ្នោត​ឲ្យ​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់។ ដូច្នេះ​សកម្មភាព​របស់ខ្ញុំ​ជា​សកម្មភាព​ត្រឹមត្រូវ។

 ថ្មីៗ ៖ យោងតាម​អ្វីដែល​លោក​និយាយ ​តើ​គេ​អាច​ហៅ​សហជីព​លោក​ថា ជា​សហជីព​គាំទ្រ​បក្សប្រឆាំង ហើយ​មិនមាន​គោលការណ៍ ឯករាជ្យ​បានទេ?

លោក ជា មុន្នី ៖ ខ្ញុំ​សូមបញ្ជាក់​ជា​សាធារណៈ​ថា «សហជីព​ខ្ញុំ​ឯករាជ្យ​ពិតប្រាកដ តែ​មិន​អ​ព្យា​ក្រឹត​នោះទេ» ។ ឯករាជ្យ​នៅត្រង់ថា ពួកយើង​ធ្វើការ​គ្មាន​នរណា​មួយ​អាចមក​បង្គាប់បញ្ជា ឲ្យ​សហជីព​សេរី​ធ្វើ​នេះ ធ្វើ​នោះ​តាមតែ​ទំនើងចិត្ត​របស់​អ្នកនយោបាយ​ណាមួយ​នោះទេ គឺ​ធ្វើតាម​គោលបំណង​និង​ឆន្ទៈ​របស់​សហជីព​ក្នុងន័យ​ដើម្បី​ផលប្រយោជន៍​កម្មករ​តែប៉ុណ្ណោះ។ ចំណែក​មិន​អ​ព្យា​ក្រឹត គឺ​សហជីព​យើង​មាន​សិទ្ធិ​គាំទ្រ​បក្សនយោបាយ​ណា​ដែល​ខ្លួន​ពេញចិត្ត ហើយ​ដែល​អាច​ស្វែងរក​ផលប្រយោជន៍​សម្រាប់​កម្ម​ករ​និយោជិត​របស់​ស​មា​ជិ​ក​សហជីព​យើង។ តួយ៉ាង​ដូចជា​គណបក្ស​ប្រឆាំង​ជាដើម​នេះ ដែល​សហជីព​យើង​ប្រកាស​គាំទ្រ។ មួយវិញទៀត ជា​ចុងក្រោយ​ខ្ញុំ​សូមបញ្ជាក់​ឡើងវិញ​ថា បេះ​ដូង​ខ្ញុំ​ត្រូវការ​អ្នកដឹកនាំ​ដែលមាន​សមត្ថភាព​ពេញ​លេញ មក​ដឹកនាំ​ប្រទេស​ខ្ញុំ៕




© រក្សាសិទ្ធិដោយ thmeythmey.com